រុស្សី៖ ទីភ្នាក់ងារសារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី០៥ ធ្នូ ២០១៦ ម្សិលមិញនេះថា បុរសអ្នករាំដ៏មានប្រជាប្រិយភាពម្នាក់ បានបាត់បង់ស្មាតី ដួលស្លាប់នៅលើឆាកភ្លាមៗកំឡុងពេលសម្តែង តែត្រូវទស្សនិកជន ដែលកំពុងទស្សនាផ្ទាល់នាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ទះដៃសាទរព្រោះស្មានថា គ្រាន់តែជាឈុតឆាកសម្តែង។

ជនរងគ្រោះត្រូវគេស្គាល់ឈ្មោះថា R. Khunsainov មានវ័យ៤៨ឆ្នាំ ត្រូវបានគេអញ្ជើញឲ្យមកសម្តែង ក្នុងកម្មវិធីប្រគំតន្រ្តីនៃទិវាបុណ្យមាតា ឬ​ «Mother’s Day» ក្នុងទីក្រុង Urus-Martan ប្រទេសរុស្សី។

វីដេអូឃ្លីបថតជាប់ដោយទូរស័ព្ទដៃស្មាតហ្វូន របស់អ្នកចូលរួមទស្សនាម្នាក់ ក្នុងចំណោមអ្នកចូលរួមទស្សនាជាច្រើននាក់ទៀត បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីទិដ្ឋភាពរបស់លោក Khunsainov បានដួលអស់មួយទំហឹងនៅលើឆាក ក្នុងកំឡុងពេលសម្តែងក្បាច់របាំប្រពៃណី Lezgainka ។

ចំណែកតារាចម្រៀងស្រីនាង Akhmatova នៅតែបន្តការច្រៀងបណ្តើរ និងរាំបណ្តើរនៅក្បែរលោក Khusainov រួចថែមទាំងនិយាយបែបលេងសើចទៀតថា «អូ! គាត់ដួលហើយតើ!» នោះដោយសារតែនាង ស្មានថាជាការសម្តែង បែបលេងសើចរបស់លោក Khusainov។ រីឯអ្នកទស្សនាវិញ គេអាចលឺសូរសម្លេងសើច ហ៊ោកញ្ជ្រៀវ និងទះដៃអបអរសាទរ ចំពោះការសម្តែងរបស់ពួកគេទាំងពីរផងដែរ ដោយមិននឹកស្មានថា វាជាការពិតឡើយ។

បន្ទាប់ពីដឹងថា អ្វីៗហាក់បីដូចជាមិនប្រក្រតី ភ្លាមៗនោះសមាជិកនៃតួសម្តែងជាច្រើននាក់ទៀត បាននាំគ្នារត់ចូលមកពិនិត្យមើលលោក Khusainov ។ ក្រោយមកជំនួយការវេជ្ជបណ្ឌិត បានមកដល់កន្លែងកើតហេតុ ប៉ុន្តែជាអកុសលលោក Khusainov ដែលជាគ្រូបង្រៀនក្មេងៗផ្នែកសិល្បៈរបាំ និងជាអ្នករាំដ៏មានប្រជាប្រិយភាពរូបនេះ បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ ពួកគេនិយាយថា លោក Khusainov ធ្លាប់មានប្រវត្តិជំងឺបេះដូង ហើយការស្លាប់នេះ អាចបណ្តាលមកពីរាំហត់ ធ្វើឲ្យចង្វាក់បេះដូងលោតញាប់ខ្លាំង ខុសពីប្រក្រតី ដែលបណ្តាលឲ្យគាំងបេះដូងស្លាប់តែម្តង៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]