មីយ៉ាន់ម៉ា៖ ក្រោយចាញ់ ក្រុមផ្កាយមាស វៀតណាម ២-១ កាលពីយប់មិញនេះ គ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក Lee Tae Hoon បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា វៀតណាមគឺជាក្រុមខ្លាំងមួយក្នុងចំនោមក្រុមផ្សេងទៀតនៅតំបន់អាស៊ាន។

គួររំលឹកផងដែរថា វៀតណាម មានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តតាំងពីប្រកួតទី២មកម្ល៉េះ ដោយយកឈ្នះក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា និងម៉ាឡេស៊ី ខណៈយប់មិញនេះ ឈ្នះកម្ពុជា មួយប្រកួតទៀត ធ្វើឲ្យពួកគេបន្តកំណត់ត្រាដ៏ល្អ ក្នុងពានរង្វាន់នេះ ពោលគឺមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេក្នុងពូលB ។ 

គួរបញ្ជាក់ផងដែរថា ក្រុមផ្កាយមាស វៀតណាម បានធ្វើឲ្យ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាមានការភ្ញាក់ផ្អើល ជាមួយនឹងការប្រកួតពីយប់មិញនេះ ដោយលោក គ្រូ Lee បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួតថា «វៀតណាមគឺក្រុមខ្លាំងក្នុងអាស៊ាន។ ពួកគេទទួលបានកាតក្រហមម្នាក់ហើយ តែពួកគេនៅតែគ្រប់គ្រងបាល់បានយ៉ាងល្អ»

លោកគ្រូ Lee បន្តទៀតថា «ចំនែកឯក្រុមពួកយើងវិញ ក៏បានខំប្រឹងធ្វើបានល្អដែរ ប៉ុន្តែខ្ញុំទទួលស្គាល់ថា វៀតណាម នៅតែល្អជាង ក្នុងការប្រកួតយប់មិញនេះ។ មួយវិញទៀត ពួកយើងនៅខ្ចីណាស់ នៅក្នុងពានរង្វាន់នេះ ដូច្នេះយើងត្រូវការបទពិសោធន៍បន្ថែមទៀត»

ស្របពេលជាមួយគ្នានេះដែរ គ្រូបង្វឹកក្រុមជម្រើសជាតិវៀណាម លោក Nguyen Huu Thang ក៏បានបញ្ជាក់ក្នុងសន្និសីទផងដែរថា «ពួកយើងរីករាយជាមួយលទ្ធផលនេះ ជាពិសេសទម្រង់លេងរបស់ក្រុមយើង» ។ លោកបន្ត «ប្រសិនជាយើងមិនទទួលបានកាតក្រហមមួយនោះទេ ពួកយើងប្រហែលជាអាចស៊ុតចូលថែមទៀត។ តែយ៉ាងណាក៏ដោយ ពួកយើងពេញចិត្តចំពោះលទ្ធផលនេះ និងទម្រង់លេងរបស់ពួកយើង» ៕ 

ប្រភព៖ Football Channel Asia

កំណត់ហេតុខ្មែរឡូត

ដោយឡែក រំលឹកព័ត៌មានពាក់ព័ន្ធផងដែរថា  កម្ពុជា ចាញ់ វៀតណាម ២-១ ខណៈមីយ៉ាន់ម៉ាឡើងវគ្គ ១/២ផ្ដាច់ព្រ័ត្រ។ ទីបំផុតក្រុមជម្រើសជាតិកម្ពុជា មិនអាចរកបានពិន្ទុមុនត្រឡប់មកផ្ទះវិញនោះទេ បន្ទាប់ពីប្រកួតចាញ់ក្រុមជម្រើសជាតិវៀតណាម ដោយលទ្ធផល ២-១ នៅក្នុងជំនួបបង្គ្រប់កិច្ចពូលB នៃពានរង្វាន់ AFF Suzuki Cup 2016 ដែលទើបបញ្ចប់ការប្រកួតមុននេះ ខណៈក្រុមមីយ៉ាន់ម៉ា បានយកឈ្នះក្រុមម៉ាឡេស៊ី ក្នុងជំនួបកាត់សេចក្ដីដោយលទ្ធផល ១-០ ដែលធ្វើក្រុមម្ចាស់ផ្ទះនេះ ត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយក្រុមវៀតណាមតែម្ដង។

សម្រាប់ការប្រកួតបង្គ្រប់កិច្ចរបស់ក្រុមគោព្រៃខៀវកម្ពុជា និងវៀតណាម នៅដើមតង់ទី១ កីឡាករវៀតណា Luat Truong Dinh បានទទួលកាតក្រហមម្នាក់ បន្ទាប់ពីរារាំងកីឡាករ ចាន់ វឌ្ឍនាកា នៅនាទីទី១០។ ប៉ុន្ដែទោះបីវៀតណាម បាត់បង់សមាជិកម្នាក់ក្ដី ក៏ក្រុមគោព្រៃកម្ពុជា មិនអាចធ្វើអ្វីក្រុមប្រទេសជិតខាងនេះបានឡើយ ផ្ទុយទៅវិញត្រូវបានកីឡាករ Cong Vinh Le បំប៉ោងសំណាញ់ទីកម្ពុជា ១គ្រាប់ ដែលធ្វើឲ្យវៀតណាមនាំមុខ ១-០ នៅតង់ទី១។ 

ឈានចូលតង់ទី២ ក្រុមទាំងពីរបានបង្កើតឱកាសរៀងៗខ្លួន ប៉ុន្ដែគួរឲ្យស្ដាយខ្សែការពាររបស់កម្ពុជា ណុប តុលា បានភ្លាត់ស្នៀតទាត់ចូលទីខ្លួនឯង ធ្វើឲ្យវៀតណាមនាំមុខ ២-០ ត្រឹមនាទីទី៥០។ តែទោះជាបែបនេះក្ដីកីឡាករកម្ពុជា នៅតែព្យាយាមវាយបករហូតដល់នាទីទី៦៥ ទើបកីឡាករ ច្រឹង ពលរដ្ឋ ទាត់បាល់ពីចម្ងាយបំប៉ោងសំណាញ់ទីក្រុមវៀតណាម ១គ្រាប់ និងមានឱកាសទាត់ពីចម្ងាយ ១គ្រាប់ទៀតនៅចុងម៉ោង តែប៉ះបង្គោលទី ធ្វើឲ្យចប់ការប្រកួតកម្ពុជា ចាញ់វៀតណាម ២-១ តែម្ដង។

ជាមួយនឹងការបរាជ័យនេះ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា រក្សាតំណែងបាតតារាង ក្រោយឆ្លងកាត់ ៣ប្រកួត ចាញ់ទាំង ៣ប្រកួតគ្មានពិន្ទុរាប់ឡើយ ដូច្នេះកម្ពុជា នឹងត្រូវត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី២៧ ខែវិច្ឆិកាស្អែកនេះ។

ដោយឡែកក្រុមជម្រើសជាតិវៀតណាម បានរក្សាតំណែងកំពូលតារាងរបស់ខ្លួន ដោយមាន ៩ពិន្ទុពេញ បន្ទាប់ពីទទួលបានជ័យជម្នះលើគូប្រកួតក្នុងពូលB ៣ប្រកួតជាប់គ្នា ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ដោយឡែកក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា បានធ្វើឲ្យអ្នកគាំទ្របស់ខ្លួនពេញចិត្តជាខ្លាំង តាមរយៈការយកឈ្នះក្រុមភ្ញៀវម៉ាឡេស៊ី ដោយលទ្ធផល ១-០ ដែលធ្វើសម្រេចដោយកីឡាករ David Htan នៅនាទីទី៨៩។ ជ័យជម្នះនេះ បានធ្វើឲ្យមីយ៉ាន់ម៉ា ឡើងឈរលេខរៀងទី២ និងមាន ៦ពិន្ទុជាមួយលទ្ធផលការប្រកួត ៣លើកឈ្នះ១ ស្មើ១ និងចាញ់១ ហើយត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយវៀតណាម ។ រីឯក្រុមម៉ាឡេស៊ី បានបញ្ចប់បេសកកម្មរបស់ខ្លួនត្រឹមចំណាត់ថ្នាក់លេខ៣ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ១ និងចាញ់២៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]