ភ្នំពេញ៖ ឧប្បទ្ទវហេតុធ្លាក់យន្តហោះនៅកូឡុំប៊ី ដែលដឹកអ្នកដំណើរ និងក្រុមកីឡាកររបស់ប្រេស៊ីល ស្លាប់អស់៧៦នាក់ កាលពីថ្ងៃទី២៩ វិច្ឆិកា កន្លងទៅនេះ បានធ្វើឲ្យពិភពលោក និងអ្នកគាំទ្របាល់ទាត់ សម្តែងនូវទុក្ខក្រៀមក្រំយ៉ាងខ្លាំង។

ជាពិសេសនៅក្នុងបណ្តាញសង្គមរយៈពេលថ្មីៗចុងក្រោយនេះ គេសង្កេតឃើញមាន កម្រងរូបភាព និងវីដេអូជាច្រើន ត្រូវបានចែករំលឺកតៗគ្នា អមជាមួយការកាន់ទុក្ខ ចំពោះជនរងគ្រោះផងដែរ។

យ៉ាងណាមិញ ក្រុមជម្រើសជាតិកម្ពុជាយើង ដែលទើបបញ្ចប់ភារកិច្ចក្នុងពានរង្វាន់ AFF Suzuki Cup ក៏បានបញ្ចេញនូវអារម្មណ៍សោកស្តាយ និងភាពក្រៀមក្រំអំពីការបាត់បង់ដ៏ធំនេះផងដែរ ក្នុងនាមជាកីឡាករបាល់ទាត់។

ក្នុងនោះ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានបង្ហោះសាររំលែកទុក្ខ នៅក្នុងបណ្តាញសង្គមរបស់ខ្លួនថា «ក្នុងនាមជាកីឡាករបាល់ទាត់មួយរូប ខ្ញុំសូមចូលរួមសោកស្តោយ និងរំលែកនូវភាពសោកសៅក្រៀមក្រំចំពោះឧបទេវហេតុគ្រោះថ្នាក់ដែលបណ្តាលបាត់បង់សមាជិកជាង 70 នាក់របស់ក្លិប chapecofc» ។  

ខ្សែប្រយុទ្ធមួយរូបទៀតរបស់កម្ពុជា កីឡាករ កែវ សុខផេង ក៏បញ្ចេញនូវសារក្រៀមក្រំ ដើម្បីសម្តែងទុក្ខ ផងដែរថា «សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្លឹបបាល់ទាត់ Associação Chapecoense de Futebolទាំងមូល ដែលបាត់បង់ កីឡាករនៃក្លឹបរបស់ខ្លួនសឹងទាំងអស់ ដែលជួបឧប្បត្តិហេតុធ្លាក់យន្តហោះ ពេលទៅចូលរួមលេងក្នុងកម្មវិធីប្រកួត Copa Sudamerica វគ្គ Final ជាមួយនឹងក្រុម Atletico Nacional នៅទីក្រុង Medellin នៃប្រទេសកូឡុំប៊ី ដែលគ្រោងប្រារព្ធឡើងនៅថ្ងៃពុធ សប្តាហ៍នេះ»

បន្ថែមពីនេះទៀត ក្រោយពីបានឃើញរូបភាព កីឡាករ៣នាក់ អង្គុយក្នុងបន្ទប់ប្តូរសម្លៀកបំពាក់ កែវ សុខផេង បានបញ្ចេញប្រតិកម្មបន្ថែមទៀតថា « វាជារឿងដ៏ឆ្គួតឡប់ និងល្ងីល្ងឺបំផុត ដែលផែនដីបញ្ចប់វាសនារបស់ពួកគេ នៅលើយន្តហោះ! បន្ទប់ផ្លាស់សម្លៀកបំពាក់ ដែលធ្លាប់តែផ្លាស់រួមគ្នាជាមួយមិត្តរួមក្រុម ពេលនេះពួកគេសល់គ្នាតែ3នាក់ទេនៃក្លឹបរបស់ពួកគេ ! ពីមុនយើងមិនសូវជាចាប់អារម្មណ៍៍ទេ! តែពេលនេះយើងបានគិតថា រាល់ពេលដែលយើងចេញដំណើរទៅប្រកួតដើម្បីជាតិម្ដងៗ យើងក៏ដូចជាទាហ៊ានដែលអាចនិងត្រូវពាក់លីគ្រប់ពេលដូច្នេះដែរ ! ជីវិតពួកគេផ្ញើរលើយន្តហោះ តែយន្តហោះមិនធានាជីវិតជីវិតរបស់ពួកគេ  R.I.P & Respect Associação Chapecoense de Futebol »

ក្រៅពីកីឡាករ២រូបខាងលើនេះ ក៏មានកីឡាករផ្សេងៗទៀតដែរ ដែលបានសម្តែងទុក្ខក្រៀមក្រំរបស់ខ្លួនទៅលើសោកនាដកម្មដ៏រន្ធត់នេះ ជាក់ស្តែងដូចជា កីឡាករ ឈិន ឈឿន និង ច្រឹង ពលរដ្ឋ បានប្តូររូបថតរបស់ខ្លួន ទៅជារូបថតកាន់ទុក្ខ ដែលភ្ជាប់ជាមួយស្លាកសញ្ញារបស់ក្រុម Chapecoense ដើម្បីសម្តែងនូវការគោរពដល់វិញ្ញានក្ខ័ន្តជនរងគ្រោះផងដែរ៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់អំពី បណ្តុំវីដេអូ និងរូបថតចុងក្រោយ របស់ក្រុមកីឡាករដែលស្លាប់ មុនពេលជួបឧប្បទ្ទវហេតុធ្លាក់យន្តហោះ មើលហើយស្ទើរស្រក់ទឹកភ្នែក ផងដែរថា ក្លិបបាល់ទាត់ Chapecoense របស់ប្រទេសប្រេស៊ីល បានបាត់បង់សមាជិកកីឡាកររបស់ខ្លួនសឹងតែទាំងអស់ក្នុងក្រុម ពោលគឺមានតែចំនួនតិចតួចប៉ុណ្ណោះដែលមានសំណាងនៅរស់រានមានជីវិតក្រោយហេតុការណ៍នេះ ខណៈដែលកីឡាករមួយចំនួន មិនបានរួមដំណើរជាមួយ។

គួរបញ្ជាក់ផងដែរថា ក្លិប Chapecoense ត្រូវឡើងទៅប្រកួតវគ្គផ្តាច់ព្រ័តនៅកូឡុំប៊ី ទល់នឹងក្រុម Atletico Nacional តែត្រូវបានរំសាយចោលវិញ បន្ទាប់ពីឧប្បទ្ទវហេតុនេះបានកើតឡើង។ អ្វីដែលកាន់តែធ្វើឲ្យរំជួលចិត្តទៀតនោះ គឺសមាជិកក្លិបទាំងអស់ បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង មុននឹងចេញដំណើរទៅធ្វើការប្រកួត ពោលគឺពួកគេបានថតរូបជុំគ្នា នៅមុខអ្នកគាំទ្រ។ ម្យ៉ាងវិញទៀត ពួកគេក៏បានបង្កើតនូវសកម្មភាពរីករាយជាច្រើនផងដែរ មុនហេតុការណ៍អាក្រក់កើតឡើង៕ ចុចមើលរូបភាពនិងវីដេអូ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]