ចិន៖ ប្រិយមិត្តជាច្រើន ច្បាស់ជាធ្លាប់បានជ្រាបមកហើយ ពីសោកនាដកម្ម នៃការលិចនាវា ដ៏ធំសម្បើមមួយឬហៅថាទីតានិច «Titanic» ទៅក្រោមបាតសមុទ្រ បន្ទាប់ពីបានបុកផ្ទាំងទឹកកក នៅមហាសមុទ្រអាត្លង់ទិច កាលពីថ្ងៃទី១៥ មេសា ឆ្នាំ១៩១២ ដែលបណ្តាលឲ្យមនុស្ស ប្រមាណជាង ១,៥០០នាក់ បានស្លាប់បាត់បង់ជីវិត។

ប៉ុន្តែអ្វីដែលធ្វើឲ្យពិភពលោក កំពុងតែទទួលបានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងជាថ្មីម្តងទៀតនោះ គឺកប៉ាល់យក្សដ៏ធំសម្បើមថ្មីមួយទៀត នឹងលេចរូបរាងក្នុងពេលឆាប់ៗខាងមុខនេះ និងមានរចនាបថមិនខុសគ្នាប៉ុន្មាន ពីទីតានិចចាស់ដែលបានលិចនោះឡើយ ដោយចិនកំពុងតែចាប់ផ្តើមធ្វើការសាងសង់ នូវកប៉ាល់យក្សនេះជាថ្មីម្តងទៀត ជាមួយការចំណាយប្រាក់អស់រាប់រយលានដុល្លារឯណោះ។ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី១ ធ្នូ ២០១៦។

ប្រភពព័ត៌មានបានឲ្យដឹងថា កាលថ្ងៃទី៣០ វិច្ឆិកា ២០១៦ កន្លងទៅនេះ ចិនបានបើកសម្ពោធជាផ្លូវការការដ្ឋានសាងសង់កប៉ាល់យក្សថ្មី  ស្ថិតនៅភាគខាងត្បូង ខេត្ត Sichuan។ វាមានទំហំប៉ុនគ្នាទៅហ្នឹងកប៉ាល់ទីតានិចចាស់ និងចំណាយទឹកប្រាក់ក្នុងការសាងសង់ អស់ប្រមាណជាង ១៤៦លានដុល្លាអាមេរិក។

លោក Su Shajun នាយកប្រតិបត្តិនៃក្រុមហ៊ុន Steven Star Investment Group របស់គម្រោងសាងសង់នេះ មានប្រសាសន៍ថា វាមិនមែនជារឿងមួយ ដែលចម្លែកនោះទេ ដែលការចម្លងរូបរាងដើមរបស់ទីតានិចចាស់ ត្រូវបានយកមកសាងសង់ នៅក្នុងប្រទេសចិន។

លោក និយាយថា «វាមិនមែនមានន័យថា ទាល់តែម្ចាស់ប្រទេស ទើបអាចធ្វើរឿងនេះបាននោះទេ។ ជាក់ស្តែងដូចជាសហរដ្ឋអាមេរិកអ៊ីចឹង គឺពួកគេអាចបង្កើតខ្សែភាពយន្តគំនូរជីវចល «Kung Fu Panda» ដែលចម្លងពីប្រទេសចិនបាន ដូច្នេះការចម្លងម៉ូត សាងសង់នូវកប៉ាល់ថ្មីមួយនេះ ស្រដៀងទៅនឹងទីតានិចនោះ វាក៏ជារឿងធម្មតាផងដែរ។ ជាពិសេស សម្រាប់ក្នុងប្រទេសចិន ទីតានិច គឺតំណាងឲ្យអ្វីៗទាំងអស់ ដែលមានតម្លៃជាសកល»​

លោក Shaojun បានបន្ថែមទៀតថា សម្រាប់គម្រោងនៃការសាងសង់នេះដែរ គឺនឹងអាចត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរ ក្នុងអំឡុងចុងឆ្នាំ២០១៧ ពោលគឺវាមានរយៈពេលអាចត្រឹម ១ឆ្នាំ ក្នុងការសាងសង់តែប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា យក្សយក្សថ្មីនេះ នឹងមានប្រវែងបណ្តោយខ្លួន ២៦៩ម៉ែត្រ ជាមួយនឹងប្រវែងទទឹង ២៨ម៉ែត្រ។ ហើយគម្រោងសាងសង់នេះ  ក៏មានការចូលរួមឌីហ្សាញ ពីសំណាក់ម្ចាស់ផលិតកម្មហូលីវូដ និងម្ចាស់ផលិតករល្បីលោក Curtis Schnell ក្នុងការចម្លងម៉ូត ឲ្យមើលទៅមានលក្ខណៈស្រដៀងទៅនឹង កប៉ាល់យក្សទីតានិចផងដែរ ៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]