ភ្នំពេញ៖ ក្រោយពីធ្លាក់ចេញពីពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ កីឡាករក្រុមជម្រើសជាតិកម្ពុជាមានការសោកស្តាយជាខ្លាំង ជាពិសេសនោះគឺ លោកគ្រូបង្វឹក Lee Tae Hoon តែម្តង។

ក្រោយចប់ការប្រកួត ចាញ់ វៀតណាម ២-១ ក្នុងការប្រកួតបង្រ្គប់កិច្ច កាលពីថ្ងៃទី២៦ វិច្ឆិកា កន្លងទៅ គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង Lee Tae Hoon បានបង្ហោះសារទៅកាន់ប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រកម្ពុជាកាលពីម្សិលមិញនេះថា «អ្នកគាំទ្រអាចស្តីបន្ទោសខ្ញុំបាន តែសូមមេត្តាកុំស្តីបន្ទោសឲ្យកូនក្រុមខ្ញុំ» ។ អត្ថន័យនៃសារមួយឃ្លានេះ បានចាក់ដោតបេះដូងអ្នកគាំទ្របាល់ទាត់កម្ពុជាជាខ្លាំង មិនតែប៉ុណ្ណោះ លោកគ្រូ Lee ក៏ទទួលបានការលើកទឹកចិត្តពីអ្នកគាំទ្រវិញផងដែរ ដោយសារសរសើរថា គាត់ជាគ្រូបង្វឹកដែលមានទំនួលខុសត្រូវខ្ពស់។ 

ក្នុងអត្ថន័យនៃសារនេះ ក៏បានធ្វើឲ្យខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិកម្ពុជាម្នាក់ បង្ហាញក្តីគោរពចំពោះលោកគ្រូ Lee ផងដែរ គឺកីឡាករ កែវ សុខផេង។

ខ្សែប្រយុទ្ធរបស់ក្លិបភ្នំពេញក្រោនរូបនេះ បានឲ្យដឹងថា «លោកគ្រូ Lee ពេលខ្លះគាត់កាច គាត់ស្រែកខ្លាំងៗពេលហ្វឹកហាត់ ប៉ុន្តែគាត់ចង់ឲ្យយើងពូកែ»

គួរបញ្ជាក់ផងដែរថា លោកគ្រូ Lee Tae Hoon បានកែប្រែប្រវត្តិសាស្ត្របាល់ទាត់កម្ពុជា ដោយបានជួយឲ្យក្រុមបានឡើងទៅលេង AFF Suzuki Cup ជាលើកដំបូង បន្ទាប់ពីខកខានអស់រយៈពេល៨ឆ្នាំ មិនតែប៉ុណ្ណោះក៏បានជួយឲ្យបរទេសស្គាល់ពីបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាច្រើនទៀតផង៕

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះ ការដឹកនាំរបស់ លោកគ្រូ Lee Tae Hoon?

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  លោកគ្រូ Lee ថា វៀតណាមជាក្រុមខ្លាំង ទោះបីកាតក្រហមមួយមែន ប៉ុន្តែនៅតែអាចគ្របគ្រងបាល់បានល្អ។ លោក Lee Tae Hoon បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា វៀតណាមគឺជាក្រុមខ្លាំងមួយក្នុងចំនោមក្រុមផ្សេងទៀតនៅតំបន់អាស៊ាន។

គួរបញ្ជាក់ផងដែរថា ក្រុមផ្កាយមាស វៀតណាម បានធ្វើឲ្យ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាមានការភ្ញាក់ផ្អើល ជាមួយនឹងការប្រកួតពីយប់ម្សិលមិញនេះ ដោយលោក គ្រូ Lee បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួតថា «វៀតណាមគឺក្រុមខ្លាំងក្នុងអាស៊ាន។ ពួកគេទទួលបានកាតក្រហមម្នាក់ហើយ តែពួកគេនៅតែគ្រប់គ្រងបាល់បានយ៉ាងល្អ» ។

លោកគ្រូ Lee បន្តទៀតថា «ចំនែកឯក្រុមពួកយើងវិញ ក៏បានខំប្រឹងធ្វើបានល្អដែរ ប៉ុន្តែខ្ញុំទទួលស្គាល់ថា វៀតណាម នៅតែល្អជាង ក្នុងការប្រកួតយប់ម្សិលមិញនេះ។ មួយវិញទៀត ពួកយើងនៅខ្ចីណាស់ នៅក្នុងពានរង្វាន់នេះ ដូច្នេះយើងត្រូវការបទពិសោធន៍បន្ថែមទៀត» ។

ស្របពេលជាមួយគ្នានេះដែរ គ្រូបង្វឹកក្រុមជម្រើសជាតិវៀណាម លោក Nguyen Huu Thang ក៏បានបញ្ជាក់ក្នុងសន្និសីទផងដែរថា «ពួកយើងរីករាយជាមួយលទ្ធផលនេះ ជាពិសេសទម្រង់លេងរបស់ក្រុមយើង» ។ លោកបន្ត «ប្រសិនជាយើងមិនទទួលបានកាតក្រហមមួយនោះទេ ពួកយើងប្រហែលជាអាចស៊ុតចូលថែមទៀត។ តែយ៉ាងណាក៏ដោយ ពួកយើងពេញចិត្តចំពោះលទ្ធផលនេះ និងទម្រង់លេងរបស់ពួកយើង» ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]