ឧត្តរមានជ័យ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ៖ កូនឈើប្រណិត និងដើមឈើហូបផ្លែសរុបប្រមាណ ១១០០០ដើម នៃគម្រោង “តោះយើងនាំគ្នាដាំដើមឈើ!” លើកទី៣ បានរៀបចំឡើងដោយ សភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជា សាខាចតុមុខ។ គម្រោងនេះមានក្រុមយុវជនជាច្រើននាក់ បានចូលរួមស្ម័គ្រចិត្ត និង សហការយ៉ាងផុសផុល ដែលបានធ្វើនៅព្រៃសហគមន៍ សង្ឃរុក្ខវ័នក្នុង ខេត្តឧត្តរមានជ័យ កាលពី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ ក្រោមជំនួយគាំទ្រយ៉ាងពេញទំហឹងពី ក្រសួង បរិស្ថាន របស់ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ី ប្រាសិទ្ធ អភិបាលស្តីទីខេត្តឧត្តរមានជ័យ និង ឯកឧត្តម ទិត ប្រាកដ អភិបាលរង ខេត្តសៀមរាប។

នៅឆ្នាំ ២០១៤ ថ្មីៗនេះ ព្រៃសហគមន៍សង្ឃរុក្ខវ័ន បានទទួលពានរង្វាន់ សហគមន៍ឆ្នើម ប្រចាំប្រទេសកម្ពុជា ស្តីពី “ការចូលរួម កាត់បន្ថយបម្រែបម្រួលអាកាសធាតុ” ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងមោះមុត របស់គុណម្ចាស់ វ៉ែន ប៊ុនសាលួត ព្រះវិសុទ្ធិមេត្តា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគុណខេត្តឧត្តរមានជ័យ និងជាប្រធានសហគមន៍។ ហើយកាលពីឆ្នាំ២០១០ ព្រៃសហគមន៍ សង្ឃរុក្ខវ័នរបស់ព្រះអង្គក៏ បានក្លាយជាតំណាងតំបន់អាស៊ីប៉ាស៊ីហិ្វក ទៅទទួលពានរង្វាន់ “Equator Prize” ស្តីពី “ការថែរក្សា ធនធានធម្មជាតិ និងជីវចម្រុះ”។

លោកស្រី លឹម មូលីរស្មី ប្រធានសភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជា សាខាចតុមុខ បានមានប្រសាសន៍ថា “យុវជន កម្ពុជាយើងកាន់តែច្រើន បាននឹងកំពុងចាប់អារម្មណ៍ លើកិច្ចការងារសហគមន៍។ ជាក់ស្តែងយើងមានយុវជនមកពីទីក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ព្រមទាំងបុគ្គលិករបស់ក្រុមហ៊ុនឯកជនជាច្រើននាក់ បានចំណាយពេលវេលា និងថវិកាផ្ទាល់ ខ្លួនមកចូលរួមការដាំដើមឈើនៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ននាឱកាសនេះ ហើយបើគ្មានការចូលរួមជា ជំនួយថវិកានិងស្មារតី ពីបណ្តាក្រុមហ៊ុនឯកជន បងប្អូនប្រជាសហគមន៍ ប្អូនៗសិស្សនិស្សិតទាំងអស់ទេ កម្មវិធីនេះក៏មិនអាចប្រព្រឹត្តិទៅបាន ដោយជោគជ័យបែបនេះដែរ។” ជាចុងក្រោយ លោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រសួងបរិស្ថានដែល តែងតែយកចិត្តទុកដាក់ជួយគាំទ្រស្មារតីដាំដើមឈើនេះ តាំងពីគម្រោងលើកទី២ រហូតដល់លើកទី៣នេះ។

ឯកឧត្តម ទិត ប្រាកដ មានប្រសាសន៍ថា “គម្រោង “តោះយើងនាំគ្នាដាំដើមឈើ!” នេះពិតជាគម្រោងមួយដ៏ល្អណាស់ ដែលមនុស្សគ្រប់គ្នាគួរបពា្ឈប់ការមើលបំណាំគ្នា ហើយមករួបរួមគ្នាដូចជាថ្ងៃនេះ ដែលសភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជា សាខាចតុមុខ បានផ្តួចផ្តើមឡើង ហេតុដូចនេះហើយគ្រប់ភាគីដែលពាក់ព័ន្វ ត្រូវតែចេះសហការណ៍រួបរួមគ្នាឡើង ដើម្បីការពារ សម្បត្តិព្រៃឈើរបស់ពួកយើងទាំងអស់គ្នាអោយបានគង់វង្ស។”

ឯកឧត្តម ស៊ី ប្រាសិទ្ធ មានប្រសាសន៍ថា “ក្នុងនាមជាម្ចាស់ផ្ទះ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយណាស់នៅពេលដែលបាន ឃើញការចូលរួមដ៏ច្រើនកុះកររបស់អ្នកគ្រប់គ្នានៅក្នុងទឹកដីខេត្តឧត្តរមានជ័យនាថ្ងៃនេះ ព្រៃសហគមន៍សង្ឃរុក្ខវ័នគឺជាព្រៃឈើដ៏ ធំបំផុតចុងក្រោយបង្អស់របស់ខេត្តឧត្តរមានជ័យដែលនៅសេសសល់។ ដោយទទួលបានការការពារ ថែរក្សាដ៏តឹងរឹង និង អស់ពីកំលាំងកាយចិត្តពីសំណាក់ ព្រះអង្គ ប៊ុន សាលួត និង ព្រះសង្ឃជាច្រើនអង្គ លោកតែងតែគង់ក្នុងព្រៃដើម្បីទប់ស្កាត់ សកម្មភាពកាប់បំផ្លាញនាៗរបស់ជនទុច្ចរិត។ បរិស្ថានពិតជាចំណែកដ៏សំខាន់ណាស់ក្នុងការរស់នៅរបស់មនុស្សទាំងអស់គ្នា ដោយ មិនប្រកាន់ឋានៈ និន្នាកាសាសនា រឺ នយោបាយអ្វីឡើយ ព្រោះថាបើបរិស្ថានល្អនឹងនាំមកនូវសុខភាពល្អ និង ការរស់ នៅដ៏ល្អ សំរាប់មនុស្សគ្រប់គ្នា។ ” 

លោក អ៊ុក ណាវ៉ាន់ ដែលជាតំណាងរបស់ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថា “ ការចូលរួមថ្ងៃនេះបានបង្ហាញ អោយឃើញពីស្មារតីចូលរួមដ៏ខ្លាំងក្លា ពីសំណាក់ពាណិជ្ជករវ័យក្មេងកម្ពុជា ទៅលើកិច្ចការងារបរិស្ថាន ក្រៅពីការខិតខំប្រឹងប្រែង ប្រកបរបរចិញ្ចឹមជីវិត នៅឆ្លៀតពេលដ៏មានតំលៃចូលរួមជួយដល់សកម្មភាពសង្គម តួយ៉ាងដូចឃើញសកម្មភាពនាពេលនេះ ស្រាប់។ ព្រៃឈើគឺពិតជាមានតំលៃធំធេងណាស់សំរាប់មនុស្សជាតិជាសកល ជាក់ស្តែងនេះជាឆ្នាំដំបូងគេបង្អស់ដែល ប្រទេសកម្ពុជាទទួលបានការទិញ កាបោន (carbon) ពីសំណាក់ក្រុមហ៊ុនវើលឌីសនី (Walt Disney)។”

ជាមោទនភាពបំផុតដែលឆ្នាំនេះ មានការចូលរួមពីយុវជនប្រមាណជា ៥០០នាក់ ដែលក្នុងនោះរួមមានបុគ្គលិកក្រុមហ៊ុនឯកជន ប្រជាសហគមន៍ និងយុវជនស្ម័គ្រចិត្តជាច្រើននាក់ផងដែរ ហើយដើមឈើដែលត្រូវបានយកមកដាំនោះមាន សរុប ១១០០០ដើម ដែល៦០០០ដើមជាប្រភេទឈើប្រណិតមានតម្លៃនៅក្នុងប្រទេសកម្ពុជា មានដូចជា គ្រញូង ធ្នង់ គគីរ ឈើទាល និងព្រីង។ ហើយ ៤០០០ដើមទៀតជាឈើហូបផ្លែ ដែលនឹងត្រូវប្រគល់ជូនប្រជាសហគមន៍មូលដ្ឋាន ដើម្បីយកទៅដាំដុះជាប្រយោជន៍ទៅ ថ្ងៃអនាគតរបស់ពួកគាត់រៀងខ្លួន។ ចំណែកឯ កូនឈើហូបផ្លែ១០០០ដើមចុងក្រោយ ក៏ត្រូវបានប្រគេនថ្វាយ ព្រះតេជគុណ ប៊ុន សាលួត យកទៅដាំដុសតាមតម្រូវការរបស់ព្រះអង្គ។

គួររំលឹកថានៅឆ្នាំ ២០១៥ កន្លងទៅនេះ ដើម្បីរួមចំណែកដល់ការការពារឆ្នេរកែប សភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជា សាខាចតុមុខ បានដាំដើមកោងកាង ២០០០ដើម ព្រមទាំងដើមឈើ សម្រាប់រុក្ខវិថី និងតាមទីសាធារណៈប្រមាណ ៤០០ដើម។ យើងបានធ្វើសកម្មភាពទ្រង់ទ្រាយធំនៅតាមទីតាំងសំខាន់ៗនៃខេត្តកែប ដែលក្រៅពីការដាំដើមឈើ យើងក៏បានរួមបញ្ចូលសកម្មភាពអប់រំ និងកម្សាន្ត នៅតាមសាលារៀននាៗ ជាមួយប្អូនៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋមូលដ្ឋាននៅទីនោះផងដែរ។

អំពីសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា ៖

សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា ត្រូវបានរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់នៅឆ្នាំ ២០១០ ដោយមានសាខាក្នុងស្រុកចំនួនបីនៅក្នុងទីក្រុងភ្នំពេញ (ភ្នំពេញ ចតុមុខ និងមេគង្គ) និងមានសមាជិកជាង ២០០ នាក់សម្រាប់ព័ត៌មានបន្ថែមស្ដីអំពីសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា សូមចូលកាន់គេហទំព័ររបស់យើងនៅ www.jcicambodia.com

សម្រាប់ព័ត៌មានបន្ថែមអំពីការដាំដើមឈើ សូមទាក់ទង៖ លោកស្រី លឹម មូលីរស្មី ជាប្រធានសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា សាខាចតុមុខតាមទូរស័ព្ទដៃ: 0៧៧ ៨១១ ១១៨ ឬ ០៩៣ ៣៣៤ ០០០ ឬ អ៊ីមែល: [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]