ភ្នំពេញ៖ រាជធានីភ្នំពេញជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាកន្លែងដែលមានប្រជាជនរស់នៅច្រើនជាងគេ។ លើសពីនេះទៀត រាជធានីភ្នំពេញ ក៏សម្បូរទៅដោយទីកន្លែងកម្សាន្ត សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

បើយើងនិយាយពីទីកន្លែងកម្សាន្តវិញ មិនថាយុវវ័យចាស់ ឬក្មេងនោះទេ សុទ្ធតែស្គាល់រម្មណីយដ្ឋាន ដែលមានទីតាំងតាមបណ្តាយផ្លូវមាត់ទន្ល ស្ថិតនៅខាងក្រោយព្រះអង្គដង្កើរ ពោល គឺសួនព្រះបរមរាជវាំងតែម្តង ដែលទីកន្លែងនេះ សម្បូរទៅដោយទេសភាពសួនច្បារស្អាតៗ ភ្ជាប់ជាមួយទិដ្ឋភាពដ៏ស្រស់ត្រកាលពីក្រៅព្រះរមរាជវាំង ហើយអ្វីដែលរឹតតែពិសេសទៀតនោះ គឺសត្វព្រាបរាប់ពាន់ក្បាលរស់នៅទីនោះ ដែលនេះហើយជាមូលហេតុធ្វើឲ្យ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានបំណងមកទស្សនានៅតំបន់នេះ។

សួនព្រះបរមរាជវាំង  ជារៀងរាល់ថ្ងៃតែងតែមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើន មកកម្សាន្ត និងឲ្យចំណីព្រាប  ដែលធ្វើឲ្យទីតាំងនេះ ក្លាយជាទីកន្លែងដែលពេញនិយម និងទាក់ទាញជាងគេមួយ ក្នុងរាជធានីភ្នំពេញផងដែរ។

ទាក់ទងនឹងព្រាបជាច្រើន រាប់រយរាប់ពាន់ក្បាលនេះ តើមានឆ្ងល់ទេ ហេតុអ្វីបានជាសំបូរព្រាប នៅតែព្រះបរមរាជវាំងចឹង? ជួបជាមួយអ្នកមីងម្នាក់ ដែលជាអ្នកលក់ចំណីសត្វព្រាប បានប្រាប់ក្រុមការងារ Khmerload ឲ្យដឹងថា «ព្រាបទាំងនេះ តកូនតចៅ មករស់នៅម្តុំនេះតាំងពីយូរហើយ។ បើតាមអ៊ីលឺគេនិយាយតៗគ្នា គេថាដំបូងឡើយ មានអ្នកទិញព្រាប ហើយចូលចិត្តមកប្រលែងនៅទីនេះ ដើម្បីបន់ស្រន់សុំសេចក្តីសុខ ប្រលែងយូរៗទៅ ក៏កើតកូនកើតចៅ ក៏រស់នៅផ្តុំគ្នានៅទីនេះតែម្តង ហើយដោយសារតែ មានភ្ញៀវចូលចិត្តមកឲ្យចំនីផងនោះ ព្រាបទាំងនេះ ក៏យកទីតាំងនេះ ធ្វើជាសំបុកផ្ទះរបស់ពួកវាទៅ»

គួរបញ្ជាក់ផងដែរថា ទីកន្លែងពេញនិយមឲ្យចំណីព្រាបនេះ កាន់តែមានមនុស្សច្រើនពីមួយថ្ងៃទៅមួយថ្ងៃ មិនថាព្រឹកព្រលឹម មិនថាពេលល្ងាចនោះទេ។ បន្ថែមពីនេះទៀត អ្នកលក់ព្រាបបានបន្តទៀតថា «ពេលព្រលឹមឡើងម៉ោង៦ ព្រាបចាប់ផ្តើម ហោះចុះហោះឡើង ដើម្បីរងចាំចំណីដែលអ្នកមកលេងនៅទីនេះបោះឲ្យ រហូតដល់ថ្ងៃរៀងក្តៅខ្លាំង ព្រាបក៏ហោះចូលជ្រកដំបូលវាំងវិញ។ ចំពោះពេលល្ងាចវិញ មនុស្សកាន់តែច្រើន បូករួមទាំងភ្ញៀវអន្តរជាតិផងនោះ ព្រាបទាំងនោះកាន់តែប្រមូលគ្នា ហោះឆ្លេឆ្លាច្រើនជាងពេលព្រឹកទៀត ធ្វើឲ្យអ្នកដែលមកទស្សនា កាន់តែចូលចិត្តមកលេងនៅទីនេះ ដើម្បីឲ្យចំណីព្រាប»

ទាក់ទងនឹងចំណីព្រាបវិញ មីងអ្នកលក់ចំណីព្រាបដដែលបានបន្ថែមឲ្យដឹងទៀតថា «ប្រភេទចំណីព្រាបមានច្រើនណាស់ ស៊ីសងលើអ្នកលក់ចង់លក់អី? ចំណីព្រាបទាំងនោះមានដូចជា៖ គ្រាប់ពោត សណ្តែក ស្រូវ អង្ករ តែភាគច្រើនគេលក់ពោតច្រើនជាង ព្រោះព្រាបទាំងនេះចូលចិត្តពោត»។ 

ងាកមកចាប់អារម្មណ៍ បងប្អូនដែលមកលេងកម្សាន្ត និងមកឲ្យចំណីព្រាប នៅសួនមុខព្រះបរមរាជវាំងវិញម្តង តើថាអារម្មណ៍របស់ពួកគាត់យ៉ាងណាដែរ នៅពេលដែលបានមកទីនេះ?

កញ្ញា សម្ផស្ស និង កញ្ញា អារីយ៉ា ដែលជាមិត្តភក្កិនឹងគ្នា ហើយចូលចិត្តលក្ខណៈដើរកម្សាន្តយកខ្យល់អាកាស បានថ្លែងប្រាប់ Khmerload ឲ្យដឹងថា «ទីនេះជារម្មណីយដ្ឋានមួយដែលគួរឲ្យចាប់អារម្មណ៍ ជាមួយនឹងខ្យល់អាកាសបរិសុទ្ធ ហើយណាមួយពោរពេញទៅសត្វព្រាបដ៏ស្រស់ស្អាតជាច្រើន»។ នេះបើយោងតាមសម្តីរបស់ កញ្ញា សម្ផស្ស។

ដោយឡែក កញ្ញា អារីយ៉ា វិញបានឲ្យដឹងថា «ខ្ញុំភាគច្រើនចូលចិត្តដើរតាមមាត់ទន្លេយកខ្យល់អាកាសជាង មិនថាពេលថ្ងៃ ឬយប់ទេ ពីព្រោះទីនេះយើងអាចលំហែកាយកាត់ស្ត្រេស ហើយពេលយប់វិញ យើងអាចឃើញទេសភាពកាន់តែស្អាតថែមទៀត អមជាមួយភ្លើងពណ៌ចែងចាំងចេញពីវាំង តែពេលខ្លះ ខ្ញុំក៏ឆ្លៀតពេល មកឲ្យចំណីព្រាបផងដែរ។ មួយវិញទៀត នៅទីនេះ ប្រសិនជាគ្មានព្រាបទេ ក៏មើលទៅសាមញ្ញៗដូចតំបន់ផ្សេងៗដែរ ដូច្នេះខ្ញុំគិតថា សត្វព្រាប បានធ្វើឲ្យទីកន្លែងនេះទទួលបានការចាប់អារម្មណ៍ខ្ពស់ ពីភ្ញៀវទេសចរ» ។  

ក្រឡេកមកមើលបងស្រីម្នាក់ គាត់សុំមិនបញ្ចេញឈ្មោះ ក៏បានប្រាប់ពីចំណាប់អារម្មណ៍នៅពេលដែលបានមកទស្សនានៅទីកន្លែងនេះផងដែរថា «ជាទូទៅ ខ្ញុំឧស្សាហ៍មកទីនេះ មួយសប្តាហ៍ម្តង ជាមួយកូនរបស់ខ្ញុំ ដើម្បីឲ្យគាត់ទទួលបានខ្យល់អាកាស ស្រលះមុខស្រលះមាត់ផង ហើយណាមួយឆ្លៀតពេលដើរហាត់ប្រាណផងដែរ អំឡុងពេលសម្រាកពីការងារ» ។ បងស្រីបន្តទៀតថា «បងមកទីនេះជាមួយកូន គ្មានអីក្រៅពី បោះចំណីឲ្យព្រាបទេ ណាមួយព្រាបទាំងនេះសុទ្ធតែស្អាតៗ ដូច្នេះទើបធ្វើឲ្យបងឧស្សាហ៍មកលេង»

ជាការពិតណាស់ បើយើងសង្កេតទៅតាមទិដ្ឋភាពជាក់ស្តែង សួនមុខព្រះបរមរាជវាំង គឺជាទីកន្លែងដែលពេញនិយម សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បូករួមនឹងព្រាបជាច្រើនរាប់ពាន់ក្បាល ហោះត្រសងគ្នា ដែលធ្វើឲ្យទីកន្លែងកាន់តែមានភាពទាក់ទាញមួយកម្រិតទៀត៕

ចុះចំពោះប្រិយមិត្ត ខ្មែរឡូត វិញ យល់យ៉ាងណាដែរចំពោះទីកន្លែងនេះ?  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]