កណ្តាល៖ ធ្លាប់តែលឺមានការតវ៉ាពីសំណាក់ បុគ្គលិក និយោជិក កម្មករ កម្មការីនី មិនពេញចិត្ត នឹងថៅកែក្រុមហ៊ុន ប៉ុន្តែថ្មីៗនេះមានការផ្ទុះតវ៉ាមួយពីសំណាក់សិស្សានុសិស្សនៃវិទ្យាល័យ សមេ្តចហ៊ុនសែន ត្រើយស្លា មិនពេញចិត្តចំពោះភាពមិនប្រក្រតីមួយចំនួនរបស់សាលា។

គួរបញ្ជាក់ផងដែរថាបើតាមប្រភពពីទំព័រ សេនាធិការ នគរបាលស្រុកស្អាង ខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៦ ម៉ោងប្រហែលជា ០៧និង៣០នាទីនេះ មានសិស្សានុសិស្សប្រមាណជា ១៥០នាក់ បានធ្វើការតវ៉ាជាមួយសាលាពីបញ្ហាមួយចំនួនដូចជា៖

១- សុំមិនបង់ប្រាក់អោយទៅសាលា ក្នុងមួយខែ ៥០០រៀល សំរាប់ម៉ោងកីឡា ។

២- សុំអោយអនុវត្តបទបញ្ជាផ្ទៃក្នុងចំពោះសិស្សដែលធ្វើខុស តែកុំយកលុយ ។

៣- សុំការចែកសៀវភៅពុម្ពអោយសិស្សខ្ចី តែកុំយកលុយម្នាក់ ២៥០០រៀល ។

៤- ពេលដាក់ពាក្យចូលរៀន កុំអោយយកលុយ ម្នាក់ ២៥០០រៀល ព្រោះខាងសាលាយករាល់ឆ្នាំ ។

៥- សុំអោយសិស្សដែលប្រលងឆមាសធ្លាក់ ត្រូវតែ អោយធ្លាក់ កុំយកលុយអោយជាប់វិញ ព្រោះកន្លងមកមានរឿងនេះកើតឡើង ។ 

ក្រោយពីមានការតវ៉ានេះកើតឡើងក៏ មានការជួយអន្តរាគមន៍ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ហើយការតវ៉ានេះក៏ត្រូវបានបញ្ចប់ ដោយមានការយល់ព្រមពីសាលាទៅនឹងសំណើរ ដែលបានលើកឡើងពីសិស្សានុសិស្ស នេះបើតាមការលើកឡើងពីទំព័ររបស់ សេនាធិការ នគរបាលស្រុកស្អាង។

ចំពោះការតវ៉ានេះដែរ ក៏មានមតិមួយចំនួនបានលើកឡើងដែរថា ដោយសារប្រាក់ខែគ្រូ មិនគ្រប់ ដូចជាថ្លៃសាំង ថ្លៃម្ហូប ថ្លៃថ្នាំ ថ្លៃជួលផ្ទះជាដើម និងមតិមួយចំនួនក៏មិនគាំទ្រលើការផ្ទុះតវ៉ានេះដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]