ខេត្តកណ្ដាល ៖ បុរស​២​នាក់​ខណៈ​ជិះ​ម៉ូតូ​បញ្ច្រាស​ចេញពី​ក្រោម​ស្ពាន​ស្រាប់តែ​ប៉ះ​គ្នា​ជាមួយ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បណ្ដាល​ឲ្យ​ម៉ូតូ​ដួល​ខ្ទាត​បុរស​ជិះ​ខាងក្រោយ​ចូល​ក្រោម​កង់​​រថយន្ត​កិន​ខ្ទេច​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​១០​នាទី​រសៀល ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៦ ចំណុច​គល់​ស្ពាន​ព្រែក​សំរោង​ខាងលិច ផ្លូវ​លេខ​១១៥ ស្ថិត​ក្នុងភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

នគរបាល​ចរាចរណ៍​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ឈ្មោះ ប៊ិ​ន ចាន់​សម្បត្តិ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ចំណែក​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ហេង ម៉េ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កោះ​កែវ ឃុំ​កោះ​កែវ ស្រុក​ល្វាឯម ខេត្តកណ្តាល រង​របួសស្រាល ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា មុន​ពេល​កើតហេតុ ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DD-4318 ជិះ​គ្នា​២​នាក់​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច ចេញ​បញ្ច្រាស​ពីក្រោម​ស្ពាន​ផ្លូវ​ខាងត្បូង បត់​ស្តាំ​ឡើង​ស្ពាន​បំណង​ឆ្លង​ទៅ​ទិស​ខាងកើត ពេល​នោះ​បាន​ប៉ះ​គ្នា​ជាមួយ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​១​គ្រឿង ម៉ាក​ហ៊ី​ណូ ពណ៌​លឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ 5A-1218 បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បណ្តាល​ឲ្យ​ម៉ូតូ​ដួល ហើយ​អ្នក​អង្គុយ​ខាងក្រោយ​ខ្ទាត​ចូល​ក្រោម​រថយន្ត​កិន​ចំ​ក្បាល​បែកធ្លាយ​ចេញ​ខួរ​ស្លាប់​ភ្លាម​ៗ ចំណែក​អ្នក​បើក​ម៉ូតូ​រង​របួសស្រាល រីឯ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ឯ​អ្នកបើកបរ​ម៉ូតូ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ព្រោះ​បើកបរ​បត់​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ និង​មិន​គោរព​ស្លាក​សញ្ញា​ចរាចរណ៍​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ស្លាប់​មនុស្ស ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត   យុវជនម្នាក់ជិះម៉ូតូ​ទាក់ដៃ​ចង្កូតគ្នា ខ្ទាតចូល​ក្រោមកង់​រថយន្តដឹកដី បណ្ដាលឲ្យ​កិនបែកក្បាល​ធ្លាយខួរស្លាប់ភ្លាមៗ​នៅនឹងកន្លែង​។ គួររំលឹកផងដែរថា ហេតុការណ៍គ្រោះចរាចរណ៍មួយបានកើតឡើង ម៉ូតូមួយគ្រឿងទាក់ដៃចង្កូត ជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យយុវជនម្នាក់ដួលខ្ទាតចូលក្រោម កង់រថយន្តដឹកដី កិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែង ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០៨៖៣២នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅលើផ្លូវជាតិលេខ៣ មុខក្លោងទ្វាវត្តជន្លង់ម្លូក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ថូ​ ស៊ាវឡុង អាយុ២០ឆ្នាំ ស្រុកកំណើតនៅភូមិព្រែកពោធិក្រោម ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកវ៉េវ RSX ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GA.7362 បើកបរក្នុងទិសដៅពីជើងទៅត្បូង ចំណែកឯតៃកុងបើកបររថយន្តឈ្មោះ មាស បុរី អាយុ ២៣ឆ្នាំមុខរបរបើកឡាន រស់នៅភូមិពាមសង្កាត់ព្រៃស ខណ្ឌដង្កោ បើករថយន្តមួយគ្រឿងម៉ាកនីសាន់ពណ៌សពាក់ស្លាកលេខPP.0735 បើកបរស្រប់ទិសគ្នា។

ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុគេឃើញម៉ូតូ២គ្រឿង បើកបរស្រប់ទិសគ្នា ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែទាក់ដៃចង្កូតគ្នា បណ្តាលឱ្យម៉ូតូជនរងគ្រោះខាងលើ ដួលចូលក្រោមកង់រថយន្ត ដឹកដីខាងលើកិនបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង ភ្លាមៗនោះម៉ូតូបង្កបានរត់គេចខ្លួនបាត់ស្រមោល រីឯរថយន្តបង្កនិងតៃកុងត្រូវបានសមត្ថកិច្ចឃាត់ជាប់ ដើម្បីរងចាំជំនាញចរាចរណ៍ជើងគោក រាជធានីភ្នំពេញ មកធ្វើការវាស់វេងដោះស្រាយតាមផ្លូវច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]