អីុតាលី៖ លោកយាយវ័យ១១៧ឆ្នាំម្នាក់ អាយុវែងជាងគេបង្អស់ក្នុងពិភពលោក បានបង្ហើបប្រាប់ពីអាថ៌កំបាំង ដែលអាចជួយឲ្យគាត់មានអាយុវែង ដោយគ្រាន់តែទទួលទានស៊ុត៣គ្រាប់ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។

លោកយាយ Emma Moran ជាប់ឈ្មោះក្នុងកំណត់ត្រាពិភពលោក កើតនៅក្នុងឆ្នាំ១៨៩៩ មានដើមកំណើតក្នុងតំបន់ Civiasco ខេត្ត Vercelli ប្រទេសអ៊ីតាលី។ មកទល់ពេលនេះ លោកយាយមានអាយុ១១៧ឆ្នាំហើយ។ លោកយាយ គឺជាកូនស្រីច្បងក្នុងគ្រួសារ ដែលមានបងប្អូនសរុបទាំងអស់៨នាក់។  លោកយាយ Moran  បានបង្ហើបប្រាប់ពីអាថ៌កំបាំងរបស់គាត់ ដែលអាច ​មានអាយុវែងមកដល់ពេលនេះ ថាគ្រាន់តែបរិភោគស៊ុត ៣គ្រាប់ក្នុងមួយថ្ងៃ ជាប្រចាំតែប៉ុណ្ណោះ។

លោកយាយ Moran មានទម្លាប់ហូបស៊ុតឆៅបែបនេះ តាំងពីគាត់មានអាយុ២០មកម៉្លេះ។  កាលណោះ លោកយាយបានធ្វើរោគវិនិច្ឆ័យ រកឃើញថារូបគាត់ មានជំងឺកង្វះគ្រាប់ឈាមក្រហម ហើយក៏ត្រូវបានខាងគ្រូពេទ្យ ផ្តល់អនុសាសន៍ណែនាំ ឲ្យគាត់ទទួលទានស៊ុតឆ្អិន១គ្រាប់ និងស៊ុតឆៅចំនួន២គ្រាប់ជារៀងរាល់ថ្ងៃ ជាហេតុធ្វើឲ្យលោកយាយ អនុវត្តតាមសម្តីរបស់គ្រូពេទ្យ ចាប់តាំងពីពេលនោះមកតែម្តងទៅ។

ក្រៅពីនេះ លោកយាយ Moran ក៏ទទួលសាច់ផងដែរ ប៉ុន្តែស្ថិតក្នុងបរិមាណតិចតួចបំផុត ហើយលោកយាយទទួលទានត្រឹមតែទឹកដោះគោ សម្រាប់អាហារពេលយប់របស់គាត់ប៉ុណ្ណោះ។

ជាពិសេសជាងនេះទៅទៀតនោះ លោកយាយ Moran ក៏តែងតែទទួលទាននូវនំ Gianduiotti (ជាប្រភេទសូកូឡា ដែលធ្វើឡើងឬលាយជាមួយនឹងផ្លែកៅឡាក់ Hazelnut) ជារៀងរាល់សប្តាហ៍ និងថែមទាំងទទួលទានទឹកឃ្មុំផងដែរ។

លោកយាយ Moran បានថ្លែងប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំមានសុខភាពល្អជាធម្មតាទេ ប៉ុន្តែគ្រាន់តែថា ជើងរបស់ខ្ញុំរាងខ្សោយបន្តិចប៉ុណ្ណោះ»

គួរឲ្យដឹងដែរ បើនិយាយពីជីវិតយុវវ័យរបស់លោកយាយ Moran កាលពីរូបគាត់នៅវ័យជំទង់ រូបគាត់គឺពិតជាស្រលាញ់និងចូលចិត្តសិល្បៈនៃការរាំយ៉ាងខ្លាំង។ ជាក់ស្តែងដូចជា របាំវ៉ាល់ស៍ (Waltz) និងក្បាច់រាំចង្វាក់តង់ហ្គោ (Tango) និងចម្រៀងបែបស្នេហាមនោសញ្ចេតនាជាដើម៕   

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា លោកយាយ វ័យ១១២ឆ្នាំ បង្ហើបអាថ៌កំបាំង ធ្វើឲ្យអាយុវែង ស្តាប់ហើយ ប្រាកដជា ហួសចិត្ត។

លោកយាយ Batuli Lamichhane បានកើតនៅក្នុង ខែមិនា ឆ្នាំ១៩០៣ អះអាងថា «ការជក់បារី» អាចធ្វើឲ្យគាត់ មានអាយុវែង ដោយគាត់ជក់បារី ចំនួន ៣០ដើម ក្នុងមួយថ្ងៃ អស់រយៈពេល ៩៥ឆ្នាំ មកហើយ ពោលគឺតាំងពីគាត់ មានអាយុ ១៧ឆ្នាំ មកម្លេស។

លោកយាយ Batuli បានអះអាងទៀតថា នេះគឺជាទម្លាប់ប្រចាំថ្ងៃ ដែលជួយឲ្យគាត់ អាចរស់បាន យូរអង្វែង ហើយសូម្បីតែ អ្នកស្រុកភូមិ និងកូនរបស់គាត់ ក៏ជក់បារី ដែរ។ លោកយាយ បាននិយាយថា «ខ្ញុំពិតជា មិនខ្វល់ឡើយ ចំពោះអាយុរបស់ខ្ញុំ។ ខ្ញុំបានឃើញ អ្វីជាច្រើន ផ្លាស់ប្តូរ ក្នុងឆាកជីវិត របស់ខ្ញុំ។ ខ្ញុំជក់បារី ជាង ៩៥ឆ្នាំហើយ... មិនមានអ្វី ខុសប្រក្រតី ជាមួយនឹង ការជក់បារីឡើយ»។

យ៉ាងណាក៏ដោយ លោកយាយ Batuli បានផ្តល់ដំបូន្មានថា គួរតែជក់បារី ដែលធ្វើនៅក្នុងស្រុក ដូចជា បារីរុំស្លឹកម្លូ ជាដើម។

យ៉ាងណាមិញ លោកយាយ Batuli ជឿជាក់ថា វាពិតជាមានអាថ៌កំបាំង ដែលអាចធ្វើឲ្យយើង រស់នៅបានយូរអង្វែង ពិតមែន។

លោកយាយបន្ថែមថា «មនុស្សសម័យទំនើបនេះ មានភាពតានតឹង ខ្លាំងណាស់ ហើយអ្នកដែល មិនបានធ្វើការ ឬនៅទំនេរ នឹងមិនអាចរស់នៅ បានយូរអង្វែងឡើយ។ ដូច្នេះហើយ អ្នកត្រូវតែ ធ្វើការ និងកុំឲ្យមានភាពតានតឹង នៅក្នុងអារម្មណ៍។ អ្នកគួរតែសប្បាយចិត្ត នោះអ្នកនឹងមាន ជីវិតរស់នៅ បានយូរអង្វែង ជាមិនខាន»។

ទោះបីជាយ៉ាងណា ប្រភពមិនបានបញ្ជាក់ទេថា ការជក់បារីបែបនេះ ល្អសម្រាប់មនុស្សគ្រប់គ្នា ឬក៏យ៉ាងណា នោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]