ភ្នំពេញ៖ បេក្ខនារីវគ្គផ្តាច់ព្រ័ត្រ នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ តែងតែបង្ហាញពីភាពទុក្ខសោករបស់នាង តាមបណ្តាញសង្គម ក្រោយពេលបានបែកបាក់ជាមួយនឹងស្វាមី ដែលស្រលាញ់គ្នាអស់រយៈពេលជាយូរមកហើយ។ ប៉ុន្តែស្រាប់តែថ្មីៗនេះ អ្នកនាង ហាក់ដូចជាអាក់អន់ស្រពន់ចិត្ត ពេលឃើញ ចំណងជើងសារព័ត៌មានក្នុងស្រុកមួយដាក់ថា «អាជីពសិល្បៈលូតឡើង សាន ស្រីឡៃ ប្រកាសបែកប្តី»។

គ្រាន់តែឃើញភ្លាម តារាស្រីរូបនេះ បានតបថា "លើសហើយចំណងជើងអត្ថបទរបស់បងអ្នកកាសែតដាក់បែបនេះ អ្នកមិនដឹងរឿងគេជេរខ្ញុំស្លាប់ហើយ បើបងមិនដឹងរឿងគ្រួសារខ្ញុំហេតុអ្វីបងអ្នកកាសែតមិនសួរខ្ញុំសិន? គ្រួសារមួយទាល់តែមានរឿងរឺបញ្ហាអ្វីមួយធំ ដែលមិនអាចដោះស្រាយបានទើបឈានទៅដល់ ការបែកវាមិនដែលនៅសុខៗខ្ញុំដើរចេញពីគេទេ ខ្ញុំជាមនុស្សស្រីឈ្មោះជាមេម៉ាយពិបាកប៉ុណ្ណាបងដឹងទេ? បងសួរខ្លួនឯងទៅបងស្រលាញ់គេជិតដប់ឆ្នាំហើយ បងដាច់ចិត្តបែកពីគេទេ តែអ្វីនៅក្នុងលោកនេះ ទាល់តែមានពាក្យថាដែនកំណត់ទើបបងយល់ គ្មានអ្នកណាពូកែទ្រាំដូចខ្ញុំឡើយ ព្រោះខ្ញុំអាណិតកូនតែបើគេមើលមិនឃើញក្តីស្រលាញ់ដែលខ្ញុំមានទៅលើគេផង សួរថាខំដើម្បីអ្វី"?

ចំពោះសាររបស់ អ្នកនាង សាន ស្រីឡៃ បានសរសេរបកស្រាយ លើសារព័ត៌មានក្នុងស្រុកនោះ គឺមិនបានបញ្ចេញពាក្យពេចន៍មិនគប្បី រឺខឹងសម្បារនោះទេ គ្រាន់តែរូបនាង អន់ចិត្ត ហើយការបញ្ជាក់របស់នាងនេះដែរ ក៏ដើម្បីបង្ហាញឲ្យអ្នកគាំទ្រ បានដឹងថា រូបនាង មិនមែនសប្បាយចិត្តក្នុងការបែកបាក់ស្វាមីនោះទេ តែគ្រប់យ៉ាងវាមានដែនកំណត់ ទើបធ្វើឲ្យនាងសម្រេចចិត្ត រស់នៅម្នាក់ឯងយ៉ាងដូច្នេះ៕ តើប្រិយមិត្តយល់យ៉ាងណាដែរ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា អ្នកនាង សាន ស្រីឡៃ តារាចម្រៀងស្រី ដែលបានទទួលកេរ្តិ៍ឈ្មោះល្បីតាមរយៈកម្មវិធី The Voice Cambodia រដូវកាលទី២ បានជួបប្រទះនូវរឿងអាស្រូវក្នុងជីវិតគូរបស់នាង ដោយធ្លាប់មានព័ត៌មានមួយចំនួន បានចុះផ្សាយថា នាងយកស្វាមីគេ បង្កើតជាស្នេហាត្រីកោណ។ ប៉ុន្តែរឿងពិតយ៉ាងណា តារាចម្រៀងស្រីនៅផលិតកម្ម រស្មីហង្សមាស អ្នកនាង សាន ស្រីឡៃ នៅមិនទាន់បកស្រាយការពិតឱ្យច្បាស់លាស់នៅឡើយទេ គឺនាងបានត្រឹមតែបង្ហោះសារខ្លីៗនៅក្នុងហ្វេសប៊ុករបស់ខ្លួនតែប៉ុណ្ណោះ និយាយរឿងជីវិតស្នេហាដ៏ក្រៀមក្រំរបស់ខ្លួន។

នាងក៏បានបង្ហាញសារមកទៀត ដោយមានភ្ជាប់ជាមួយនឹងរូបថតស្រក់ទឹកភ្នែកជោគថ្ពាល់ បង្កប់ជាមួយនឹង ទឹកមុខរឹងមាំផងដែរ ដោយបានសរសេរថា៖ «ជីវិតគូរបស់ខ្ញុំ ព្រាត់ប្រាស់ហើយសប្បាយចិត្ដចុះ ដកខ្លួនដោយសុវត្ថិភាពហើយ ok ម្នាក់ឯងមិនស្លាប់ទេ...»។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ