តាំងតែពីនៅតូចៗ អ្នកប្រាកដជាត្រូវបាន ឪពុកម្តាយ បង្ខំឲ្យទទួលទានទឹកដោះគោ និងបន្លែជាច្រើនប្រភេទ នេះក៏ព្រោះតែពួកគាត់ជឿជាក់ថា អាហារទាំងនោះមានជាតិកាល់ស្យូម និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ សម្រាប់ជួយដល់សុខភាពឆ្អឹង ឲ្យកាន់តែមានភាពរឹងមាំ។

ហេតុនេះ ការជ្រើសរើសអាហារសម្រាប់ទទួលទាន មានសារៈសំខាន់ណាស់។ ប្រសិនបើអ្នកមិនមានការយកចិត្តទុកដាក់បានដិតដល់ទេនោះ អាហារមួយចំនួន ដែលអ្នកទទួលទានជារៀងរាល់ថ្ងៃ នឹងធ្វើឲ្យសុខភាពឆ្អឹងរបស់អ្នកចុះខ្សោយ ប្រែជាពុកផុយ និងមិនអាចលូតលាស់បានទៀតផង។

ខាងក្រោមនេះ ជាប្រភេទអាហារដែលនឹងធ្វើឲ្យសុខភាពឆ្អឹង របស់អ្នកនឹងចុះខ្សោយ ៖ 

១. ភេសជ្ជៈសូដា

ការទទួលទានភេសជ្ជៈ ដែលមានជាតិសូដា មានជាតិពពុះ ឬហ្គាស នឹងធ្វើឲ្យប៉ះពាល់ដល់ឆ្អឹង របស់អ្នកសឹងតែនឹកស្មានមិនដល់។ ភេសជ្ជៈទាំងនោះ ផ្ទុកទៅដោយ អាស៊ីតផូស្វ័ររិច ដែលបណ្តាលឲ្យមានការកើនឡើងជាតិអាស៊ីត នៅក្នុងឈាម។ ជាលទ្ធផល រាងកាយរបស់យើងនឹងទាញជាតិកាល់ស្យូម ចេញពីឆ្អឹង ដើម្បីធ្វើឲ្យកម្រិតជាតិអាស៊ីត ត្រប់ទៅជាធម្មតាវិញ។

លើសពីនេះទៅទៀត វាក៏អាចទាញកាល់ស្យូមចេញពីជាលិកា ពីសរីរាង្គ និងពីឈាមបានទៀតផង រួចកាល់ស្យូមទាំងនោះនឹងត្រូវបញ្ចេញ មកតាមរយៈទឹកនោមអស់។ ទោះបីជាពពួកភេសជ្ជៈទាំងនេះ អាចបំបាត់ភាពស្រេកទឹកបានឆាប់រហ័សពិតមែន តែវាក៏សម្បូរជាតិស្ករ និងជាតិកាឡូរីច្រើនលើសលុប ដែលមិនល្អសម្រាប់សុខភាព ទាល់តែសោះឡើយ។ ហេតុនេះ អ្នកគួរតែទទួលទានទឹកដោះគោ ទឹកផ្លែឈើស្រស់ យ៉ាអួ ឬទឹកធម្មតា ជំនួសវិញទើបជាការប្រសើរ។ 

២. កាហ្វេ

សារជាតិកាហ្វេអ៊ីន ក៏អាចបំផ្លាញសុខភាពឆ្អឹង របស់មនុស្សបានដែរ ដោយសារតែវាមានអាស៊ីតផូស្វ័ររិច ដូចមាននៅក្នុងភេសជ្ជៈសូដា ដែលអាចធ្វើឲ្យបាត់បង់កាល់ស្យូម ពីឆ្អឹងបានយ៉ាងឆាប់រហ័ស។ នេះគឺជាការរកឃើញពិតៗពីអ្នកវិទ្យាសាស្រ្ត ថ្វីបើមានការសិក្សាជាច្រើន ធ្លាប់បានបញ្ជាក់ថា កាហ្វេមានអត្ថប្រយោជន៍ដទៃទៀត ដល់សុខភាពក៏ដោយ។ សារធាតុគីមី ដែលមាននៅក្នុងសារធាតុកាហ្វេអ៊ីន អាចផ្លាស់ទីក្នុងចរន្តឈាម រួចទៅបំផ្លាញ កាលស្យូមនៅនឹងឆ្អឹងបាន។

រាល់កាហ្វេ ១០០ មីលីក្រាម (ប្រមាណជាស្មើនឹងកាហ្វេ ១ ពែង) នឹងធ្វើឲ្យអ្នកបាត់បង់ជាតិកាល់ស្យូម ៦ មីលីក្រាម។ ស្តាប់ទៅមិនមែនជាចំនួនច្រើន ប៉ុន្តែវានឹងប្រែជាច្រើនលើសលុប នៅពេលដែលអ្នកទទួលទានកាហ្វេច្រើន ទៅតាមហ្នឹងដែរ។ ហេតុនេះ អ្នកត្រូវតែកំណត់បរិមាណកាហ្វេ ដែលត្រូវទទួលទាន ឲ្យបានត្រឹមត្រូវ។ អ្នកអាចជំនួស ទឹកផ្លែឈើស្រស់ ទឹកដោះគោ ទឹកធម្មតា ឬតែដែលគ្មានជាតិកាហ្វេអ៊ីន វិញទើបជាជម្រើសល្អប្រសើរ។ 

៣. ជាតិអាល់កុល

ជាតិអាល់កុល ដែលមាននៅក្នុងគ្រឿងស្រវឹង ក៏អាចបណ្តាលឲ្យមានបញ្ហា បាត់បង់ជាតិកាល់ស្យូម នៅនឹងឆ្អឹងបានដែរ។ គ្រឿងស្រវឹង អាចរក្សាកម្តៅក្នុងរាងកាយ (សម្រាប់អ្នកដែលរស់នៅប្រទេសត្រជាក់ខ្លាំង) និងផ្តល់នូវអត្ថប្រយោជន៍សុខភាពល្អទៀតផង ប្រសិនបើអ្នកទទួលទានមានកម្រិត។ ជាក់ស្តែង គ្រប់ឆ្អឹងទាំងអស់ របស់មនុស្ស មានកោសិកាឆ្អឹងម្យ៉ាងឈ្មោះ Osteoblasts ។

Osteoblasts តែងតែធ្វើការរៀបចំ បង្កការលូតលាស់ដល់ឆ្អឹងជារៀងរាល់ថ្ងៃ។ តែផ្ទុយទៅវិញ ជាតិអាល់កុលច្រើនលើសលុប បានមកពីគ្រឿងស្រវឹងនឹង បង្អាក់ដល់ដំណើរការ Osteoblasts ក្នុងការទាញយករ៉ែពីអាហារ ដែលអ្នកបានទទួលទាន។ នៅពេលនោះជាតិកាល់ស្យូម នឹងត្រូវបានរារាំង ហើយឆ្អឹងរបស់អ្នកក៏ខ្សោយ លូតលាស់យឺត និងមិនងាយជា ពីគ្រោះថ្នាក់ដូចជាបាក់ឆ្អឹងជាដើមឡើយ។ ហេតុនេះ អ្នកគួរទទួលទានគ្រឿងស្រវឹងមួយថ្ងៃ មិនគួរលើសពីមួយកែវឡើយ៕

៤. ជាតិខ្លាញ់អ៊ីដ្រូសែន

វីតាមីន K ជួយឲ្យ ឆ្អឹងក្លាយជារឹងមាំបាន ប៉ុន្តែសារធាតុអ៊ីដ្រូសែន ដែលមានក្នុងខ្លាញ់មួយចំនួន នឹងបំផ្លាញវីតាមីន K ទាំងនោះចេញពីឆ្អឹងរបស់អ្នក។ ជាតិខ្លាញ់អ៊ីដ្រូសែន តែងត្រូវបានប្រើប្រាស់ នៅក្នុងការដុតនំ និងអាហារកែច្នៃ (អាហារកក ឬអាហារកំប៉ុង)។

គេប្រើខ្លាញ់អ៊ីដ្រូសែន ក្នុងគោលបំណងដើម្បីរក្សាទុកឲ្យបានយូរ ជាពិសេស ពពួកប្រភេទនំម្សៅ និងអាហារកក នោះឯង។ ទន្ទឹមនឹងនោះដែរ ក៏គ្មានមនុស្សច្រើនណាស់ណាទេ ដែលដឹងថាវា អាចបំផ្លាញជាតិវីតាមីន K ដែលមានតួនាទីជួយដល់ការលូតលាស់ និងស្តាររបួសឆ្អឹងឡើងវិញបាននោះ។ 

៥. វីតាមីន A

សព្វថ្ងៃនេះ មានអាហារច្រើនប្រភេទណាស់ដែលសម្បូឬទៅដោយ វីតាមីន A ដែលអាចជួយដល់ភ្នែក និងប្រព័ន្ធភាពស៊ាំបានយ៉ាងមានប្រសិទ្ធភាព។ ជាក់ស្តែង វីតាមីន A មានយ៉ាងក្រាស់ក្រែលក្នុងស៊ុត និងផលិតផលទឹកដោះគោជាដើម។ វានឹងបង្កជាគ្រោះថ្នាក់ ដល់សុខភាពឆ្អឹង ប្រសិនបើអ្នកទទួលទានច្រើនពេក ប្រមាណជា ៥០០០ IUs (ខ្នាតរង្វាស់វីតាមីន) ក្នុងមួយថ្ងៃ។ បរិមាណវីតាមីន A ច្រើនលើសលុប នឹងធ្វើឲ្យមានភាពចុះខ្សោយ នូវរចនាសម្ព័ន្ធកោសិកាឆ្អឹង ជាពិសេស ស្រ្តីដែលឈានចូលវ័យអស់រដូវ។

ការសិក្សាជាច្រើនបានបង្ហាញថា ស្រ្តីដែលទទួលទានវីតាមីនលើសពី ៥០០០ IUs មានអត្រាប្រឈមនឹង អាការៈបាក់ឆ្អឹងគុណនឹង ២ បើធៀបជាមួយនឹងស្រ្តី ដែលទទួលទានវីតាមីនតិចជាង ១៦០០ IUs ក្នុងមួយថ្ងៃ។ ហេតុនេះ អ្នកគួរតែទទួលទានផលិតផលទឹកដោះគោ ដែលមានជាតិខ្លាញ់ទាប និងទទួលទានស៊ុតផ្នែកពណ៌សច្រើនជាងផ្នែកក្រហម ទើបជាការប្រសើរ។ 

៦. អំបិល

ការទទួលទានជាតិប្រៃខ្លាំងពេក នឹងធ្វើឲ្យអ្នកប្រឈមមុខ ការបាត់បង់ជាតិកាល់ស្យូម ពីឆ្អឹង និងបណ្តាលឲ្យខ្យោយ រហូតពុកផុយជាក់ជាមិនខាន។ នៅរៀងរាល់ ២,៣០០ មីលីក្រាមនៃសូដ្យូមអំបិល អាចបំផ្លាញកាល់ស្យូមបាន ៤០ មីលីក្រាម។ ការសិក្សាមួយ បានប្រៀបធៀបឃើញថា ស្ត្រីដែលចូលចិត្តទទួលទាន ជាតិប្រៃក្នុងអាហារខ្លាំង បានបាត់បង់សារធាតុរ៉ែពីឆ្អឹងយ៉ាងច្រើន គួរឲ្យកត់សម្គាល់ បើធៀបទៅនឹងស្រ្តីដែល មិនសូវទទួលទានជាតិប្រៃ។

វិធី និងដំណោះស្រាយដ៏ល្អបំផុតគឺ កាត់បន្ថយអាហារដែលកែច្នៃ ពីព្រោះអំបិល ដែលផ្សំជាមួយអាហារក្នុងផ្ទះមិនដូចជា អំបិលដែលប្រើក្នុងអាហារដទៃដូចជា ស៊ុបឬម្ហូបកំប៉ុង ភីស្សា ប៊ឺហ្គឺរ ដំឡូងចៀន និងអាហារកកជាដើមឡើយ។ 

៧. អាហារមានជាតិស្ករ

មិនថាមនុស្សចាស់ ឬក៏ជាក្មេងនោះទេ ពួកគេចូលចិត្តទទួលទានអាហារ ដែលមានជាតិស្ករ ពីព្រោះតែជឿថា វាផ្តល់ថាមពលដល់ពួកគេ។ ប៉ុន្តែ ផ្ទុយទៅវិញ ការទទួលទានអាហារ ដែលមានជាតិស្ករច្រើនលើសលុបពេក នឹងរារាំងរាងកាយអ្នកមិនឲ្យស្រូបយក សារជាតិកាល់ស្យូម បានឡើយ។ ទាំងនេះ ក៏ព្រោះតែ វាអាចកាត់បន្ថយសារជាតិផូស្វ័រ ដែលជាសារធាតុរ៉ែយ៉ាងសំខាន់ ក្នុងកាដើរតួនាទីជាអ្នកស្រូបយកនូវជាតិកាល់ស្យូម។

ហេតុនេះ អ្នកមិនគួរទទួលទានអាហារ ដែលមានជាតិស្ករច្រើនទៀតនោះទេ។ ជំនួសមកវិញ អ្នកគួរទទួលទានផ្លែឈើវិញ ទើបជាការប្រសើរ។ 

ប្រភព៖ Solomon's Seal | Caring.com | Alliance

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]