អេហ្ស៊ីប៖ គ្រូបង្វិកសត្វតោម្នាក់ ត្រូវបានតោមួយក្បាល ហក់មកខាំ និងចាប់ហែករហូតដល់ស្លាប់ ខណៈពេលលកំពុងសម្តែងក្នុងសួនសត្វមួយ នៅប្រទេសអេហ្ស៊ីប។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦។

គ្រូបង្វិកសត្វតោខាងលើនោះ មានឈ្មោះថា Islam Shaheen អាយុ៣៥ឆ្នាំ គាត់ត្រូវបានសត្វមួយក្បាល ក្នុងចំណោមតោ ជាច្រើនក្បាលទៀត ក្នុងទ្រុងដែលគាត់កំពុងសម្តែង ហក់មកចាប់ខាំ រហូតដល់ស្លាប់ នៅចំពោះមុខក្មេងៗជាច្រើននាក់ ដែលកំពុងអង្គុយទស្សនា នៅក្នុងសួនសត្វ Alexandria ភាគខាងជើងប្រទេសអេហ្ស៊ីប។

តាមរយៈវីដេអូដែលថតបានដោយទស្សនិកជន ដែលកំពុងអង្គុយមើលការសម្តែងនោះ បានបង្ហាញថា សត្វតោ ដែលមានទម្ងន់ ២០០គីឡូក្រាមនោះ បានលោតចុះពីលើឆាកសម្តែងរបស់វា ហើយហក់ទៅក្រសោប លោក Shaheen ពីក្រោយ ឲ្យដួលទៅនឹងឥដ្ឋ ហើយក៏ខាំ.ក របស់គាត់។ 

ភ្លាមៗនោះ គ្រូបង្វឹកផ្សេងទៀត ក៏បាននាំគ្នាចូលមកជួយបំបែកតោនោះចេញ ដោយប្រើដំបងវាយបំភ័យ ហើយក្រោយមក លោក Shaheen ត្រូវគេបញ្ជូនទៅសង្គ្រោះ ដោយមានរបួសជាច្រើនកន្លែងនៅលើរាងកាយ។ ជាអកុសល ប៉ុន្មានថ្ងៃក្រោយមកគាត់ក៏បានស្លាប់ ដោយសាររបួសធ្ងន់ពេកនៅក្នុងមន្ទីរពេទ្យ Andalusian Salam។

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកផ្សាំងតោរូបនេះ រស់នៅក្នុងទីក្រុង Alexandria ប្រទេសអេហ្ស៊ីប ហើយគាត់បានធ្វើការនេះជាង១០ឆ្នាំមកហើយ ។ គាត់ត្រូវបានគេនិយាយថា សត្វតោដែលចាប់ខាំហែកគាត់នោះ គឺយកមកពីប្រទេសអាហ្វ្រិកខាងត្បូង ហើយទើបតែដាក់ចូលទៅក្នុងការសម្តែងកាលពីពេលថ្មីៗនេះដែរទេ។

លោក Seif Ali ដែលជាមិត្តជិតស្និតរបស់ លោក Shaheen បាននិយាយថា នៅពេលកើតហេតុ សត្វតោនោះគឺវាឃ្លាន ខណៈប្រភពផ្សេងទៀតបានអះអាងថា សត្វតោនោះវា ភ្ញាក់ផ្អើលដោយសារ មានការតន្ត្រីចាក់យ៉ាងខ្លាំង អំឡុងពេលសំដែងនោះ។

តែទោះជាយ៉ាងណា លោក Mohammed Mustafa អ្នកនាំពាក្យសួនសត្វនោះ បានបដិសេធនូវការអះអាងខាងលើ ដោយលោកបាននិយាយថា សកម្មភាពរបស់សត្វតោមួយក្បាលនោះ គឺដោយសារតែរដូវនេះ ជារដូវបន្តពូជរបស់វា។ ហើយសត្វតោមួយក្បាលនេះ បច្ចុប្បន្នត្រូវបាន ដកចេញពីការសម្តែងហើយ និងកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់ពេទ្យសត្វ៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]