(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការព្យាករណ៍អាកាសធាតុ របស់ប្រទេសកម្ពុជា ដោយក្រសួងបានអះអាងថា រដូវរំហើយ ដែលជារដូវរងានោះ នឹងចូលមកដល់នៅក្នុងសប្តាហ៍ទី២ នៃខែធ្នូ ខាងមុខនេះ ដូច្នេះបងប្អូនប្រជាពលរដ្ឋ ពិសេសបងៗកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារព្រំដែន សូមប្រុងប្រៀបត្រៀមអាវរងាទុក ឲ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះ ក្រសួងធនធានទឹកបានបញ្ជាក់ថា នៅថ្ងៃទី៣-៥ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ ខ្យល់មូសុងឦសាន ចាប់ផ្តើមបង្កើនឥទ្ធពល គ្រប់ដណ្តប់លើប្រទេសកម្ពុជា ធ្វើឲ្យរាជធានី-ខេត្តចំនួន១២ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ចាប់ពីថ្ងៃទី០៣ ដល់ ០៥ ខែធ្នូ ឆ្នាំ២០១៦។

ខេត្តដែលអាចនឹងមានភ្លៀងធ្លាក់រួមមាន៖ រាជធានីភ្នំពេញ កំពង់ឆ្នាំង កណ្តាល កំពង់ស្ពឺ តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ និងខេត្តនៅតំបន់មាត់សមុទ្រ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា បាតុភូតធម្មជាតិ២ នឹងបង្កឲ្យភ្លៀងធ្លាក់ខ្លាំង នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១២-១៦ ខែតុលា។ ក្រសួងធនធានទឹក និងឧតុនិយម ក៏ធ្លាប់បានចេញសេចក្តីជូនដំណឹងមួយប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី១២-១៦ ខែតុលាកន្លងទៅ កម្ពុជា នឹងរងបាតុភូធម្មជាតិ២ ដែលអាចធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់រាយប៉ាយកាន់តែច្រើន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា «បាតុភូតធម្មជាតិ នោះ គឺ មានព្យុះទី១៩ ឈ្មោះ AERA ដែលនឹងមានសម្ពាធទាប ហើយមានឥទ្ធិពលខ្លាំង លើសមុទ្រចិនខាងត្បូង និងកម្ពុជា។ មួយទៀតនោះ គឺ ប្រព័ន្ធសម្ពាធទាប បានរំកិលចុះមកភាគខាងត្បូងប្រទេសកម្ពុជា និងកំពុងមានឥទ្ធិពល លើប្រទេសកម្ពុជា និងតំបន់ដីសណ្តទន្លេមេគង្គ»។

អាស្រ័យហេតុនេះ ក្រសួងធនធានទឹក និង ឧតុនិយម ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ឲ្យមានការប្រយ័ត្នខ្ពស់ ក្នុងសប្តាហ៍នេះ ជាពិសេស ប្រជាពលរដ្ឋរស់នៅ តំបន់ទំនាបកណ្តាល និងតំបន់ខ្ពង់រាប អាចប្រឈមនឹងជំនន់ទឹកភ្លៀងជាងពេលកន្លងមក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]