ខ្យល់ ក៏ធ្លាក់មកកាន់តែត្រជាក់ សីតុណ្ហភាព ក៏ចាប់ផ្តើមធ្លាក់ចុះ ទន្ទឹមនឹងនោះដែរ ហានិភ័យប្រឈមនឹងការកើតជំងឺផ្សេងៗ ក៏ខ្ពស់ណាស់ដែរ។ មិនត្រឹមតែគ្រុនផ្តាសាយ ប៉ុណ្ណោះទេ អាកាសធាតុត្រជាក់នេះ ក៏អាចនាំបញ្ហាជំងឺផ្សេងទៀត រួមមានដូចជា ៖

# អាឡែស៊ី តាមរដូវកាល

អ្នកដែលធ្លាប់មានប្រវត្តិអាឡែស៊ី ប្រាកដជាងាយនឹងរងគ្រោះដោយសារមេរោគជាមិនខាន ពីព្រោះពួកគេមានប្រព័ន្ធភាពស៊ាំខ្សោយស្រាប់។ មនុស្សភាគច្រើន មិនទាំងដឹងថាពួកគេមានបញ្ហាអាឡែស៊ីឡើយ ពីព្រោះមិនមែនមានន័យថា អាកាសធាតុក្តៅ គ្មានមេរោគអាឡែស៊ីនោះទេ។ ផ្សិត និងធូលីផ្សេងៗពីខែក្តៅ នឹងធ្វើឲ្យអ្នកងាយនឹងឈឺ ដោយសារមេរោគអាឡែស៊ី ក្នុងខែត្រជាក់។

# ជំងឺរលាកទងសួត និងរលាកសួត

គេតែងជឿថា អាកាសធាតុត្រជាក់អាច បង្កឲ្យសម្ពាធឈាមឡើងខ្ពស់បានគ្រប់ពេល ប៉ុន្តែបើយោងតាមគ្រូពេទ្យជំនាញវិញ បានលើកឡើងថា បញ្ហាទាក់ទងនឹងផ្លូវដង្ហើមមានច្រើនជាង អ្នកឡើងសម្ពាធឈាមឆ្ងាយណាស់។ ការមិនព្យាបាល បញ្ហាផ្លូវដង្ហើមបានទាន់ពេល អាចបង្កជាជំងឺរ៉ាំរ៉ៃ រហូតធ្ងន់ធ្ងរដូចជា ហឺត និងស្ទះសួតរ៉ាំរ៉ៃទៀតផង។

# គ្រុនផ្តាសាយ

អាកាសធាតុត្រជាក់បែបនេះ មិនអាចឲ្យអ្នកចៀសផុតពីគ្រុនផ្តាសាយបានឡើយ ជាពិសេសចាប់ពីខែធ្នូ ដល់ខែមីនា នេះបើយោងតាម Centers for Disease Control and Prevention ។ ហេតុនេះ អ្នកត្រូវចេះថែរក្សាសុខភាព និងទៅពិគ្រោះជាគ្រូពេទ្យ ឲ្យបានឆាប់បំផុត ប្រសិនបើអ្នកដឹងថា អ្នកកើតគ្រុនផ្តាសាយ ពីព្រោះវាអាចបង្កជាជំងឺធ្ងន់ធ្ងរបាន។ 

# កត្តាហានិភ័យផ្សេងទៀតមានដូចជា

• ស្បែកស្ងួត

• ស្បែកបែកស្រកា

• ក្តៅខ្លួន

• ខ្សោះជាតិទឹក (មិនសូវហ៊ានផឹកទឹកច្រើន)។ 

ខណៈនេះដែរ មនុស្សម្នាក់ៗ ប្រាកដជាខិតខំអនុវត្តន៍ វិធីសាស្រ្តដទៃផ្សេងគ្នាជាច្រើន ក្នុងគោលបំណងដើម្បីធ្វើយ៉ាងណា ឲ្យចៀសផុតពីជំងឺទាំងឡាយឲ្យបាន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មានមនុស្សភាគច្រើន បែរជាអនុវត្តទម្លាប់ទាំងនោះខុស រហូតបង្កជាបញ្ហាដល់សុខភាពវិញក៏មាន។ ហេតុនេះ សូមមកតាមដាន និងបញ្ឈប់ទម្លាប់មួយចំនួនដូចខាងក្រោមនេះចេញ ដើម្បីការពារខ្លួនអ្នក ក្នុងលក្ខខណ្ឌអាកាសធាតុត្រជាក់បែបនេះ ៖

១. បន្តក់ថ្នាំច្រមុះ មុនពេលចេញក្រៅ 

បរិស្ថានត្រជាក់ ធ្វើឲ្យរន្ធច្រមុះរបស់អ្នកប្រែជា កាន់តែតូច។ ប្រសិនបើអ្នកបន្តក់ថ្នាំច្រមុះ ដើម្បីជាជំនួយបន្ថែម នោះភ្នាសកោសិកាច្រមុះ មិនអាចការពារមីក្រូសារពាង្គកាយដែលជ្រៀតចូលតាមច្រមុះ និងការពារខ្យល់ត្រជាក់ដែលអ្នកដកដង្ហើមចូលបានឡើយ។ ហេតុនេះ អ្នកគ្រាន់តែផ្លុំខ្យល់ដង្ហើមតាមច្រមុះចេញមក (ហ៊ីសច្រមុះឲ្យស្អាត) មុនពេលចេញទៅក្រៅ គឺបានហើយ។

២. ដកដង្ហើមតាមមាត់

នៅពេលដែលអ្នកដកដង្ហើមតាមមាត់ អ្នកមិនអាចធ្វើឲ្យខ្យល់ត្រជាក់ប្រែជាក្តៅបានដូចជាច្រមុះនោះទេ។ ជាងនេះទៅទៀត វានឹងបង្កជាខ្យល់ស្ងួត ចូលទៅក្នុងរាងកាយ ដែលជាហេតុបណ្តាលឲ្យមាន បញ្ហាថប់ដើមទ្រូង លើមនុស្សភាគច្រើន។ ហេតុនេះគួរតែ ដកដង្ហើមដោយប្រើច្រមុះតាមធម្មតាយឺតៗ និងវែងៗទើបជាការប្រសើរ។

៣. ស្លៀកពាក់ខោអាវ និងស្បែកជើងតឹងពេក 

ការស្លៀកសម្លៀកបំពាក់ដែលចង្អៀត និងពាក់ស្បែកជើងណាដែលតឹងពេក នឹងធានាថា ធ្វើឲ្យអ្នករងារខ្លាំង ជាងមុនៗទៅទៀត។ ហេតុនេះ អ្នកគួរតែជ្រើសរើសសម្លៀកបំពាក់ណា ដែលមិនតឹងពេក មិនរលុងពេក ទើបជាការល្អ ពីព្រោះខ្យល់ ដែលនៅចន្លោះស្បែក និងសម្លៀកបំពាក់របស់អ្នក នឹងជួយរក្សាភាពកក់ក្តៅ ដល់រាងកាយរបស់អ្នក។

៤. ទទួលទានទឹក ឬតែក្តៅ មុនចេញក្រៅ 

តែក្តៅ អាចជួយដល់ចលនាឈាមរត់ និងធ្វើឲ្យដំណើរការពាររាងកាយរបស់អ្នក មានលក្ខណៈប្រសើរឡើង ប៉ុន្តែវាក៏អាចធ្វើឲ្យសរសៃឈាម ប្រែជារីក ដោយសារកម្តៅបានដែរ។ នេះមានន័យថា ប្រសិនបើអ្នកចេញទៅក្រៅ ដោយសារទទួលទានទឹកក្តៅ នោះរាងកាយអ្នកនឹងថយកម្តៅ ឬចុះត្រជាក់យ៉ាងលឿនជាមិនខាន។ ហេតុនេះ អ្នកគួរទទួលទានទឹកមានសីតុណ្ហភាពធម្មតា ឬឧណ្ណៗក៏បាន ដែលល្អជាងទទួលទានទឹកក្តៅ។

៥. ពោះទទេរ ទាំងអាកាសធាតុត្រជាក់ 

ដើម្បីអាចផលិតកម្តៅ ក្នុងរាងកាយបាន អ្នកត្រូវការថាមពលគ្រប់គ្រាន់ បើមិនដូច្នោះទេ អ្នកប្រាកដជាកាន់តែមានអារម្មណ៍ថាកាន់តែរងារខ្លាំងទៅៗ ជាក់ជាមិនខាន។ ហេតុនេះ ប្រសិនបើអ្នក មានអារម្មណ៍ថាឃ្លាន សូមប្រញាប់រកអ្វីមកទទួលទាន។ យ៉ាងហោចណាស់ ក៏គួរមានអាហារសម្រន់ណាមួយ ទ្រាប់ពោះ ដើម្បីរក្សាថាមពលផងដែរ។

៦. លាបឡេ ឬគ្រីម រួចចេញទៅក្រៅភ្លាមៗ 

ប្រសិនបើអ្នកលាបឡេ ឬគ្រីម លើផ្ទៃមុខ និងស្បែក ក្នុងរយៈពេល ៣០ ទៅ ៤០ នាទីដំបូង វានឹងមានសភាពហួត (ជ្រាបចូលស្បែក)។ ហេតុនេះ ក្នុងលក្ខខណ្ឌអាកាសធាតុត្រជាក់ វានឹងកាន់តែធ្វើឲ្យស្បែកកាន់តែស្ងួត និងបណ្តាលឲ្យស្បែកខូចតែម្តង។ វិធីដែលល្អបំផុតគឺ មុនចេញទៅខាងក្រៅ អ្នកគួរលាបឡេ ឬក្រែមម្សៅឲ្យបាន ៣០ នាទីជាមុនសិន។

៧. ទទួលទានគ្រឿងស្រវឹង  

អ្នកអាចមានអារម្មណ៍ថា មានកម្តៅក្នុងខ្លួន ប្រមាណជា ៣០ ទៅ ៤០ នាទី បន្ទាប់ពីទទួលទានគ្រឿងស្រវឹងណាមួយរួច។ ក្រោយមក រាងកាយអ្នកនឹងចុះត្រជាក់ យ៉ាងឆាប់រហ័ស ហើយខួរក្បាលរបស់អ្នកនឹងមិនអាច តបប្រតិកម្ម ដែលបញ្ជូលសញ្ញាថាត្រជាក់ បានទាន់ពេលទេ។ ហេតុនេះ នៅពេលអាកាសធាតុត្រជាក់ គួរពិសារគ្រឿស្រវឹងក្នុងផ្ទះ ឬកន្លែងណាដែលមានភាពកក់ក្តៅ ទើបជាការប្រសើរ។

# វិធីសាស្រ្តល្អៗផ្សេងទៀត ៖

• ស្លៀកពាក់ឲ្យបានត្រឹមត្រូវ

• ពាក់មួក ឬរុំកន្សែង តាមដែលអាចធ្វើទៅបាន

• ស្លៀកសម្លៀកបំពាក់ ដែលអាចឲ្យខ្យល់ចេញចូលបាន

• ទទួលទានទឹកឲ្យគ្រប់គ្រាន់

• បរិភោគឲ្យទៀងពេល

• ជៀសវាងការសេពគ្រឿងស្រវឹង កាហ្វេអ៊ីន និងជាតិនីកូទីន៕ 

ប្រភព៖ Bright Side | LJWorld | UIL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]