ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា ទទួលបរាជ័យ ក្នុងពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៦ ដោយ៣ប្រកួត ចាញ់ទាំង៣ ខណៈយប់មិញនេះ ក្នុងការប្រកួតបង្រ្គប់កិច្ច កម្ពុជា ចាញ់ ក្រុមជម្រើសជាតិវៀតណាម ២-១ ។

ការប្រកួតរវាងក្រុមទាំង២នេះ គឺជាការប្រកួតដែលអ្នកគាំទ្ររំពឹងទុក និងចង់មើលជាងគេ បន្ទាប់ពីខកខានប៉ះគ្នាអស់រយៈពេលយូរមកហើយ ប៉ុន្តែលទ្ធផល កម្ពុជា ចាញ់ វៀតណាម ដែលមានកីឡាករតែ១០នាក់ ក្នុងលទ្ធផល ២-១ ធ្វើឲ្យវៀតណាម បន្តជ័យជំនះ ឈរលើកំពូលរាង ពូលB នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តប្រកួតជាមួយ ឥណ្ឌូនេស៊ី។

គួរបញ្ជាក់ផងដែរថា លទ្ធផលបរាជ័យនេះ បានធ្វើឲ្យក្រុមកីឡាករក្រុមជម្រើសជាតិកម្ពុជា ដូចជា កីឡាករ ប្រាក់ មុន្នីឧត្តម កែវ សុខផេង សួយ វិសាល និងកីឡាករផ្សេងៗទៀត មានការសោកស្តាយផងដែរ បន្ទាប់ពីខំប្រឹងលេងអស់លទ្ធភាពហើយ នៅតែបរាជ័យ។ កាលពីយប់មិញនេះ ពួកគេក៏បានបង្ហោះសារ បញ្ជាក់ពីការសោកស្តាយ និងសុំអភ័យទោសពីសំណាក់គាំទ្រ គ្រប់មជ្ឈដ្ឋានផងដែរ។

ខាងក្រោមនេះ គឺជាការសម្តែងនូវអារម្មណ៍សោកស្តាយ ពីសំណាក់កីឡាករក្រុមជម្រើសជាតិកម្ពុជា៖ 

កីឡាករ ប្រាក់ មុន្នីឧត្តម៖ «

ពេលនេះពួកយើងបានបញ្ជប់ការប្រកួតក្នុងពានរង្វាន់Aff Suzuki cup 2016 ហើយ. ពួកយើងពិតជាសោកស្តាយខ្លាំងណាស់ដែលមិនអាចធ្វើបានជោគជ័យ . ពួកយើងមានតែម្រាមដៃដប់ សូមអរគុណដល់ពុកម៉ែបងប្អូនសំរាប់ការគាំទ្រពីចំងាយនឹងគ្រប់ការប្រកួត ទោះជាមានលទ្ធផលយ៉ាងណាក៏ដោយ .ពួកយើងនឹងខំប្រឹងនៅការប្រកួតក្រោយៗទៀត»​​ ។

កីឡាករ​ កែវ សុខផេង៖ «ពួកយើងបានប្រឹងប្រែងហើយ តើអាចធ្វើអ្វីបានទៀតក្រៅពីប្រឹងទាំងកាយ ទាំងចិត្ត ហើយតែនៅមិនអាចយកជ័យជំនះជូនជាតិនិងអ្នកគាំទ្រ!

ព្យាយាមសព្វគ្រប់បែបយ៉ាង ពេលដែលយើងចាញ់គេថាអត់បានការ»។

កីឡាករ សួយ វិសាល៖ «អ្វីៗត្រូវបានបញ្ចប់ត្រឹមថ្ងៃនេះទាំងអស់ហេតុអាអ្វីមានសំណាងហើយ ហេតុអី្វយើងឆកយកសំណាងនឹងមិនបានចឹង មួយពិន្ទុបានអត់មានអីនិយាយទេ ហើយកសូមអគុណបងប្អូនយើងទាំងអស់ ដែលចំណាយពេល ដើម្បីពួកយើងទាំងអស់គ្នា អត់មានអីនិយាយទេមានតែ សូមទោសបងប្អូនទាំងអស់គ្នា}សូមគេងមុនហើយព្រោះអសកំលាំងណាសហើយ»​។

មិនតែប៉ុណ្ណោះ នៅមានកីឡាករជាច្រើនទៀតដូចជា ខ្សែការពារ ណុប តុលា ដែលជ្រុលជើងស៊ុតបញ្ចូលទីខ្លួនឯង ក៏បានសម្តែងនូវអារម្មណ៍សោកស្តាយខ្លាំងផងដែរ ដោយកីឡាកររូបនេះ បានបញ្ជាក់ថា «គ្មាននរណាម្នាក់ចង់អោយមានកំហុសចូលទីខ្លួនឯងនោះទេ សង្ឃឹមថាអ្នកទាំងអស់និងយល់អារម្មណ៍មួយនេះ» ។ ចំនែកឯខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា វិញ ក្រោយចប់ការប្រកួត គេសង្កេតឃើញកីឡាកររូបនេះ ស្អំទឹកកកផងដែរ ក្រោយមានការប៉ះទង្គិចជាច្រើននៅក្នុងការប្រកួត។

យ៉ាងណាមិញ អ្នកគាំទ្រនៅកម្ពុជា ក៏បានលើកទឹកចិត្តទៅដល់ កីឡាករគ្រប់រូបផងដែរ​ ទោះបីជាបរាជ័យក៏ដោយ ពីព្រោះឱកាសនៅតែមានបន្តទៀត កាលណា កីឡាករគ្រប់រូប នៅតែបន្តខំហ្វឹកហាត់ ដើម្បីកាប្រកួតក្រោយៗ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]