ថៃ៖ ពិធីការិនី គង់ សុជាតិ បានទៅអបអរ ជាមួយនឹងកូនប្រុសច្បងរបស់នាង ដែលទទួលបរិញ្ញាបត្រផ្នែក គ្រប់គ្រងអាជីវកម្ម ទៅដល់ប្រទេសថៃឯណោះ ទោះបីពេលនេះ ជិតគ្រប់ខែសម្រាលក៏ដោយ ក៏នាងត្រូវតែទៅលើកទឹកចិត្ត ដល់កូនដែរ។ 

នៅក្នុងទំព័រហ្វេសប៊ុករបស់ពិធីការិនីរូបនេះ បានបង្ហោះរូបថតកូនប្រុសរបស់នាង ជាមួយនឹងសារដ៏មានអត្ថន័យមួយ ដែលសរសេរថា "ម៉ាក់រីករាយសប្បាយចិត្តណាស់ ដែលកូនប្រុសបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក គ្រប់គ្រងអាជីវកម្មនៅសាលា Raffle International Collage នាទីក្រុងបាងកក។ សូមកូនខំប្រឹងប្រែង ជាបន្តទៀតដើម្បីអនាគត កូនភ្លឺស្វាងត្រចះត្រចង់។ ម្តាយសូមឲ្យកូនទទួលបានជោគជ័យ"

អ្វីមិននឹកស្មានដល់ គឺអ្នកគាំទ្រជាច្រើននាក់ មានការភ្ញាក់ផ្អើល ពេលឃើញកូនប្រុសរបស់នាង ធំពេញវ័យថ្នាក់ហ្នឹង ព្រោះពួកគេគិតថា រូបនាង មានតែកូនស្រីតូចម្នាក់ទេ។ ប៉ុន្តែតាមការពិតទៅ អ្នកនាង គង់ សុជាតិ មានកូន២នាក់ ប្រុស និងស្រី ជាមួយស្វាមីមុន រីឯ កូនក្នុងផ្ទៃ ជាកូនជាមួយនឹង លោក ជា វិបុល៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ពិធីការិនីសម្បូរវោហារ និងរក្សាបានប្រជាប្រិយភាពល្បីល្បាញ អស់រយៈពេលជាច្រើនឆ្នាំ អ្នកនាង គង់ សុជាតិ ក្រោយពីក្តីស្រមៃបានក្លាយជាការពិត ដោយអ្នកនាងនិងស្វាមី គឺលោក ជា វិបុល បានមានកូនដែលជាដំណក់ឈាម ជាមួយគ្នាមកពេលនេះ កូនក្នុងផ្ទៃរបស់អ្នកនាង គឺមានវ័យ៧ខែហើយ ដោយអ្នកនាងនិងស្វាមីគឺមានការទន្ទឹង រង់ចាំមើលមុខកូនយ៉ាងអន្ទះសារ ។

តារាស្រីដែលមានសម្រស់ ស្អាតក្មេងជាងវ័យ អ្នកនាង គង់ សុជាតិ បានរំលេចសារបង្ហាញពីអារម្មណ៍ពិតរបស់អ្នកម្តាយស្ទើរតែគ្រប់រូប ដែលមានចំពោះកូន ដោយរួមទាំងអ្នកនាងផងនោះ បានសរសេរថា «ខែទី៧ ម៉ែចាប់ផ្តើមឈឺចុករោយកាន់តែខ្លាំង អង្គុយក៏ពិបាក គេងក៏ពិបាក ដើរក៏ពិបាក ប៉ុន្តែម៉ែនៅតែសប្បាយចិត្ត និងរង់ចាំកូនកើតមក»។

អ្នកនាង គង់ សុជាតិ ធ្លាប់ប្រាប់ឲ្យដឹងថា កូនរបស់អ្នកនាងគ្រោង នឹងសម្រាលនៅដើម ឆ្នាំ២០១៧ខាងមុខនេះ ហើយសម្រាប់ការសម្រាល កូនស្រីរបស់អ្នកនាង គឺអ្នកនាងនិងគ្រួសារ មានគម្រោងសម្រាល នៅក្នុងស្រុកយើងមិនចេញ ទៅក្រៅប្រទេសទេ ដោយសារតែអ្នកនាងឃើញថា វេជ្ជបណ្ឌិតយើងក៏ពូកែ មានជំនាញអាចទុកចិត្ត បានមិនចាញ់បរទេសទេ ។

ជាការពិតរយៈពេល៩ខែ១០ថ្ងៃ សម្រាប់ស្ត្រីដែលពពោះកូន គឺពិតជាលំបាកនិងអត់ទ្រាំខ្លាំងណាស់ ម្តាយគ្រប់រូបសុខចិត្តធ្វើគ្រប់យ៉ាង បើទោះជារូបសម្រស់ទៅបាត់បង់ ក៏សុខចិត្តធ្វើយ៉ាងណា ឲ្យកូននៅក្នុងផ្ទៃមានសុខភាពល្អកើតមក ដោយសុវត្ថិភាព នេះហើយជាទឹកចិត្តអ្នកម្តាយគ្រប់រូប ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ