ហ្វីលីពីន៖ ដោយសារតែភាពក្រីក្រ បានក្លាយទៅជាបញ្ហាចោទមួយ និងប៉ះពាល់យ៉ាងខ្លាំង ដល់ការសិក្សារបស់កុមារ។ ជាក់ស្តែងក្មេងប្រុសពីរនាក់បងប្អូន ជនជាតិហ្វីលីពីននេះវិញ កំពុងតែធ្វើឲ្យចាក់ដោតដល់ក្រអៅបេះដូងមហាជនជាច្រើន។

ក្មេងប្រុសខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Marlon Mendoza អាយុ១១ឆ្នាំ និងម្នាក់ទៀតមានឈ្មោះថា Melvin អាយុទើបតែ ៩ឆ្នាំប៉ុណ្ណោះ។ ពួកគេទាំងពីរនាក់ គឺបងប្អូនបង្កើតនឹងគ្នា ហើយសព្វថ្ងៃពួកគេជាសិស្សនៅសាលារៀនមួយកន្លែង ក្នុងតំបន់ San Antonio នៃទីក្រុង Quezon។

ជារៀងរាល់ពេលក្រោយចេញពីសាលា កុមារទាំងពីរនាក់បងប្អូន​ តែងទៅរកម្តាយរបស់គេដើម្បីយកប្រអប់បាយថ្ងៃត្រង់មកញ៉ាំ រួចដើរលក់កម្រងផ្កាតូចៗ (ផ្កាចំប៉ា) រហូតដល់ពេលយប់ ដោយក្នុងមួយកម្រងផ្កាមានតម្លៃប្រមាណ១ដុល្លារ។

នាង Rochelle វ័យ៣៧ឆ្នាំ ជាម្តាយក្មេងប្រុសទាំងពីរនាក់នេះ ជាធម្មតាតែងតែមកអង្គុយរង់ចាំកូនរបស់ខ្លួននៅលើចិញ្ចើមផ្លូវ North Avenue ក្នុងទីក្រុង Quezon និងសុខចិត្តឲ្យកូនៗរបស់ខ្លួន ដើរលក់ផ្កាទាំងស្លៀកពាក់ឯកសណ្ឋានសិស្ស ដោយមិនខ្វល់ខ្វាយអ្វីទាំងអស់។

រាល់ពេលដែលគ្មានភ្ញៀវទិញផ្កា បងប្អូនទាំងពីរនាក់នេះ តែងតែឆ្លៀតពេលទំនេររបស់ខ្លួនរៀន និងធ្វើលំហាត់តាមដងផ្លូវ មើលទៅហាក់បីដូចជាសង្វេគណាស់។

ទោះយ៉ាងណា ក្រោយពីជីវិតក្មេងទាំងពីរត្រូវបានផ្សព្វផ្សាយរួចមក ធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមមួយចំនួន ជូនពរចំពោះពួកគេឲ្យជោគជ័យ និងឲ្យខិតខំប្រឹងតស៊ូ ក្នុងឆាកជីវិតបន្តទៀត។

នេះជាគំរូដ៏ល្អមួយ ដែលបង្ហាញឲ្យពិភពលោកដឹងថា មានការតែការសិក្សាអប់រំតែប៉ុណ្ណោះ ដែលមានតម្លៃជាងអ្វីៗទាំងអស់៕

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត មហាជនរំជួលចិត្ត ក្រោយពីបានឃើញរូបភាព លោកគ្រូសុខចិត្តទទូរឆ័ត្រ បង្រៀនសិស្ស។

បើយោងតាមទីភ្នាក់ងារសារព័ត៌មាន China Youth Daily បានរាយការណ៍ឲ្យដឹងថា ថ្នាក់រៀនមួយនេះ ត្រូវបានគេស្គាល់ថាជាបន្ទប់រៀនលេខ១២៦ ថ្នាក់ទី៨ នៃសាលា No. 1 Middle School ប្រចាំទីក្រុង Shouzhou ភាគខាងជើងខេត្ត Shanxi ប្រទេសចិន។

បើតាមលោក Zheng Liang ដែលជាគ្រូបង្រៀននៅក្នុងរូបភាពនោះ បានឲ្យដឹងថា រូបលោកបង្រៀនបែបនេះ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ពោលគឺបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង មកលើទីក្រុង Shouzhou តាំងពីអំឡុងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦មកម៉្លេះ។

បន្ទាប់ពីភ្លៀងរាំង ទឹកបានហូរជ្រាបតាមដំបូលសាលា ចូលដល់ក្នុងថ្នាក់រៀន ជាហេតុធ្វើឲ្យសិស្ស ត្រូវមកផ្តុំគ្នាអង្គុយរៀន ឆ្ងាយពីកន្លែងជ្រាបទឹកហូរស្រក់។ លោកគ្រូ Zheng Liang ឲ្យដឹងទៀតថា លោកបានដាក់ធុងទឹកមួយ សម្រាប់ត្រងទឹកដែលហូរស្រក់មក និងបង្រៀនសិស្សបណ្តើរ ដៃកាន់ឆ័ត្របណ្តើរ ការពារដើម្បីកុំឲ្យទឹកស្រក់ត្រូវផងដែរ។

កូនសិស្សម្នាក់សុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់មកកាន់អ្នកយកព័ត៌មានថា «ភ្លៀងធ្លាក់ជោគជាំ ទាំងក្នុងថ្នាក់ និងក្រៅថ្នាក់» ។

សិស្សជាច្រើនផ្សេងទៀត បានឲ្យដឹងដែរថា ឲ្យតែពេលណាមានភ្លៀងម្តងៗ ដឹងតែអាសន្នហើយ ទាំងគ្រូទាំងសិស្ស ព្យាយាមរកគ្រប់វិធីសាស្រ្ត ដើម្បីទប់ស្កាត់ការជន់លេចនៅក្នុងបន្ទប់រៀន។

ចំណែកនាយកសាលាវិញ លោក Wang Sen មានប្រសាសន៍ថា ស្ថានភាពនៅបន្ទប់រៀនលេខ ១២៦ នេះ គឺពិតជាយ៉ាប់យ៉ឺនណាស់។ លោកប្រាប់ថា «បើនិយាយទៅស្ទើរតែគ្រប់ថ្នាក់រៀនទាំងអស់ទៅហើយ ដែលជួបបញ្ហាបែបនេះ រួមទាំងបន្ទប់ការិយាល័យគ្រូ ដែលស្ថិតនៅជាន់ទី៥នេះផងដែរ ព្រោះថាដំបូលគឺសុទ្ធសឹងតែងធ្លុះធ្លាយទាំងអស់» ។

ទោះបីជាយ៉ាងណាក្តី បន្ទាប់ពីរូបភាពខាងលើ ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមមក បានធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្ត និងនាំគ្នារិះគន់យ៉ាងខ្លាំងៗផងដែរ ដោយមានអ្នកខ្លះវាយប្រហារទៅលើរដ្ឋាភិបាលក្នុងតំបន់ផងដែរ ដែលមិនបានបើកភ្នែកមើលយកចិត្តទុកដាក់ លើបញ្ហាមួយនេះ ដើម្បីជួយកែលម្អសាលាក្នុងតំបន់របស់ខ្លួន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]