ភ្នំពេញ៖ ការសំពះជាសុជីវធម៌មួយដែលមនុស្សគ្រប់រូប គួរប្រតិបត្តិដើម្បីសម្តែងនូវការគោរពប្រណិប័តន៍រវាងគ្នានឹងគ្នា។ ហើយវាក៏ជាទំនៀមទំលាប់មួយ ដ៏ស្រស់ផូរផង់របស់ខ្មែរយើង តាំងពីបរមបុរាណមកផងដែរ។

បច្ចុប្បន្នគេសង្កេតឃើញថា សង្គមខ្មែរយើងសព្វថ្ងៃ មិនថាតែយុវវ័យ​ ឬបុគ្គល ដែលមានវ័យចំណាស់នោះទេ ហាក់បីដូចជាមានភាពអៀនព្រាន  ឬខ្មាសអៀនច្រើន ក្នុងការលើកដៃប្រណម្យសំពះយ៉ាងខ្លាំងចំពោះមនុស្សដែលមានវ័យច្រើនជាងខ្លួន ឬមានឋានៈស្មើគ្នាជាដើម។  ជាពិសេសគឺចំពោះឪពុកម្តាយបងប្អូនរបស់ខ្លួនឯងតែម្តង។

ថ្ងៃនេះដែរ ដើម្បីជាការចង់ដឹងពីទស្សនៈយល់ឃើញ របស់យុវវ័យខ្មែរយើងមួយចំនួន ទាក់ទងទៅនឹងប្រធានបទ ថាតើមូលហេតុអ្វីបានជាកូនខ្មែរយើងបច្ចុប្បន្ន មានការខ្មាសអៀនខ្លាំងក្នុងការសំពះ   ដើម្បីចែកជូនប្រិយមិត្ត មិត្តអ្នកអាន​ដើម្បីស្វែងយល់ ថាតើគំនិតដែលលើកឡើងមកនោះ ពិតជាសមហេតុ ឬយ៉ាងណាដែរ។

ជួបនឹងនិស្សិតច្បាប់ វ័យ២៤ឆ្នាំ លោក ចារុ៍ ក៏បានប្រាប់មកក្រុមការងារ Khmerload ឲ្យដឹងដែរថា «ចំពោះការសំពះ និយាយទៅពីមុនខ្ញុំដូចរាងកំសត់ដែរ ព្រោះថាខ្ញុំផ្ទាល់គឺពិតជាមានភាពខ្មាសអៀនជាខ្លាំង មិនថាតែសំពះឪពុកម្តាយខ្លួនឯង ចំពោះអ្នកដទៃវិញក៏ដូចគ្នាផងដែរ ព្រោះថាពិតជាមានអារម្មណ៍ថាអៀនៗដៃយ៉ាងម៉េចមិនដឹង ណាមួយខ្លួនឯងមិនសូវចេះមាត់.កច្រើនទៀត។ ប៉ុន្តែផ្ទុយទៅវិញ ចាប់តាំងពីខ្ញុំបាទ បានផ្លាស់មករៀនបន្តថ្នាក់មហាវិទ្យាល័យនៅភ្នំពេញ ចាកឆ្ងាយពីស្រុកកំណើតមក ខ្ញុំពិតជាដឹងខ្លួនឯងយ៉ាងច្បាស់ថា ខ្ញុំពិតជាមានការផ្លាស់ប្តូរបានច្រើនជាងមុន។ ជាក់ស្តែងនៅពេលដែលខ្ញុំបាទត្រឡប់ទៅលេងផ្ទះ នៅឯស្រុកកំណើតម្តងៗអីុចឹង ខ្ញុំមិនត្រឹមតែហ៊ានលើកដៃសំពះ ជំរាបសួរឪពុកម្តាយរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំថែមទាំងអោបពួកគាត់ ថើបពួកគាត់លើសក្មេងៗទៅទៀត។ នោះក៏ដើម្បីសម្តែងពីការគោរព ដឹងគុណ និងភាពនឹករលឹក ដែលរស់នៅបែកគ្នាកន្លងមកផងដែរ។ ពោល ការខ្មាសអៀនរបស់ខ្ញុំ ដែលធ្លាប់មានកន្លងមក ហាក់កាន់តែឃ្លាតឆ្ងាយទៅបន្តិចម្តងៗហើយ»

លោក ចារុ៍ បានបន្ថែមទៀតថា «...ចំពោះមិត្តភក្តិវិញ គឺនៅពេលជួបគ្នាខ្ញុំគ្រាន់តែសួរសុខទុក្ខធម្មតាប៉ុណ្ណោះ មិនបានសំពះអីនោះទេ។ ហើយបើនិយាយពីយុវវ័យនាពេលបច្ចុប្បន្ន មូលហេតុដែលនាំឲ្យមានការខ្មាសអៀនក្នុងការសំពះនោះ ខ្ញុំយល់ឃើញថា ក៏ដោយសារតែពួកគេ មិនទម្លាប់ធ្វើវា មិនខុសគ្នាប៉ុន្មាននឹងខ្ញុំកាលពីមុននោះឡើយ។ ម្យ៉ាងវិញទៀត យើងអាចនិយាយបានថា អាចបណ្តាលមកពីបរិយាកាសសង្គមខាងក្រៅ ឬខ្លួនរបស់ពួកគេផ្ទាល់តែម្តង ដែលមិនទាន់យល់ច្បាស់ ពីគុណតម្លៃនៃការសំពះនេះ។ ឯអ្នកខ្លះទៀតគេរស់នៅជិតស្និទ្ធ ជាមួយនឹងឪពុកម្តាយបងប្អូនរបស់គេស្រាប់ ហើយប៉ាម៉ាក់របស់ពួកគេ ប្រហែលជាយល់ថាកូនរបស់ពួកគេ គឺពិតជាស្រលាញ់ពួកគេស្រាប់ទៅហើយ ដូច្នេះទោះបីមិនបង្ហាញចេញនូវទង្វើ ដូចជាការសំពះនោះក៏ដោយ ក៏វាមិនមែនជាបញ្ហាសម្រាប់ពួកគាត់ ដែលជាឪពុកម្តាយនោះដែរ។ ហើយនេះក៏ជាហេតុមួយ សបញ្ជាក់ពីការធ្វើឲ្យបាត់បង់នូវទម្លាប់មួយនេះផងដែរ ដែលធ្វើឲ្យយុវវ័យខ្មែរយើង មួយចំនួនធំមានការអៀនព្រាន ក្នុងការលើកដៃសំពះម្តងៗនោះផងដែរ» ។ 

រូបភាព៖ លោក ចារុ៍

ជួបជាមួយនឹងកញ្ញា និមល វ័យ២១ឆ្នាំ សព្វថ្ងៃជានិស្សិត និងជាបុគ្គលិកបម្រើការនៅ ស្ថាប័នឯកជនមួយរូប បានថ្លែងប្រាប់មកកាន់ក្រុមការងារ Khmerload ឲ្យដឹងថា ការសំពះហាក់បីដូចជាមិនមានបញ្ហាឆ្គាំឆ្គងអ្វីឡើយ។ វាជាទម្លាប់ទៅហើយក្នុងគ្រួសាររបស់កញ្ញា ដែលតែងតែសំពះលោកអ្នកមានគុណសឹងរាល់ថ្ងៃ ពេលចេញចូលផ្ទះម្តងៗ។

កញ្ញា និមល និយាយថា «សម្រាប់ខ្ញុំយល់ឃើញថា សង្គមខ្មែរបច្ចុប្បន្ន ឬយុវវ័យខ្មែរយើងសព្វថ្ងៃនេះ គឺពិតជាមានការអៀនខ្មាសខ្លាំង ក្នុងការសំពះយ៉ាងប្រាកដមែន។  ផ្ទុយទៅវិញ ពួកគេទាំងអស់នោះមួយចំនួនតូច បែរជាយកវប្បធម៌បរទេសមកអនុវត្តជំនួសទៅវិញ ដូចជាការចាប់ដៃ ឬការអោបថើបគ្នាជាដើម។ បើនិយាយពីការសំពះ សម្រាប់នាងខ្ញុំគឺវាធម្មតាទៅហើយ ព្រោះថាម៉ាក់ខ្ញុំគឺជាគ្រូបង្រៀនស្រាប់ ដូច្នេះគាត់តែងតែបង្រៀនកូនៗគ្រប់គ្នា អោយមានទម្លាប់មួយដ៏ល្អ ក្នុងការសំពះនេះ មិនថាតែត្រូវសំពះប៉ាម៉ាក់តែមួយមុខនោះទេ តែសម្រាប់អ្នកដទៃក៏ដូចគ្នាផងដែរ ហើយវាក៏ស្តែងចេញពីការគោរពយ៉ាងខ្ជាប់ខ្ជួនទៀតផង»

កញ្ញាបន្តថា «...បើនិយាយឲ្យស៊ីជម្រៅតែម្តងទៅ ចំពោះខ្ញុំគឺមានទម្លាប់មួយ ក្នុងការសំពះនេះជានិច្ច មិនថាតែបងប្អូន ចាស់ទុំ ឬអ្នកមិនស្គាល់គ្នាក៏ដោយ ជាពិសេសប៉ាម៉ាក់របស់នាងខ្ញុំតែម្តង គឺខ្ញុំតែងតែលើកដៃសំពះពួកគាត់រាល់ពេលចេញ ចូលផ្ទះជានិច្ច។ មានន័យថា ពេលខ្ញុំចេញពីផ្ទះទៅសាលា ឬទៅធ្វើការងារ ខ្ញុំតែងតែសំពះជំរាបលាប៉ាម៉ាក់ខ្ញុំ ហើយពេលដែលខ្ញុំត្រឡប់មកផ្ទះវិញ ក៏ខ្ញុំប្រកាន់ខ្ជាប់ការសំពះនេះ ចំពោះប៉ាម៉ាក់ខ្ញុំដែរ។ ព្រោះក្នុងគ្រួសារខ្ញុំមានទម្លាប់មួយ បើមិនសំពះពួកគាត់ (ប៉ាម៉ាក់) ពេលចង់ចេញចូលទៅណាមកណា ពួកគាត់ច្បាស់ជាស្តីឲ្យជាមិនខាន ហេតុដូចនេះហើយវាជាទម្លាប់ ដ៏ល្អមួយសម្រាប់ពួកខ្ញុំជាកូនៗផងដែរ។ លើសពីនេះ បើនិយាយពីការសំពះអ្នកដ៏ទៃវិញ គឺកាន់តែងាយស្រួលថែមទៀតហើយ ពីព្រោះនាងខ្ញុំតែងតែសំពះប៉ាម៉ាក់ជាប្រចាំ ដូចអ្វីដែលខ្ញុំបានរៀបរាប់ប្រាប់ពីខាងលើនេះអីុចឹង ដូចនេះវាជារឿងធម្មតាសម្រាប់ខ្ញុំ ដូចគ្មានអ្វីត្រូវខ្មាសអៀននោះទេ។ ហើយបើសម្រាប់មិត្តភក្តិវិញ គឺធម្មតាៗព្រោះមិត្តភក្តិមានឋានៈស្មើគ្នា ដូច្នេះពេលជួបគ្នាគ្រាន់តែសួស្តី សួរសុខទុកលេងសើចធម្មតា តែបើមិត្តភក្តិដែលមានអាយុច្រើនជាង គប្បីសឹមសំពះគាត់»

រូបភាព៖ កញ្ញា និមល

មិនខុសគ្នាប៉ុន្មានពីកញ្ញា និមល ប៉ុន្មានឡើយ។ ដោយឡែក កញ្ញា ស្រីល័ក្ខ និស្សិតស្រីវ័យក្មេងអាយុ២២ឆ្នាំ និងថែមទាំងជាបុគ្គលិកក្រុមហ៊ុនឯកជនមួយរូប បានឲ្យដឹងដែរថា «ចំពោះខ្ញុំការសំពះគឺជារឿងធម្មតា ពីព្រោះនាងក៏ខ្ញុំតែងតែ សំពះឪពុកម្តាយ បងប្អួនសាច់ញាតិ និងអ្នកដ៏ទៃជារឿយៗដែរ។ ហើយសម្រាប់ទស្សនៈរបស់ខ្ញុំផងដែរ ខ្ញុំយល់ឃើញថា ភាគច្រើនសិស្ស និស្សិត មន្ត្រីរាជការ និងបុគ្គលិកក្រុមហ៊ុនជាដើម ពួកគេទាំងអស់នោះ តែងមានទម្លាប់ល្អក្នុងការសំពះមិនថាតែឪពុកម្តាយ បងប្អូនរបស់ពួកគេ ឬអ្នកដទៃនោះឡើយ។ ពោល ប្រភេទមនុស្សទាំងអស់នេះ គឺមានការយល់ដឹងច្រើនបានល្អប្រសើរ ព្រោះពួកគេយល់ថា វាគឺជាសីលធម៌ដ៏ល្អមួយ ហើយគ្មានអ្វីដែលនឹងត្រូវឆ្គាំឆ្គងនោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏មានមនុស្សមួយចំនួនតូចទៀត ក៏មានការអៀនខ្មាស ក្នុងការលើកដៃសំពះផងដែរ។ ខ្ញុំជឿជាក់ថា នោះក៏ដោយសារតែពួកគេ មិនដែលមានទម្លាប់ក្នុងការធ្វើសកម្មភាព ឬឥរិយាបថបែបហ្នឹង ជាហេតុធ្វើឲ្យពួកគេមានការអៀនដៃ សឹងមិនចង់លើកសំពះ សូម្បីតែនិយាយក៏មិនហ៊ានផង»

សី្រល័ក្ខ បន្តថា «ប៉ុន្តែបើយើងក្រឡេកទៅមើល ឯប្រទេសជិតខាងយើងឯណោះវិញ ជាក់់ស្តែងដូចជាប្រទេសថៃជាដើម ទោះបីជាមានឋានៈស្មើគ្នាយ៉ាងណាក្តី ក៏វប្បធម៌នៃការសំពះរបស់គេហាក់បីដូចជា មានភាពសាមញ្ញធម្មតា គ្មានការអៀនប្រៀនអ្វីនោះឡើយ។ ហើយបើនៅប៉ែកអឺរ៉ុបវិញ វប្បធម៌របស់គេគឺការចាប់ដៃគ្នា អោបឬថើបគ្នាទៅវិញទៅមកជាដើម ដែលវាសុទ្ធតែជារឿងធម្មតាដែលគេអាចធ្វើបាន ដោយមិនប្រកាន់អ្នកមានឋានៈ តូចទាបឬស្មើគ្នាឡើយ។ នោះក៏ដោយសារតែប្រជាជនរបស់គេ មានទម្លាប់និងឲ្យតម្លៃដល់អ្នកនៅជុំវិញខ្លួន។ ដូច្នេះប្រសិនចង់ឲ្យសង្គមខ្មែរយើង ងាកមករកការសំពះដោយគ្មានការអៀនខ្មាសនោះ ខ្ញុំគិតថាយុវវ័យទាំងអស់ គួរតែផ្លាស់ប្តូរផ្នត់គំនិតខ្លាចខ្មាសគេនេះចេញ ហើយគួរណាស់ត្រូវតែរៀនចាប់ផ្តើម អនុវត្តន៍វាឡើងវិញ ពីឋានៈស្មើគ្នាមិត្តភក្តិ បងប្អូន អ្នកផងទាំងពួង ជាពិសេសឪពុកម្តាយតែម្តង ព្រោះការសំពះគឺស្តែងចេញនូវការគោរពយ៉ាងប្រពៃ ហើយក៏ដើម្បីរក្សានូវវប្បធម៌ខ្មែរយើង ដើម្បីឲ្យបរទេសមើលឃើញ និងឲ្យតម្លៃកោតសរសើរដល់យើងផងដែរ»

រូបភាព៖ កញ្ញា ស្រីល័ក្ខ

គួរឲ្យដឹងដែរថា បែបបទនៃការសំពះរបស់ខ្មែរយើង ត្រូវបានបែងចេញជា ៥បែបគឺ៖

១. ការសំពះដាក់ដៃត្រឹមដើមទ្រូង ជាការសំពះទៅកាន់មនុស្សដែលបានវ័យស្មើគ្នា ប្រហាក់ប្រហែលគ្នា ឬមិត្តភក្ដិ។

២. ការសំពះដាក់ដៃត្រឹមមាត់ ជាការសំពះទៅកាន់មនុស្សដែលមានវ័យចាស់ជាង ឬចៅហ្វាយនាយ។

៣. ការសំពះដាក់ដៃត្រឹមចុងច្រមុះ ជាការសំពះទៅកាន់មាតាបិតា ជីដូនជីតា និងគ្រូបាធ្យាយ។

៤. ការសំពះដាក់ដៃត្រឹមចិញ្ចើម ជាការសំពះទៅកាន់ព្រះមហាក្សត្រ និង វត្ថុសក្ដិសិទ្ធជាទីសក្ការៈ។

៥. ការសំពះដាក់ដៃត្រឹមថ្ងាស ជាការសំពះគោរពដល់ព្រះរតនត្រ័យ និងការបួងសួងនានា។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]