កំពង់ចាម៖ បន្ទាប់ពីមានរឿងរ៉ាវនៃការបាត់ខ្លួនរបស់កូនក្រមុំជិតចូលរោងការម្នាក់ ដែលរស់នៅខេត្តកំពង់ចាម ពេលនេះក៏បានទទួលដំណឹងថា នាងបានវិលត្រឡប់មកដល់ផ្ទះវិញហើយប្រកបដោយសុវត្ថិភាព។

យោងតាមការរៀបរាប់ ពីនារីម្នាក់ជាបងស្រីបង្កើតរបស់កូនក្រមុំ បានប្រាប់ឱ្យដឹងថា ប្អូនស្រីនាង ត្រូវបានគេដាក់ថ្នាំសណ្តំ និងចាប់យកទៅនៅក្នុងផ្សារធំ ខេត្តកំពង់ចាម ហើយគេបម្រុងនាំខ្លួននាង (កូនក្រមុំ) យកទៅវៀតណាម ប៉ុន្តែចៃដន្យពេលនោះប្អូនស្រីនាង បានដឹងខ្លួនវិញទាន់ ក៏បានរត់ចេញមកក្រៅ ស្របពេលដែលអ្នកបម្រុងចាប់ខ្លួនយកទៅនោះ គេបានចុះទិញសំបុត្រ ដើម្បីឆ្លងចូលទៅប្រទេសវៀតណាម។ ក្រោយមកនាងជាកូនក្រមុំ ក៏បានរត់ទៅប៉ះជាមួយនឹងអ្នករត់ម៉ូតូឌុបម្នាក់ នៅព្រំដែនទីនោះ ហើយគេក៏បានជួយយកដឹកយកនាងមកសួរនាំ និងបានប្រគល់លុយចំនួន១០ ម៉ឺនរៀលឱ្យទៀត ដើម្បីធ្វើជាសាហ៊ុយ ឡើងមកភ្នំពេញទៅជួបនឹងឪពុកមា ទើបឪពុកមាបាននាំវិលត្រឡប់មកផ្ទះវិញ។

ខាងក្រោមនេះ គឺជាវីដេអូដែលបងស្រីបង្កើតនារីជាកូនក្រមុំ បាននិយាយរៀបរាប់៖

ក្រៅពីនេះនារីដែលជាបងស្រីរបស់កូនក្រមុំខាងលើរូបនេះ ក៏បាននិយាយថ្លែងអំណរគុណផងដែរ ទៅដល់បណ្តាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់គ្នា ដែលបានជួយស៊ែរព័ត៌មាននៃការបាត់ខ្លួនរបស់ប្អូនស្រីនាង រហូតបានរកឃើញវិញយ៉ាងដូច្នេះ។

គួររំលឹកឱ្យដឹងផងដែរថា កូនក្រមុំដែលបានបាត់ខ្លួនទៅ នាងមានឈ្មោះថា ចិន្តា ជាគូដណ្តឹងដែលបានភ្ជាប់ពាក្យត្រឹមត្រូវ តាមប្រពៃណីជាមួយបុរសជាគូស្នេហ៍ខ្លួន កាលពីពេលកន្លងទៅ ហើយនាងនឹងត្រូវចូលរោងការនៅថ្ងៃទី២១ខែធ្នូខាងមុខ ប៉ុន្តែបើតាមព័ត៌មានលេចឮ កន្លងមកមានអ្នកខ្លះថា ការបាត់ខ្លួននេះគឺដោយសារតែមូលហេតុមិនពេញចិត្តរៀបការជាមួយកូនកម្លោះ ដោយនាងបានរត់ទៅស្នាក់នៅជាមួយមិត្តស្រីម្នាក់ និងធ្លាប់បានទូរស័ព្ទមកប្រាប់គ្រួសារម្តងរួចមកហើយដែរថា នាងមានសុវត្ថិភាពទេ។ ចំណែកឯរឿងដែលបងស្រីរបស់កូនក្រមុំ និយាយនៅក្នុងវីដេអូនេះ ហាក់ដូចជាផ្ទុយស្រឡះទាំងស្រុង។ ទោះជាយ៉ាងនេះក្តី បច្ចុប្បន្នយើងក៏មិនទាន់បានទទួលការបកស្រាយបំភ្លឺ យ៉ាងណាទៅវិញនោះទេ ពីសំណាក់កូនក្រមុំផ្ទាល់ទាក់ទងទៅនឹងការបាត់ខ្លួនរបស់នាង កាលពីថ្ងៃទី៣០វិច្ឆិកា៕ 

កូនក្រមុំដែលបានបាត់ខ្លួនទៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]