អាមេរិក៖ ក្មេងស្រីតូចអាយុ៦ឆ្នាំម្នាក់ ដែលមានបញ្ហាឆ្អឹងកងខ្នង បានទទួលការវះកាត់ ចំនួន ២០ដងមកហើយ ព្រោះនាងចង់សម្រេចក្តីស្រមៃរបស់នាង ក្លាយជានារីរាំអបអរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន មីរ័រ កាលពីថ្ងៃទទី២ ខែធ្នូ ឆ្នាំ២០១៦។

ក្មេងស្រីតូចនេះមានឈ្មោះថា Fionah Scimeca រស់នៅក្នុងរដ្ឋ Tennessee សហរដ្ឋអាមេរិក។ នាងបានចំណាយពេលស្ទើរមួយជីវិតរបស់នាង នៅក្នុងមន្ទីរពេទ្យ ចាប់តាំងពីពេលដែលគ្រូពេទ្យបានរកឃើញថា នាងមានបញ្ហាឆ្អឹងកងខ្នង ចំនួន២ ឬច្រើនជាងនេះ  តាំងពីពេលនាងមានអាយុ៥ខែម្ល៉េះ។

ការវះកាត់ចំនួន២០ដង បានបន្សល់ស្លាកស្នាម នៅលើខ្នងរបស់នាងយ៉ាងធ្ងន់ធ្ងរ ខណៈម្តាយរបស់នាងបាននិយាយថា នាងទទួលរងការឈឺចាប់ពីជំងឺ Klippel-Feil ជាជំងឺមួយប្រភេទដែលប៉ះពាល់ដល់ការលូតលាស់របស់ឆ្អឹងកងខ្នង។ ជំងឺនេះ តម្រូវឲ្យនាង ត្រូវអង្គុយលើកៅអីរុញ ដោយសារតែសម្ពាធក្នុងឆ្អឹងកងខ្នង បានដាក់ទៅលើរាងកាយរបស់នាង ហើយសួតរបស់នាងមិនអាចបំពេញមុខងារ អស់ពីសមត្ថភាព ដែលធ្វើឲ្យនាងពិបាកដកដង្ហើម។  

ដោយសារក្តីស្រមៃ និងការប្តេជ្ញាចិត្ត របស់ក្មេងស្រីតូចនេះ ចង់ក្លាយជានារីរាំអបអរ នាងក៏បានចូលរួមក្នុងថ្នាក់រាំរបាំអបអរមួយ ហើយថែមទាំងបានចូលរួមនៅក្នុងការប្រកួត ជាមួយក្រុមជាច្រើនទៀត។ អ្នកស្រី Scimeca អាយុ៣០ឆ្នាំ ត្រូវជាម្តាយ បានឲ្យដឹងថា ជីវិតរស់នៅប្រចាំថ្ងៃ របស់ Fionah ពិតជាគួរឱ្យរន្ធត់ ដោយនាងត្រូវទទួលការវះកាត់រហូតក្នុងរយៈ៦ឆ្នាំ នៃជីវិតរបស់នាង។

អ្នកស្រីបន្តថា ការដែលសម្លឹងមើលស្នាមរបួសនីមួយៗជាសះស្បើយ ពីការវះកាត់ទាំង២០ដង ពិតជាពិបាកយ៉ាងខ្លាំង ប៉ុន្តែវាបានផ្តល់ស្នាមញញឹមនៅលើមុខរបស់នាង នៅពេលដែលឃើញកូនស្រី រាំរបាំអបអរ។ ក្មេងស្រីតូច Fionah ពេលនេះ នាងអាចលោតចុះឡើង និងហាត់ ការរាំរបស់នាង នៅផ្ទះបានគ្រប់ពេលវេលា។

ក្មេងស្រី Fionah បានចាប់ផ្តើមទទួលការវះកាត់ នៅលើខ្នងរបស់នាង នៅរយៈពេល៣ខែ បន្ទាប់ពីនាងត្រូវបានគ្រូពេទ្យរកឃើញថា មានបញ្ហាជំងឺឆ្អឹងកងខ្នង។ ហើយក្មេងស្រីតូចដ៏ក្លាហាននេះ នឹងត្រូវទទួលការវះកាត់ជាបន្តទៀត រៀងរាល់៤ខែម្តង ដើម្បីសម្រួលដល់ដែក ដែលចាប់នៅលើខ្នងរបស់នាង ក្នុងការសម្រួលឆ្អឹងកងខ្នង។

បើទោះជាក្មេងស្រី Fionah ស្ថិតនៅក្នុងការឈឺចាប់បែបនេះក៏ដោយ ប៉ុន្តែនាង មិនបោះបង់ក្តីស្រមៃរបស់នាងនោះទេ ហើយបានចាប់ផ្តើមសម្រេចគោលបំណង ដោយចូលរួមជាមួយក្រុមរាំអបអរ និងបានចួលរួមប្រកួត ហើយឈ្នះពានរង្វាន់ ទូទាំងរដ្ឋ Tennessee ថែមទៀតផង៕ 

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]