ជប៉ុន៖ ការលើកទុកដាក់អីវ៉ាន់ធំៗ ហើយធ្ងន់ៗលែងជាបញ្ហាទៀតហើយ ដោយពេលនេះ ព្រលានយន្តហោះនៅក្នុងប្រទេសជប៉ុន បានប្រើប្រាស់ឧបករណ៍មួយប្រភេទ ដែលអាចជួយសម្រួលដល់ការលើកទុកដាក់អីវ៉ាន់ធំៗបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានដេលីម៉ែល។

ឈុតមេកានិចមួយនេះ ត្រូវបានពាក់ដោយបុគ្គលិកដែលធ្វើការសម្រាប់ក្រុមហ៊ុនរថយន្តក្រុង Limousine នៅព្រលានយន្តហោះ Haneda ក្នុងទីក្រុងតូក្យូ។ ឈុតនេះមានឈ្មោះថា The Hybrid Assistive Limb ឬហៅកាត់ថា HAL ។

HAL ត្រូវបានរចនាឡើង ដើម្បីផ្តល់កម្លាំងបន្ថែមទៀតទៅដល់ក្រុមកម្មករ ក្នុងការដោះស្រាយបញ្ហាលើកដាក់អីវ៉ាន់ធំៗ ហើយធ្ងន់ៗរបស់អ្នកដំណើរ។ វាត្រូវបានយកមកធ្វើការតាំងបង្ហាញជាលើកដំបូងកាលពីឆ្នាំមុន និងផលិតឡើងដោយក្រុមហ៊ុនមនុស្សយន្តរបស់ប្រទេសជប៉ុន Cyberdyne ។

គោលបំណងសំខាន់នៃឧបករណ៍មនុស្សយន្តនេះ គឺដើម្បីទប់ស្កាត់កុំឲ្យមានការឈឺចាប់នៅខ្នង មិនតែប៉ុណ្ណោះវាក៏ជួយឲ្យអ្នកប្រើប្រាស់បង្កើនថាមពល នៅពេលធ្វើចលនាលើកដាក់អីវ៉ាន់ធំៗផងដែរ។ បច្ចុប្បន្នឧបករណ៍នេះ ចំនួន១០គ្រឿងកំពុងត្រូវបានប្រើប្រាស់ដោយបុគ្គលិកនៅក្នុងព្រលានយន្តហោះខាងលើ។

នាយកប្រតិបត្តិក្រុមហ៊ុន Cyberdyne លោក Yoshiyuki Snakai បានមានប្រសាសន៍ថា “នៅឯព្រលានយន្តហោះ អីវ៉ាន់មានទំហំធំជាធម្មតា ហើយសម្រាប់ការលើកដាក់អីវ៉ាន់ វាធ្វើឱ្យមានភាពតានតឹងជាខ្លាំងដល់ខ្នងរបស់ក្រុមការងារ ព្រោះអាចធ្វើឱ្យពួកគេ មានការឈឺចាប់ខ្នងជាខ្លាំង”។ លោកបន្តថា ឧបករណ៍ HAL អាចការពារខ្នងរបស់ពួកគេបាន តាមរយៈការផ្តល់ជំនួយជាកម្លាំងបន្ថែម។

លោកពន្យល់ថា នៅពេលដែលមនុស្សម្នាក់ព្យាយាមធ្វើចលនារាងកាយរបស់ពួកគេ សញ្ញាសរសៃប្រសាទ ត្រូវបានផ្ញើពីខួរក្បាល ទៅសាច់ដុំតាមរយៈកោសិកាសរសៃប្រសាទ ធ្វើឲ្យប្រព័ន្ធសាច់ដុំ(musculoskeletal system) មានចលនា ដោយនៅពេលចលនានេះបានកើតឡើង ជីវសញ្ញា (bio-signals) តូចមួយ អាចនឹងត្រូវចាប់បាននៅលើផ្ទៃនៃស្បែក។

ឧបករណ៍ HAL នឹងចាប់យកសញ្ញាទាំងនោះ តាមរយៈឧបករណ៍ដែលចាប់ភ្ជាប់ទៅនឹងស្បែករបស់មនុស្ស ដោយផ្អែកលើសញ្ញាដែលទទួលបាន ឧបករណ៍ HAL នឹងបង្កើតជាកម្លាំងបន្ថែមសម្រាប់ជួយ និងពង្រីកបន្ថែមនូវចលនារបស់អ្នកពាក់វា៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]