(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់បេសកកម្មប្រកួតពាន AFF Suzuki Cup 2016 ពូលB នៅមីយ៉ាន់ម៉ាត្រឹមចំណាត់ថ្នាក់បាតតារាង និងគ្មានពិន្ទុរាប់ផងនោះ ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរមកដល់រាជធានីភ្នំពេញ នាវេលាម៉ោង ២៖៤០នាទីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះហើយ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្ដ្រីព័ត៌មានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

សូមរំឮកថា កម្ពុជាមិនអាចស្វែងរកពិន្ទុពីព្រឹត្តិការណ៍ប្រចាំតំបន់មួយនេះបានទេ ប៉ុន្ដែកីឡាករម្នាក់ៗ បង្កើតបាននូវកំណត់ត្រាថ្មីៗមួយចំនួន ពិសេសគឺពាក់ព័ន្ធនឹងលទ្ធផល ដែលពីមុនកម្ពុជាធ្លាប់ចាញ់គេក្បែរ ១០គ្រាប់ បែរជាមកចាញ់ទាំងប្រផិតប្រផើយប៉ុណ្ណោះ ។ ជាក់ស្ដែងលទ្ធផល ៣ប្រកួតរបស់កម្ពុជា គឺចាញ់ម៉ាឡេស៊ី ៣-២, ចាញ់ក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៣-១ មុននឹងបន្ដចាញ់វៀតណាម ដោយលទ្ធផល ២-១ ។

សម្រាប់ពូលB គឺវៀតណាម ឈរលេខ១ ក្រោយឈ្នះ ៣ប្រកួតមាន ៩ពិន្ទុ និងក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ឈរលេខ២ មាន ៦ពិន្ទុជាមួយលទ្ធផល ៣ប្រកួតឈ្នះ២ និងចាញ់១ ហើយក្រុមទាំងពីរឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមខ្លាំងពូលA រួមមានក្រុមមិនស្គាល់ចាញ់ថៃ ដែលជាក្រុមការពារតំណែងជើងឯកឈរលេខ១ មាន ៩ពិន្ទុ និងក្រុមឥណ្ឌូនេស៊ី ឈរលេខ២ មាន ៤ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតឈ្នះ១ ស្មើ១ និងចាញ់១ ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ឧត្តម , សុខផេង និងកីឡាករផ្សេងៗទៀត សម្តែងការសោកស្តាយ ក្រោយពីបរាជ័យ ទោះបីបានប្រឹងអស់ហើយ។ក្រុមជម្រើសជាតិកម្ពុជា ទទួលបរាជ័យ ក្នុងពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៦ ដោយ៣ប្រកួត ចាញ់ទាំង៣ ខណៈយប់ម្សិលមិញនេះ ក្នុងការប្រកួតបង្រ្គប់កិច្ច កម្ពុជា ចាញ់ ក្រុមជម្រើសជាតិវៀតណាម ២-១ ។

ការប្រកួតរវាងក្រុមទាំង២នេះ គឺជាការប្រកួតដែលអ្នកគាំទ្ររំពឹងទុក និងចង់មើលជាងគេ បន្ទាប់ពីខកខានប៉ះគ្នាអស់រយៈពេលយូរមកហើយ ប៉ុន្តែលទ្ធផល កម្ពុជា ចាញ់ វៀតណាម ដែលមានកីឡាករតែ១០នាក់ ក្នុងលទ្ធផល ២-១ ធ្វើឲ្យវៀតណាម បន្តជ័យជំនះ ឈរលើកំពូលរាង ពូលB នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តប្រកួតជាមួយ ឥណ្ឌូនេស៊ី។

គួរបញ្ជាក់ផងដែរថា លទ្ធផលបរាជ័យនេះ បានធ្វើឲ្យក្រុមកីឡាករក្រុមជម្រើសជាតិកម្ពុជា ដូចជា កីឡាករ ប្រាក់ មុន្នីឧត្តម កែវ សុខផេង សួយ វិសាល និងកីឡាករផ្សេងៗទៀត មានការសោកស្តាយផងដែរ បន្ទាប់ពីខំប្រឹងលេងអស់លទ្ធភាពហើយ នៅតែបរាជ័យ។ កាលពីយប់ម្សិលមិញនេះ ពួកគេក៏បានបង្ហោះសារ បញ្ជាក់ពីការសោកស្តាយ និងសុំអភ័យទោសពីសំណាក់គាំទ្រ គ្រប់មជ្ឈដ្ឋានផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]