ហុងកុង៖ កាលពីថ្ងៃទី២ ខែវិច្ឆិកា ២០១៦កន្លងទៅនេះ ក្រុមអ្នកគាំទ្រ និងទស្សនិកជនរាប់លាននាក់ ដែលទស្សនាកម្មវិធីប្រគល់ពាន់រង្វាន់តារា Kpop ធំប្រចាំឆ្នាំ MAMA ២០១៦ មានការខឹងសម្បារ និងខកបំណងយ៉ាងខ្លាំង ទាក់ទងនឹងការអាក់ខានសម្តែង Show ពិសេស រួមគ្នារវាងម្ចាស់បទ«See You Again» ក្នុងរឿង Fast and Furious 7 គឺលោក Wiz Khalifa ជាមួយនឹងកញ្ញា Taeyeon សមាជិកក្រុមចម្រៀងកូរ៉េ SNSD។ 

ដោយទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ឆ្ងល់ថា ហេតុអ្វីបានជាពួកគេលុបចោលការសម្តែងជាមួយគ្នា ទាំងដែលពួកគេទាំង២ បានហាត់សមជាមួយគ្នារួចរាល់ទៅហើយនោះ?

ទាក់ទងនឹងរឿងនេះផងដែរ លោក Wiz Khalifa បានបង្ហោះសារខ្លះ នៅលើគណនី Twitter របស់លោក ដោយចង់ឲ្យអ្នកគាំទ្រដឹងការពិតថា Taeyeonជាអ្នក «ដកខ្លួនចេញ» ពីការសម្តែងនេះមុន។

លោកបានសរសេរថា៖

«ការពិតដែលTaeyeon ដកខ្លួនចេញ ពីការសម្តែងរបស់ពួកយើង ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលណាស់ ប៉ុន្តែមិនត្រូវចាត់ទុកការបដិសេធជាការបរាជ័យទេ»

« However you spell it» ហើយលោកWiz ក៏បានលើកឡើងថា យប់មុនសម្តែងលើឆាក Taeyeon នាងបានចូលមន្ទីរពេទ្យ ដូចនេះនាងបានសុំសម្តែងផ្សេងៗគ្នា ហើយលោកក៏បានលុបចោលការសម្តែងតែម្តងទៅ។

បន្ថែមពីនេះលោក DJ BONICS ដែលត្រូវជាDJ និងជាអ្នករៀបចំសាច់ភ្លេងចម្រៀង សម្រាប់ការសម្តែង MAMA ឲ្យលោក Wiz Khalifa ក៏បានលើកឡើងនៅលើគណនីTwitter របស់លោកផងដែរថា លោក និងលោក Wizមិនបានខឹងសម្បារអ្វីនឹង Taeyeon ទេ ប៉ុន្តែគ្រាន់តែអន់ចិត្ត ពីព្រោះថានាង និងក្រុមការងារទាំងអស់ បានហាត់សមរួចរាល់អស់ហើយ តែបែរជាមិនបានមកសម្តែងជូនអ្នកគាំទ្រទៅវិញ ដូចនេះហើយលោកមិនយល់ថាហេតុអ្វីបានជា នាងដកខ្លួនចេញពីការសម្តែងនោះទេ ហើយអ្នកគាំទ្រជាច្រើនក៏កំពុងរងចាំស្តាប់ ការបកស្រាយពន្យល់របស់នាងផងដែរ។

វីដេអូនៃការហាត់សមបទ«See You Again» លោក Wiz Khalifa ជាមួយនឹង កញ្ញា Taeyeon

យ៉ាងណាមិញ ទាក់ទងនឹងមន្ទិលសង្ស័យផ្សេងៗ និងចោទថា Taeyeon ក្រឡុកកម្មវិធី អ្វីនោះ កាលពីព្រឹកមិញនេះ Taeyeon បានសរសេរសារមួយយ៉ាងវែង បង្ហោះនៅលើ Instagram Story បកស្រាយពីការភ័ន្តច្រឡំទាំងអស់ របស់ទស្សនិកជន រួមទាំង លោក Wiz និង DJ BONICS ផងដែរ ដោយក្នុងនោះនាងបានសរសេរថា៖

«ខ្ញុំដឹងថាមានមនុស្សជាច្រើន ពិតជាចង់ដឹងការពិត ពីក្រោយការសម្តែងកាលពីម្រិលមិញនេះ ដូចនេះ ខ្ញុំនឹងពន្យល់ដំណើរដើមទងទាំងអស់ ប្រាប់អ្នកទាំងអស់គ្នា។ ខ្ញុំបានត្រៀមខ្លួនជាស្រេច សម្រាប់ការហាត់សម ហើយពេលនោះ ខ្ញុំក៏បាននិយាយសួស្តី ទៅកាន់លោក Wiz Khalifa ដែរ ហើយក្នុងនោះផងដែរ ខ្ញុំបានហាត់សមយ៉ាងដុតដៃដុតជើង ជាមួយក្រុមការងារ ក៏ស្រាប់តែខណៈនោះ ខ្ញុំបានលឺដំណឹងថា ចម្រៀងមានបញ្ហាបច្ចេកទេស ដោយសារបែបនេះហើយ ទើបខ្ញុំមិនអាចសូម្បីតែសាកសំលេងជាមួយនឹងគាត់(Wiz) ជាថ្មី រឹតតែមិនអាច ឡើងសម្តែងនៅលើឆាកបានទៀត។

ចំពោះការសម្តែងផ្សាយបន្តផ្ទាល់ ជាធម្មតាគេត្រូវការកែ MR Version នៃបទចម្រៀង ប៉ុន្តែពួកគេបែរជាត្រៀមនូវ AR ទៅវិញ ដែលនេះធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើលបន្តិច នៅពេលដែលលឺថា ត្រូវយកវាមកសម្តែងផ្សាយបន្តផ្ទាល់។ ប៉ុន្តែខ្ញុំពិតជាចង់សម្តែង នៅលើឆាកជាមួយគាត់ណាស់ ពីព្រោះវាជារឿងសំខាន់ និងពិសេសមួយដែលយើង មានឱកាសបានសហការសម្តែងជាមួយ… និយាយតាមត្រង់ចុះ នេះជាឱកាសដែលកម្រនឹងរកបានណាស់ ^^ដូចនេះ ខ្ញុំខិតខំព្យាយាមច្រៀងឲ្យលឺៗ លឺជាងសំលេងAR និងបញ្ចេញឲ្យអស់ពីសមត្ថភាព កិកិកិ។ ហើយខាងអ្នកផលិតពួកគេទាំងអស់គ្នាក៏ចង់ឲ្យការសំដែងទៅដោយរលូន និងល្អឥតខ្ចោះដែរ ដូចនេះហើយទើបជ្រើសរើសយកសំលេង AR។ ប៉ុន្តែមិនថាយ៉ាងណា ២ទៅ៣ម៉ោង មុនពេលឡើងសម្តែង ខ្ញុំបានលឺដំណឹងថា វគ្គដែលខ្ញុំត្រូវច្រៀង ត្រូវបានគេលុបចោលវិញ ទើបខ្ញុំគិតថា មកពីសម្តែងនៅបរទេសវាបែបនេះហើយ គឺតែងតែមានបញ្ហាបច្ចេកទេសផ្សេងៗ ទាំងមិនបានព្រៀងទុកមុនបែបនេះឯង ហើយមុនពេលហាត់សមក៏ខ្ញុំបានលឺថា ប្រព័ន្ធបច្ចេកទេសសំលេងក៏មានបញ្ហាទៀត ដូចនេះហើយខ្ញុំក៏បានសម្រេចចិត្ត ត្រឡប់ទៅសណ្ឋារគារវិញ បន្ទាប់ពីរង់ចាំដោយគ្មានសូម្បីតែការហាត់សមនោះ។

ខ្ញុំគិតថានៅមានបញ្ហាជាច្រើនទៀត ហើយខ្ញុំក៏ពិបាកចិត្តក្កុកក្កួល និងខកបំណងដែរ ដែលមិនបានសម្តែងរួមគ្នានៅលើឆាកបែបនេះ។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា នឹងឈប់យល់ច្រឡំមកលើរូបខ្ញុំ ចំពោះបញ្ហាអស់ទាំងនេះ ខ្ញុំដឹងថា អ្នករាល់គ្នា ពិតជារំភើបខ្លាំងចំពោះការលឺដំណឹងសម្តែងរួមគ្នានេះ ប៉ុន្តែខ្ញុំពិតជាសោកស្តាយ។ ខ្ញុំសន្យាថា ខ្ញុំនឹងត្រឡប់មកវិញជាុមួយនឹងការសម្តែងដ៏អស្ចារ្យនៅពេលក្រោយ ហើយខ្ញុំពិតជាអគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែន ដែលរងចាំគាំទ្រខ្ញុំតាំងពីដើមរហូត ដល់ចប់កម្មវិធីកាលពីម្សិលមិញនេះ»៕    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]