ចិន៖ ទីភ្នាក់ងារសារព័ត៌មានចិន CCTV បានចុះផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៧ វិច្ឆិកា ២០១៦ ថា សាកលវិទ្យាល័យ Southwest University ស្ថិតក្នុងទីក្រុង Chongqing ប្រទេសចិន ពិតជាមិនធម្មតាមែន ដែលចេះរកឃើញគំនិតច្នៃប្រឌិត បង្កើតចេញជាថង់ប្លាស្ទិច សម្រាប់ច្រកទូរស័ព្ទរបស់សិស្សក្នុងម៉ោងរៀន។

ប្រភពព័ត៌មាន បានឲ្យដឹងថា មូលហេតុដែលសាកលវិទ្យាល័យខាងលើ ធ្វើបែបនេះក៏ដោយសារតែ ដើម្បីពង្រឹងនូវគុណភាពសិស្ស ក៏ដូចជាគុណភាពរបស់សាលា ដើម្បីឲ្យសិស្សនិស្សិតផ្តោតយកចិត្តទុកដាក់ លើការសិក្សារៀនសូត្ររបស់ពួកគេ ដោយមិនមានការរំខានពីទូរស័ព្ទ ព្រោះថាការសិក្សាគឺពិតជារឿងមួយដ៏សំខាន់បំផុត ក្នុងការកសាងផ្លូវជីវិតរបស់ពួកគេ។

សិស្សិនិស្សិតទាំងអស់ ត្រូវយកទូរស័ព្ទរបស់ពួកគេ ដាក់ក្នុងថង់ប្លាស្ទិច តាមលេខរៀងត្រឹមត្រូវ ដែលខាងសាលាបានរៀបចំជូន រួចយកទៅព្យួរនៅតុខាងមុខ។ សិស្សទាំងអស់ គឺមិនត្រូវបានអនុញ្ញាតឲ្យប៉ះពាល់ ឬយកមកចុចលេង លើកលែងតែករណីដល់ម៉ោងចេញទើបអនុញ្ញាតឲ្យយកវិញបាន។

លោក Zhang Shuran ជាគ្រូបង្រៀនម្នាក់ រកឃើញគំនិតនេះឡើងបានឲ្យដឹងថា «សិស្សនិស្សិតទាំងអស់ គឺមិនអាចលេងទូរស័ព្ទរបស់គេ ក្នុងអំឡុងម៉ោងរៀនបានទេ ព្រោះថាវាគឺជាពេលវេលា ដ៏ខ្ជះខ្ជាយបំផុតសម្រាប់សិស្ស។ ហើយវាក៏ឆ្លុះបញ្ចាំងពីផលប៉ះពាល់ បែបអវិជ្ជមានមួយក្នុងការសិក្សា របស់ពួកគេថែមទៀតផង»

លោកពន្យល់ប្រាប់ទៀតថា ទូរស័ព្ទរបស់និស្សិតទាំងអស់ គឺត្រូវបានប្រគល់ភារកិច្ច ដល់ខាងបុគ្គលិករបស់សាលា ឲ្យមើលថែរក្សានៅក្នុងថ្នាក់រៀនតែម្តង។ ហើយសិស្សនិស្សិតទាំងអស់ ក៏នឹងត្រូវបានជូនដំណឹងពីសំណាក់បុគ្គលិកមើលការខុសត្រូវលើទូរស័ព្ទដៃរបស់ពួកគេផ្ទាល់តែម្តង ក្នុងករណីចាំបាច់ ដោយមានការហៅទូរស័ព្ទចូល ពីសំណាក់ឪពុកម្តាយសិស្ស ឬគ្រូបង្រៀនរបស់ពួកគេជាដើម ដែលនឹងត្រូវបានលើកលែងឲ្យនិយាយបាន។

ការធ្វើបែបនេះ ក៏ដោយសារតែកន្លងមក សិស្សតែងតែចំណាយពេលវេលា អត់ប្រយោជន៍ច្រើន ជក់លេងងប់ងល់នឹងទូរស័ព្ទ ដោយភ្លេចការងាររៀនសូត្ររបស់ពួកគេ។ ខណៈសិស្សមួយចំនួន គឺគិតតែលេងហ្គេម និងខ្លះទៀតជក់នឹងលេងបណ្តាញសង្គម ផ្សេងៗទៀតជាច្រើនផងដែរ។

គួរឲ្យដឹងដែរថា បច្ចុប្បន្នមានការរីកចម្រើន ខាងផ្នែកបច្ចេកវិទ្យា នៃមុខងារផ្សេងៗជាច្រើន ដោយមានការកើនឡើងគួរឲ្យកត់សម្គាល់ ជាក់ស្តែងគឺទូរស័ព្ទស៊េរីទំនើបៗនេះតែម្តង។ ខណៈអ្នកប្រើប្រាស់វា ក៏មានចំនួនច្រើនផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងប្រទេសចិន អ្នកប្រើប្រាស់ទូរស័ព្ទ គឺមានការកើនឡើងជាលំដាប់ ក្នុងមួយថ្ងៃៗ ដោយជាមធ្យមចំណាយពេល លើការលេងវាអស់ជាច្រើនរាប់ម៉ោង។

យោងតាមរបាយការណ៍មួយ ស្តីពីការ China’s Internet Development កាលពីក្នុងអំឡុងខែសីហា ២០១៦ កន្លងទៅនេះ បានបង្ហាញឲ្យឃើញថា ចំនួននៃប្រជាជនចិន ដែលប្រើប្រាស់ប្រព័ន្ធដំណើរការដោយ សេវាអ៊ីនធឺណែត តាមរយៈទូរស័ព្ទដៃនេះ គឺមានរហូតដល់ទៅ ៦៥៦លាននាក់ឯណោះ ដែលចំនួននេះមិនខុសគ្នាប៉ុន្មាន បើប្រៀបធៀបទៅនឹងខែមិថុនាកន្លងទៅនោះឡើយ។

ដោយឡែករបាយការណ៍វិភាគទិន្នន័យ mUser Tracker កាលពីខែកក្កដាកន្លងទៅ ក៏បានបង្ហាញឲ្យឃើញដែរថា ជាមធ្យមអ្នកប្រើប្រាស់សេវាអ៊ីនធឺណែត តាមរយៈទូរស័ព្ទដៃម្នាក់ ក្នុងចំណោមប្រជាជនរាប់លាននាក់ទៀត  បានចំណាយពេលលេងវា គឺលើសពី១១០នាទីឡើងទៅ ក្នុងមួយថ្ងៃៗ។ ហើយចំពោះមូលដ្ឋានទិន្នន័យ ដែលបង្ហាញឡើងមកនេះ គេក៏អាចធ្វើការវាស់ស្ទង់ ពីចរិតលក្ខណៈរបស់អ្នកប្រើប្រាស់នូវ សេវាអ៊ីនធឺណែតទាំងអស់នោះបានផងដែរ។

ជុំវិញនឹងករណីខាងលើនេះដែរ ជាចុងក្រោយ លោកគ្រូ Zhang Shuran ក៏បានបន្ថែមដែរថា «ហើយនេះក៏ជាហេតុផលមួយ ដែលពួកយើងខិតខំប្រឹងប្រែង ជួយទៅដល់និស្សិតរបស់យើង ដើម្បីលុបបំបាត់ចោល ការញៀនលេងទូរស័ព្ទ របស់ពួកគេផងដែរ»។ លោកគ្រូ Zhang មានពាក្យមួយឃ្លា ផ្ញើជូនសិស្សរបស់គាត់ដែរថា «ទម្លាក់ទូរស័ព្ទចុះ ហើយចាប់កាន់អាចសៀវភៅឡើងវិញ ទើបជាការប្រសើរ!»

តើសម្រាប់ប្រិយមិត្តវិញ មានគំនិតយល់ឃើញយ៉ាងណាដែរ?  

ប្រភព៖ CCTV

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]