រាជធានីភ្នំពេញ ៖ ថ្មីៗនេះកោះសន្តិភាពផ្សាយពីរឿងយុវជន K ចេញមុខបកស្រាយថា រូបគេនិងមិត្តស្រីមិនបានជេរកញ្ញា ពេជ្រ សោភា ទេ គឺមានគេបង្កើត Profile ថ្មីមួយ ហើយដាក់រូបរបស់គេ និងមិត្តស្រីចូលបន្លំជេរ ដើម្បីបំបែកបំបាក់រូបគេ និងពេជ្រ សោភា ។ បន្ទាប់ពីចុះផ្សាយបានមួយថ្ងៃ ស្រាប់តែកញ្ញា ពេជ្រ សោភាទូរស័ព្ទមកអ្នកយកព័ត៌មានកោះសន្តិភាពបញ្ជាក់ថា នាង និងយុវជន K មិនត្រូវរ៉ូវគ្នាវិញទេ តាំងពីថ្ងៃកើតរឿងជេរមក គឺមិនដូចជាយុវជន K និយាយថា រូបគេនិងនាងត្រូវរ៉ូវគ្នាវិញនោះទេ ។

កញ្ញា ពេជ្រ សោភា បញ្ជាក់អំពីរឿងនេះកាលពីថ្ងៃទី១២ កញ្ញា ថា នាង និងយុវជន K មិនដែលនិយាយរកគ្នាទេ តាំងពីមានរឿងកើតឡើងមក ។ នាងមិនសុខចិត្តទេ ព្រោះ K មិនដែលហាមមិត្តស្រីរបស់គេឱ្យឈប់ជេរនាងឡើយ ។ មកដល់ពេលនេះពួកគេនៅតែបន្តជេរមកលើរូបនាងស្ទើរតែរៀងរាល់ថ្ងៃ ។ មិនត្រឹមតែមិត្តស្រី K ទេដែលជេរនាង សូម្បីបងស្រីរបស់មិត្តស្រីគេក៏ជេររូបនាងដែរ ។ នាងមិនសុខចិត្តទេ ថ្ងៃណាមួយនាងនឹងបើកសន្និសីទកាសែតកោះហៅ K មកនិយាយទល់មុខគ្នា តើគេហ៊ានធ្វើហ៊ានទទួលខុសត្រូវទេ ។

ពេជ្រ សោភា មិនជឿថា មានគេបង្កើត Profile ជេរនាងទេ បើមានគេស្អប់នាងមែន គឺគេជេរនាងយូរហើយ មិនមែនទើបតែក្រោយពេលនាងណែនាំ K ហើយមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែមានគេជេរនាងនោះទេ ។ តារាចម្រៀងរូបនេះ អះអាងថា «Profile នោះ គឺជារបស់ K និងមិត្តស្រីយ៉ាងពិតប្រាកដ មិនមានអ្នកណាចង់បំបែកបំបាក់នាងខ្ញុំនិងគេទេ។ K មានចេតនាប្រាប់មិត្តស្រីឱ្យជេររូបនាងខ្ញុំយ៉ាងពិតប្រាកដ»។

ពេជ្រ សោភា ប្រាប់កោះសន្តិភាពថា បន្ទាប់ពីមានរឿងជេរមកលើរូបនាង ខាងក្រុមហ៊ុនក៏ជួយដោះស្រាយ ហើយ K សុំទោសនាង តែនាងមិនព្រម គឺតម្រូវឱ្យគេសុំទោសតាម Facebook វិញ តែ K បានត្រឹមតែប្រើពាក្យថា សុំអធ្យាស្រ័យ S.P ហើយបានបិទ facebook មួយរយៈខ្លី ។ ពេជ្រ សោភា បន្ថែមទៀតថា នាងស្គាល់ K ច្បាស់ណាស់ ហើយ K ក៏ធ្លាប់ប្រើកុំព្យូទ័ររបស់នាងលេង facebook ដែរ នាងចង់សួរថា តើ K ច្បាស់ដែរ ឬអត់ថា Profile នោះមិនមែនជារបស់គេ និងមិត្តស្រីរបស់គេ ។តារាចម្រៀងរូបនេះ និយាយថា «សត្វក្អែកនៅតែជាសត្វក្អែក ទោះបីជាលាបពណ៌ស ក៏នៅតែជាសត្វក្អែកដដែល ។ បើមិនហ៊ានទទួលខុសទេ ធ្វើជាអណ្តើកនៅក្នុងស្នូកចុះ ឬក៏ធ្វើជាសត្វកន្ធាយក៏បាន អ្នកណាមិនស្គាល់ K ច្បាស់ តែនាងខ្ញុំស្គាល់ K ច្បាស់ណាស់ ស្គាល់ទាំងមិត្តស្រីរបស់ K ថា មានប៉ុន្មាននាក់ទៀតផង ។ មិនត្រឹមតែប៉ុណ្ណោះ មានទាំងសាក្សីដែលអាចបញ្ជាក់ថា Profile នោះ គឺជា របស់ K ទៀតផង»។

នៅពេលភ្នាក់ងារកោះសន្តិភាពទូរស័ព្ទទៅសួរយុវជន K កាលពីព្រឹកថ្ងៃទី១៣ កញ្ញា គេនៅតែបដិសេធថា ប្រូហ្វាល់នោះមិនមែនជារបស់គេទេ ហើយម្យ៉ាងរូបគេផ្អាកលេងហ្វេសប៊ុកយូរមកហើយ ។យុវជន K និយាយថា គេចង់បញ្ចប់រឿងវិវាទជាមួយ ពេជ្រ សោភា គឺមិនចង់ឆ្លើយឆ្លងតទៅទៀតទេ ។ ចំពោះទំនាក់ទំនងជាមួយកញ្ញាពេជ្រ សោភា យុវជន K និយាយថា គេនៅតែនិយាយរកនាងដដែល តែបើនាងមិនចង់និយាយជារឿងរបស់នាង ។

កន្លងមក បងប្រុសជីដូនមួយរបស់ K ក៏បានចេញមុខបកស្រាយជាមួយយុវជន K ផងដែរថា Profile នោះមិនមែនជារបស់ K ទេ គឺអាចមានគេស្អប់នាង និង K ក៏បង្កើត Profile ថ្មីបង្ខូចឈ្មោះ K ។អ្នកយកព័ត៌មានបានទទួលដំណឹងមួយពីមិត្តរួមអាជីពរបស់ K ថា គេប្រហែលជាត្រូវដកខ្លួនចេញពីសិល្បៈ ព្រោះតែរូបគេមានបញ្ហាជាមួយកញ្ញាពេជ្រ សោភា ច្រើនពេក ៕  

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា