ភ្នំពេញ៖ តារាសម្តែងស្រី សាចសខ្ចី ដូចបណ្តូលចេក មាស សម្ផស្ស បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ក្រោយរូបនាង ទម្លាយរឿងគូដណ្តឹង ថាបានលួចក្បត់ចិត្តនាង។

រយៈពេល៤ឆ្នាំ ដែលតារាស្រីរូបនេះ បានរួមរស់ជាមួយគូដណ្តឹង តែរូបនាងមិនដែលហ៊ានទម្លាយរឿងឈឺចាប់ ទាក់ទងនឹងជីវិតគ្រួសាររបស់នាងនោះទេ ព្រោះខ្លាចប៉ះពាល់កិត្តិយសមុខមាត់ក្នុងសង្គមសិល្បៈ។ ប៉ុន្តែកាលពីម្សិលមិញ ប្រហែលជានាងអត់ទ្រាំមិនបាន ឈឺចាប់ហួសថ្លែង នូវទង្វើផិតក្បត់របស់គូដណ្តឹងពេក បានធ្វើឲ្យនាងសម្រចចិត្ត បរិយាយនូវរឿងរ៉ាវជាច្រើន ដែលគូដណ្តឹងបានធ្វើដាក់នាង ដោយមិនបានផ្តល់ក្តីស្រលាញ់នោះទេ គឺមានតែផ្តល់ឲ្យនាង នូវភាពផិតក្បត់ ធ្វើបាបផ្លូវចិត្តនាងម្តងហើយម្តងទៀត។

ក្នុងសារដ៏វែងអន្លាយ ដែលតារាស្រី មាស សម្ផស្ស បានសរសេរក្នុងហ្វេសប៊ុក មានអត្ថន័យថា "ថ្វីត្បិតតែយើងមិនទាន់រៀបអាពាហ៍ពិពាហ៍ក៏ពិតមែន តែតាមផ្លូវច្បាប់ យើងជាប្តីប្រពន្ធនឹងគ្នា ហើយអូនដឹងថា ពួកយើងមិនមានថវិកាគ្រប់គ្រាន់ សម្រាប់ រៀបការមែន ប៉ុន្តែអូនស្រលាញ់បង ដោយស្មោះ អូនបានលះបង់សព្វគ្រប់យ៉ាងអស់ហើយ ក៏មិនដែលចង់បានអ្វីពីបងដែរ រយៈពេល៤ឆ្នាំខាងមុខនេះ យើងទាំងពីរនាក់ ខំប្រឹងប្រែង មិនថាជួបឧបសគ្គច្រើនយ៉ាងណាទេ ពួកយើង មិនរាថយឡើយ អូន ស្រលាញ់បងដោយស្មោះមែន មិនដែលមានចិត្តគិតពីអ្នកណាក្រៅពីបងទេ អ្វីដែលអូនចង់បានគឺភាពស្មោះត្រង់កុំក្បត់គ្នា វាគ្រប់គ្រាន់ហើយសម្រាប់អូន។ តែអ្វីដែលបងតបស្នងមកឲ្យអូនវិញ មានតែមានការក្បត់ មានតែការឈឺចាប់ ហេតុអ្វី ក៏បងមកបោកប្រាស់សេចក្តីស្នេហា អូនដូច្នេះ? ឲ្យអូនសុំទោសដែលអូនលាតត្រដាងការពិត មកពីអូនទ្រាំមិនបាន ឈឺចាប់ហួសការស្មាន តែពេលនេះ បងលែងត្រូវការអូនហើយ តែអូនសូមជូនពរបង"

ក្រោយពីតារាស្រី មាស សម្ផស្ស បានបង្ហាញពីភាពឈឺចាប់ ដែលត្រូវគូដណ្តឹង ក្បត់ចិត្តរួចមក បានធ្វើឲ្យ អ្នកគាំទ្រជាច្រើននាក់ សម្តែងការអាណិតអាសូរដល់នាង ដែលស្រលាញ់ និងភ្ជាប់ពាក្យជាមួយគ្នាទៅតាមផ្លូវច្បាប់ប៉ុណ្ណឹងហើយ គូដណ្តឹង នៅតែហ៊ានបោកប្រាស់បេះដូងរបស់នាងទៀត៕ ចុះចំណែកប្រិយមិត្តវិញ យល់យ៉ាងណាដែរ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាសម្តែងស្រី មាស សម្ផស្ស បានលេចឮថា តារាស្រីរូបនេះ កំពុងតែបរាជ័យលើមុខជំនួញ ផ្ទាល់ខ្លួនខាងក្រៅ ស្របពេលដែលហាងរបស់នាង នៅម្តុំផ្សារទួលទំពូង កំពុងតែ ប្រឈមនឹងការបិទទ្វារ ផ្អាកដំណើរ ការលក់យ៉ាង តក់ក្រហល់។

ផ្អែកតាមប្រភពច្បាស់ការ ពីមជ្ឈដ្ឋានអ្នករស់នៅក្បែរនោះ បាននិយាយថា ភោជនីយដ្ឋាន មួយកន្លែង របស់តារាសម្តែង មាស សម្ផស្ស មានឈ្មោះថា RED STAR ដែលមានទីតាំង នៅក្បែរផ្សារទួលទំពូង បច្ចុប្បន្នត្រូវបានបិទទ្វារផ្អាកដំណើរការលក់ ប្រមាណជាង ៣ ខែមកហើយ ពោលគឺចាប់តាំង ពីមុនរដូវបុណ្យភ្ជុំបិណ្ឌមកម្ល៉េះ។

ប្រភពដដែលបានបន្តទៀតថា មាស សម្ផស្ស ក្រៅពីទទួលបានភាពកក់ក្តៅ ល្អូកល្អឺនជាមួយសង្សារថ្មី ជាកូនអ្នកមានទ្រព្យស្តុក នៅទឹកដី អាមេរិកមកនោះ ទាំងសាច់ទាំងឈាម និងសម្រស់ក៏កាន់តែរីក ស្រស់ពីមួយថ្ងៃទៅមួយថ្ងៃ ។ មិនតែប៉ុណ្ណោះ បុរសសង្សាររូបនេះ ក៏បាន ចំណាយលុយ មិនតិចជាងម៉ឺន ដុល្លារ នោះទេ ដើម្បីបើកហាងរកស៊ី ខាងក្រៅឲ្យតារាសម្តែងនាង មាស សម្ផស្ស ចាំអង្គុយធ្វើជា ថៅកែ ខ្លួនឯង ។ ប៉ុន្តែផ្ទុយទៅវិញ ដំណើរការបើកហាងថ្មីនេះ មិនទាន់បានយូរប៉ុន្មានផង ក៏ធ្លាយដំណឹងថា នាងត្រូវបានបរាជ័យ លើមុខជំនួញមួយនេះទាំងអាម៉ាស់ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]