ដោយសារតែការថែរក្សាស្បែកគឺជារឿងចាំបាច់ដ៏សំខាន់មួយ ទើបទាំងអស់គ្នាមិនអាចមើលរំលងបានឡើយ។ ធ្លាប់ទេ ពេលដែលខ្លះមានអារម្មណ៍ថា ស្បែកស្ងួតយ៉ាងខ្លាំង ហើយមានបញ្ហាទៀតផង មិនថាតែស្បែកលើខ្លួន ដៃជើង ឬកន្លែងផ្សេងៗទៀតនោះទេ ជាពិសេសគឺស្បែកមុខតែម្តង។ 

អ្នកទាំងអស់គ្នាពិតជាដឹងច្បាស់ហើយមែនទេថា ស្បែកមុខយើងមានតែមួយទេ ដូច្នេះត្រូវតែមានការយកចិត្តទុកដាក់ថែរក្សាឱ្យបានខ្ជាប់ខ្ជួន។ ហើយក្រៅពីការថែរក្សាទៅ អ្នករឹតតែត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាមួយនឹងសកម្មភាពជាប្រចាំថ្ងៃរបស់អស់លោកអ្នកផងដែរ ព្រោះបើអ្នកធ្វេសប្រហែសវាអាចបណ្តាលឱ្យមានផលប៉ះពាល់ទៅដល់ស្បែកបានដោយមិនដឹងខ្លួន។

តោះទៅមើលសកម្មភាព១០យ៉ាង ដែលអាចបង្កឱ្យស្បែកខូចបានដោយងាយនោះគឺរួមមានតទៅនេះ៖

ទី១៖ ភ្លេចលាបឡេការពារកម្តៅថ្ងៃមុនពេលចាកចេញពីផ្ទះ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍យើងនេះ ភាគច្រើនត្រូវបានគេទទួលស្គាល់ថា មានពន្លឺព្រះអាទិត្យក្ដៅខ្លាំង ដូច្នេះការចាកចេញពីផ្ទះដោយគ្មានអ្វីទាំងអស់ដើម្បីការពារស្បែក វាមិនមែនជារឿងល្អទេសម្រាប់សុខភាពស្បែក។ អាចនិយាយបានថាវាមិនមែនជាការតុបតែងខ្លួននោះទេ ប៉ុន្តែយ៉ាងហោចណាស់វាជាការល្អប្រសើរជាងពេលដែលគ្មានឡេការពារកម្តៅថ្ងៃសោះ។ អ្នកដឹងទេកាំរស្មី UV ពីព្រះអាទិត្យ គឺជាសត្រូវលេខមួយរបស់ស្បែក វាអាចធ្វើឱ្យស្បែកខ្មៅ មានស្នាមជាំ និងឈានទៅរកហានិភ័យនៃជំងឺមហារីកស្បែកបានផងដែរ។

ទី២៖ ងូតទឹកក្តៅ៖ ការងូតទឹកក្តៅបន្ទាប់ពីសម្រាកពីការងារ គឺជារឿងល្អមួយ ព្រោះអាចធ្វើឱ្យយើងធូរស្រាលពីភាពនឿយហត់មួយកម្រិតដែរ។ ប៉ុន្តែត្រូវប្រយ័ត្នថា ចូរកុំងូតទឹកក្តៅញឹកញាប់ពេក ឬងូតទឹកក្តៅយូរពេក ព្រោះនឹងធ្វើឱ្យយើងមានអារម្មណ៍វិលមុខ ឬជួនកាលអាចដួលសន្លប់ក្នុងបន្ទប់ទឹកផងក៏មាន។ ចំណែកឯស្បែកវិញនឹងស្ងួត ស្តើងងាយរបក និងអាចបណ្តាលអោយកើតមុននៅលើដងខ្លួនបានទៀតផង។

ទី៣៖ ខាត់ស្បែកញឹកញាប់ពេក៖ ការដុសខាត់ស្បែកជួយឱ្យកោសិកាស្បែកចាស់របកចេញ និងបណ្តុះកោសិកាថ្មីជំនួសមកវិញ។ ប៉ុន្តែអ្នកគួរខាត់ស្បែកតែ ១ ទៅ​​ ២ដង ក្នុងមួយសប្ដាហ៍បានហើយ បើមិនដូច្នេះទេអាចបណ្តាលឱ្យអ្នករលាកស្បែកនិងនាំឱ្យស្បែកងាយប្រតិកម្ម ឬកើតអាឡែកស៊ីជាងធម្មតាក៏មានដែរ។ 

ទី៤៖ គេងមិនគ្រប់គ្រាន់៖ នៅពេលយប់រាងកាយត្រូវការសម្រាក និងធ្វើការជួសជុលបង្កើតថ្មីនូវកោសិកាដែលបានបាត់បង់នៅពេលថ្ងៃ ដូចនេះអ្នកមិនគួរគេងលក់តិចជាង៦ម៉ោងក្នុងមួយថ្ងៃនោះទេ។ បើមិនដូច្នោះ ស្បែករបស់អ្នកនឹងស្ងួត ពិសេសគឺស្បែកមុខ អាចនាំឱ្យផាត់គ្រឿងសំអាងមិនចូលបានសព្វល្អ ជ្រីវជ្រួញ មិនស្រស់ថ្លា និងមើលទៅចាស់ជាងធម្មតា។

ទី៥៖ ប្រើផលិតផលថែរក្សាស្បែក (skincare) ច្រើនប្រភេទក្នុងពេលតែមួយ៖ ប្រសិនបើស្បែកអ្នកមានបញ្ហាគួរជ្រើសផលិតផលណាដែលសមនឹងប្រភេទស្បែកអ្នកជាងគេ ចៀសវាងការប្រើផលិតផលច្រើនមុខក្នុងពេលតែមួយ ព្រោះសមត្ថភាពនៅក្នុងការស្រូបយករបស់ស្បែកមានកំណត់ ដូចនេះបើអ្នកបង្ខំលាបឡេថែទាំកាន់តែច្រើន ស្បែកអាចនឹងស្រូបយកបានកានតែតិច។ ដូច្នេះចូរជ្រើសរើសផលិតផលដែលសមស្របបានហើយ និងដើម្បីជាការសន្សំថវិកាផងដែរ។

ទី៦៖ មិនស្គាល់ប្រភេទស្បែករបស់ខ្លួនឯងផ្ទាល់៖ ស្បែករបស់យើងម្នាក់គឺមិនមែនដូចគ្នាទាំងអស់នោះទេ ដូច្នេះត្រូវរៀនសង្កេត និងស្គាល់ប្រភេទស្បែករបស់ខ្លួនឯងផងថា វាជាប្រភេទស្បែកសម្បូរខ្លាញ់ ឬស្បែកស្ងួត។ ដូច្នេះអ្នកនឹងអាចជ្រើសរើសផលិតផលបានត្រូវទៅតាមប្រភេទស្បែករៀងៗខ្លួន។ 

ទី៧៖ មិនលាងសម្អាតខ្លួនបន្ថែមក្រោយពីហែលទឹករួច៖ តើអ្នកប្រកដចិត្តប៉ុណ្ណាថា នៅក្នុងអាងហែលទឹករបស់អ្នកគ្មានមេរោគនោះ? មិនតែប៉ុណ្ណក្លរីននៅក្នុងអាងទឹក ក៏អាចធ្វើឱ្យប៉ះពាល់ដល់ស្បែករបស់អ្នកទៀតផង។ ដូចនេះដើម្បីរក្សាស្បែករបស់អ្នកឱ្យបានល្អនោះ ក្រោយពេលចេញពីអាងហែលទឹក អ្នកគួរងូតទឹកស្អាតបន្ថែមម្តងទៀត ជាមួយនឹងការប្រើសាប៊ូដែលមានសារធាតុស្រាលស្រទន់ចំពោះស្បែកទើបជាការប្រសើរ។

ទី៨៖ ចូលចិត្តប្តូរពណ៌ស្បែក៖ បច្ចុប្បន្នផលិតផលថែរក្សាស្បែកកំពុងតែសម្បូរខ្លាំងណាស់សម្រាប់សុភាពស្រ្តី រហូតដល់មានអ្នកខ្លះលាបផលិតផលប្តូរពណ៌ស្បែកពីស ទៅជាខ្មៅស្រគាំៗតិចៗវិញដើម្បីបង្កើតភាពស៊ិចស៊ីមានមន្តស្នេហ៍ផងក៏មាន ប៉ុន្តែជាការពិតណាស់វាបានភ្ជាប់មកជាមួយនូវផលប៉ះពាល់ទៅលើស្បែកជាខ្លាំងដូចជា ធ្វើឱ្យស្បែកស្ងួត ឆាប់មានស្នាមជាំខ្មៅ និងចុងក្រោយគឺប្រឈមមុខនឹងហានិភ័យនៃជំងឺមហារីកស្បែកផងដែរ។

ទី៩៖ ចូលគេងទាំងមិនបានលាងសម្អាតមុខ៖ ចំណុចនេះគឺមានសារៈសំខាន់ខ្លាំងណាស់ ពិសេសសម្រាប់អ្នកដែលសម្បូរកម្មវិធីជប់លៀងផ្សេង ឬដើរលេងនៅខាងក្រៅជាញឹកញាប់រហូតដល់យប់ជ្រៅ។ ដឹងទេបើសិនមិនបានលាងមុខសម្អាតក្អែល ឬគ្រឿងសំអាងចេញពីមុខ ពេលចូលគេងទេនោះ វានឹងបណ្តាលឱ្យស្បែកមុខងាយខូច។ ដូច្នេះគួរចំណាយពេល៥នាទីលាងមុខចេញ ឬយកសំលីមកជូតចេញក៏បាន ទើបអាចជួយពន្យឺតភាពចាស់បានមួយចំណែកដែរ។

ទី១០៖ ចូលចិត្តកេះ ច្របាច់ ឬញិចមុននៅលើមុខ៖ "មុន" រាប់ចាត់ទុកថាគឺជាសត្រូវទី១ដ៏កាចសាហាវបំផុតរបស់ផ្ទៃមុខ ហើយជាទូទៅវាតែងតែកើតមករំខានមនុស្សជាច្រើនទាំងប្រុសទាំងស្រី ដែលជាហេតុបង្កឱ្យមានការរំខានរហូតដល់ទ្រាំមិនបាន ក៏បានយកដៃទៅកេះ ច្របាច់ ឬញិចមុននៅលើមុខខ្ទេចខ្ទីគ្មានសល់។ សូមប្រាប់ថានេះមិនមែនជាវិធីល្អទេសម្រាប់អ្នកព្រោះដៃដ៏កង្វក់របស់អ្នកនេះទៅបំផ្លាញផ្ទៃមុខខ្លាំងជាងអ្វីទាំងអស់។ វិធីល្អបំផុតគួរទៅជួបពេទ្យដើម្បីព្យាបាលទើបជាការប្រសើរ។

ទី១១៖ មិនធ្វើការសម្អាតជក់តុបតែងមុខឱ្យបានស្អាត៖ ស្រីៗពិតជាស្រលាញ់ការតុបតែងមុខជាងគេណាស់ ប៉ុន្តែអ្នកក៏ត្រូវហ្មត់ចត់ទៅលើប្រដាប់តែងមុខទាំងនោះផងដូចជា ជក់ផាត់ភ្នែក ឬផាត់ថ្ពាល់ជាដើម ត្រូវទុកដាក់ឱ្យបានត្រឹមត្រូវ និងស្អាតជានិច្ច។ ដឹងទេថា ជក់ផាត់ ឬគូរ ដែលអ្នកប្រើជាទូទៅជារៀងរាល់ថ្ងៃអាចសន្សំបាក់តេរីបានដោយយើងមិនអាចមើលឃើញ។ ដូច្នេះមុនពេលផាត់ថ្មីម្តងៗ គួរសម្អាតជាមុនសិន បើមិនចង់ឱ្យមុខអ្នកឡើង មុនបន្ថែមជាងនេះ។

ទី១២៖ មិនលាងមុខក្រោយពេលហាត់ប្រាណរួច៖ ដូចគ្នាជាមួយនឹងការថែរក្សាដងខ្លួន និងរាងកាយដែលមានសុខភាពល្អហើយ អ្នកក៏ត្រូវតែចងចាំដែរថា បន្ទាប់ពីហាត់ប្រាណរួចគួរលាងមុខឱ្យបានស្អាតជានិច្ច។ អ្នកដឹងទេ ក្នុងអំឡុងពេលធ្វើលំហាត់ប្រាណរាងកាយត្រូវបែកញើស ហើយប៉ះនឹងធូលីផងដែរ ដូច្នេះប្រសិនបើអ្នកមិនលាងសម្អាតមុខចេញភ្លាមៗទេ ញើស និងធូលីទាំងនោះ អាចនឹងបង្កឱ្យលើមុខរបស់អ្នកកើតមុនជាក់ជាមិនខានទេ។

ទី១៣៖ ចូលចិត្តទទួលទានរបស់ផ្អែមៗញឹកញាប់ពេក៖ បច្ចុប្បន្នយើងសង្កេតឃើញថា ហាងបង្អែម និងនំ ផ្សេងៗកើតមានជាច្រើនហូហែរ ជាពិសេសគឺ ការ៉េម និងនំខេកជាដើម។ សូមចងចាំថា កាលណាយើងបរិភោគវាច្រើនពេកអាចបណ្តាលឱ្យកម្រិតអាំងស៊ុយលីននៅក្នុងឈាមកើនឡើង បង្កឱ្យការផលិតជាតិខ្លាញ់ក៏កើនឡើងដែរ ដែលនេះហើយគឺជាមូលហេតុនៃការកើតមុនទាំងនៅលើមុខ និងដងខ្លួន។

ដូច្នេះសរុមមកវិញ អ្នកមិនគួរធ្វេសប្រហែសឡើយសម្រាប់ការថែរក្សាស្បែកទាំងស្បែកមុខ និងដងខ្លួន។ ដឹងបែបនេះហើយ តើអ្នកនៅអាចបណ្តោយឱ្យសកម្មភាពមិនល្អទាំងអស់នេះមកបំផ្លាញស្បែកដ៏ស្រស់ស្អាតរបស់អ្នកទៀតដែរឬទេ?

ប្រភព៖ Kapook / akerufeed 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]