ភ្នំពេញ៖ អាហារគឺជាចំណែកមួយដ៏សំខាន់ មិនអាចខ្វះបានរបស់មនុស្សគ្រប់គ្នា ហើយការញ៉ាំអាហារ និងទីកន្លែងសម្រាប់ញ៉ាំ ក៏ជារឿងមួយដ៏សំខាន់ខ្លាំងណាស់ដែរ។ នាពេលបច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញ អាហារដ្ឋានជាច្រើនបានបើកដំណើរការ ដើម្បីបម្រើតម្រូវការដល់អតិថិតជន ចាប់តាំងពីភោជនីយដ្ឋានលំដាប់ស្តង់ដារ រហូតដល់អាហារតាមដងផ្លូវ ដែលយុវវ័យតែងនិយមហៅថា Street food។

ក្នុងចំណោមនោះ គេសង្កេតឃើញថា Street food ឬអាហារតាមដងផ្លូវ ហាក់មានការពេញនិយមជាខ្លាំងសម្រាប់គ្រប់គ្នា ជាពិសេសគឺយុវវ័យតែម្តង មិនថាពួកគេស្ថិតក្នុងស្រទាប់វណ្ណៈណានោះទេ។

Street food ឬអាហារតាមដងផ្លូវ ត្រូវបានគេឃើញមានលក់នៅក្នុងទីក្រុងភ្នំពេញ ជាយូរណាស់មកហើយ ប៉ុន្តែវាហាក់មានការពេញនិយមខ្លាំង នៅប៉ុន្មានឆ្នាំចុងក្រោយនេះតែម្តង ដោយសារតែការបង្កើតប្រភេទអាហារជាច្រើនមុខ ថ្មីៗ និងប្លែកៗ ហើយគេសង្កេតឃើញថា នៅរៀងរាល់ល្ងាច មិនថាថ្ងៃសម្រាក ឬថ្ងៃធម្មតានោះទេ យុវវ័យដែលភាគច្រើនជាសិស្ស និស្សិត តែងតែនាំគ្នាទៅញ៉ាំអាហារ Street food ជានិច្ច។ 

ក្រុមការងារ Khmerload ក៏បានទៅជួបសំភាសន៍ជាមួយនឹងកម្លោះមុខស្រស់ម្នាក់ឈ្មោះ សុធា ជានិស្សិតនៅសាកលវិទ្យាល័យន័រតុន ពីមូលហេតុដែលចូលចិត្តញ៉ាំអាហារតាមដងផ្លូវ ដោយលោកបានប្រាប់ថា ខ្ញុំចូលចិត្តមកញ៉ាំអាហារតាមដងផ្លូវ ឬ Street food នេះ គឺដោយសារតែវាមានតម្លៃសមរម្យ រសជាតិក៏ឈ្ងុយឆ្ងាញ់ ជាពិសេសគឺងាយស្រួលស្វែងរក និងមិនពិបាករង់ចាំយូរថែមទៀតផង”

រីឯកញ្ញា ធាវី ក៏បានឆ្លើយទៅនឹងសំណួរដូចគ្នានេះដែរថា“ខ្ញុំចូលចិត្តញ៉ាំ Street food មិនមែនដោយសារតែខ្ញុំអត់លុយចូលហាងធំៗនោះទេ ប៉ុន្តែដោយសាររសជាតិរបស់វាឈ្ងុយឆ្ងាញ់ មិនចាញ់នៅក្នុងហាង ហើយអាហារមានច្រើនមុខ ថ្មី និងប្លែកៗ ជាពិសេស គឺអាចញ៉ាំបណ្តើរ និងលំហែរអារម្មណ៍បណ្តើរ ដូចជានៅតាមមាត់ទន្លេ ឬសួនច្បារសាធារណៈ និងជិតសាលាជាដើម”។ 

ងាកមកជួបសំភាសន៍ជាមួយបងស្រីដា ដែលជាអ្នកលក់ប្រហិតចៀន មួយកន្លែងម្តុំមាត់ទន្លេ បានឲ្យដឹងថា “ភ្ញៀវដែលចូលមកញ៉ាំអាហារ នៅកន្លែងរបស់គាត់ គឺមានគ្រប់វ័យទាំងអស់ តែភាគច្រើនគឺជាយុវវ័យ សិស្ស និស្សិត។ អ្នកខ្លះមកញ៉ាំតែម្នាក់ឯង ជាគូ និងខ្លះទៀតជាក្រុម ដោយពួកគេតែងតែងមកញ៉ាំ នៅពេលដែលពួកគេបញ្ចប់ម៉ោងរៀន ឬក៏ធ្វើការ ដើម្បីលំហែរអារម្មណ៍ ឬជជែកគ្នាលេងពីនេះ ពីនោះជាដើម”

ចំពោះអាហារដែលជាទីពេញនិយមរបស់មិត្តយុវវ័យ មានដូចជា នំបុ័ងដាក់សាច់ប៉ាតេ ឬសាច់គោអាំង, សាច់ងៀតក្ដៅៗ, ស្លាបមាន់អាំង, មីឆា លតឆា, ពងទាកូន, ប្រហិតចៀន-អាំង, សាច់គោអាំង ពងមាន់អាំង សាច់ក្រកអាំង ខ្យង-ខ្ចៅស្ងោរ បាញ់ឆែវ បុកល្ហុង នំបញ្ចុក សាច់ចង្កាក់ស្ងោរ និងអាហារជាច្រើនមុខទៀត។ រីឯទីតាំងវិញគឺងាយស្រួលរកណាស់ ឲ្យតែជាកន្លែងទីប្រជុំជន មិនថាជិតសាលារៀន ផ្សារ កន្លែងធ្វើការ វត្តអារាម មន្ទីរពេទ្យ មាត់ទន្លេ មុខព្រះបរមរាជវាំង ជាដើម គឺប្រាកដជាមានច្រើនហូរហែរជាក់ជាមិនខាន សូម្បីតែសួនច្បារក្តាន់ពីរ ជិតទីស្តីការគណរដ្ឋមន្រ្តីក៏ជាទីតាំងដ៏ពេញនិយមមួយផងដែរ។ 

ចំពោះអនាម័យម្ហូបអាហារ ក៏ជារឿងមួយដ៏សំខាន់ដែរ ដោយយុវជន វាសនា បានថ្លែងប្រាប់ ក្រុមការងារ Khmerload ថា “បើទោះជាម្ហូបអាហារមានរសជាតិឆ្ងាញ់ តម្លៃថោកសមរម្យ តែបើគ្មានអនាម័យ ក៏មិនមានអ្នកណាគេចង់មកញ៉ាំដែរ ព្រោះអ្នកញ៉ាំក៏គិតគូរពីសុខភាពរបស់ពួកគេផងដែរ ហើយអ្នកលក់មួយចំនួនធំ ក៏មានអនាម័យលើម្ហូបអាហាររបស់ពួកគាត់ផងដែរ ព្រោះពួកគាត់ខ្លាចដាច់ម៉ូយ”

មិនត្រឹមតែអាហារប៉ុណ្ណោះទេ ភេសជ្ជៈក៏ជារបស់ចាំបាច់មួយ សម្រាប់សម្រួលដល់ការញ៉ាំអាហារ ឲ្យមានរសជាតិឆ្ងាញ់ផងដែរ។ យើងសង្កេតឃើញថា ទឹកអំពៅ និងទឹកផ្លែឈើក្រឡុក ជាភេសជ្ជៈឈរនៅលំដាប់លើគេ សម្រាប់ភេសជ្ជៈ តាមបែប Street food ដោយមិនរាប់បញ្ចូលប្រភេទភេសជ្ជៈច្រកកំប៉ុង ឬដបនោះទេ។ 

គួរបញ្ជាក់ថា អាហារតាមដងផ្លូវ ឬ Street food នៅក្នុងរាជធានីភ្នំពេញ នេះ មិនត្រឹមតែជាអាហារ ដែលយុវវ័យពេញនិយមប៉ុណ្ណោះទេ តែវាក៏បានល្បីរីកសាយទៅដល់ វេបសាយព័ត៌មាន Insider ដ៏ធំ របស់បរទេសមួយផងដែរ ដោយ Insider បានចាប់អារម្មណ៍លើ ការ៉េមដាក់នំបុ័ង តាមទេះរុញ ពងទាកូន និងសាច់ងៀត តាមរ៉ឺម៉ក រួមជាភេសជ្ជៈមួយចំនួន។ វេបសាយព័ត៌មាន Insider ក៏បានសរសើរ Street food ក្នុងក្រុងភ្នំពេញ ថា មានរសជាតិឆ្ងាញ់ ថែមទៀតផងដែរ៕

អាហារតាមដងផ្លូវ ឬ Street food នៅក្នុងរាជធានីភ្នំពេញ ពិតជាពេញនិយមពិតមែន មិនមែនចេះតែថានោះទេ ចុះប្រិយមិត្តវិញ បានញ៉ាំអាហារតាមដងផ្លូវប្រភេទណាខ្លះ ចូលរួមបញ្ចេញមតិប្រាប់ ខ្មែរឡូត ទាំងអស់គ្នាមក! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]