(ភ្នំពេញ)៖ តារាចម្រៀង​ដ៏ល្បី​ប្រចាំប្រទេស​កម្ពុជា អ្នកនាង មាស សុខសោភា បានប៉ះ​ជាមួយតារាចម្រៀង និងសម្ដែងដ៏ល្បី​មកពី​ប្រទេសថៃ គឺកញ្ញា ផេន ខេក ដែលមហាជន​ក្នុងប្រទេសកម្ពុជា ស្គាល់នាងតាមរយៈ​ការសម្ដែង​ ក្នុងរឿង «ហង្សបាក់ស្លាប» នៅលើឆាកតន្រ្តី​ប៉ុស្ដិ៍លេខ៥ នាយប់​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងព្រឹត្តិការណ៍តន្រ្តី​ប្រចាំខែ មានឈ្មោះថា «ខ្មែរញញឹម»។

ក្រៅពីតារាចម្រៀង មាស សុខសោភា ដែលបានបង្កបរិយាកាស​សប្បាយរីករាយ ធ្វើឲ្យអ្នកទស្សនាហ៊ោរកញ្ជ្រៀវ ជាមួយនឹងចង្វាក់​​រាំដ៏រស់រវើក​ហើយនោះ សម្រាប់តារាចម្រៀង​កម្ពុជា ក៏មានអ្នកនាង សុខ ស្រីនាង ម្នាក់ទៀត ដែលជាតារាចម្រៀង មកពីផលិតកម្ម​សាន់ដេ បានបង្កឲ្យឆាកតន្រ្តី​សប្បាយ​ ផងដែរ។

អ្នករៀបចំកម្មវិធីប្រគំតន្រ្តី ប្រចាំស្ថានីយទូរទស្សន៍​ កងយោធពល​ខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ បានថ្លែងឲ្យដឹងថា ជារៀងរាល់ខែ​ប៉ុស្ដិ៍លេខ៥ តែងតែរៀបចំកម្មវិធី​ប្រគំតន្រ្តី មានឈ្មោះថា «ខ្មែរញញឹម» ដោយកម្មវិធីនេះ បានអញ្ជើញតារាចម្រៀង តារាសម្ដែងមានឈ្មោះ​ល្បីមកពីប្រទេសថៃ និងតារាចម្រៀង ក្នុងប្រទេសកម្ពុជា មកសម្ដែងរួមគ្នា ដើម្បីឲ្យព្រឹត្តិការណ៍​នេះ កាន់តែអស្ចារ្យ សប្បាយរីករាយ​ទ្វេដង និងធ្វើឲ្យអ្នកគាំទ្រ ប្លែកអារម្មណ៍ពីមួយខែ​ទៅមួយខែ។

ជាក់ស្ដែងនៅក្នុងខែនេះ កម្មវិធី បានធ្វើការអញ្ជើញតារាសម្ដែង និងចម្រៀងដ៏ល្បីទាំង​​​នៅ​ក្នុងប្រទេសថៃ គឺកញ្ញា ផេន ខេក ដែលបងប្អូន​នៅទីនេះ ក៏បាន​ស្គាល់​នាង តាមរយៈការសម្ដែង​ ក្នុងរឿង​ភាគជាច្រើន ឲ្យមកសម្ដែងនៅលើឆាកតែមួយ ជាមួយនឹងតារាល្បី​របស់កម្ពុជា គឺអ្នកនាង មាស សុខសោភា មកពីផលិតកម្ម ថោន និង អ្នកនាង សុខ ស្រីនាង មកពីផ​លិតកម្ម សាន់​ដេ ក្នុងន័យញ៉ាំងឲ្យកម្មវិធី កាន់តែកក្រើកឡើង បន្ថែមទៀត។

ដោយឡែកតារាសម្ដែង និងចម្រៀង កញ្ញា ផេន ខេក បានថ្លែងជាភាសាអង់គ្លេស ប្រាប់ដល់បណ្ដាអ្នកសារព័ត៌​មាន​ក​ម្ពុជាថា នាងពិតជាសប្បាយរីក​រាយ​ណាស់ ដែលបានមកសម្ដែង​នៅ​ក្នុង​ប្រទេសកម្ពុជា។ ជាការពិតនាងបានមក​ប្រទេសកម្ពុជា ជាច្រើនដងមកហើយ ប៉ុន្តែសន្ទុះនៃអ្នកគាំទ្រ នៅតែមានខ្លាំង​ក្លា​​ដដែល ឃើញថា បងប្អូន​នៅទីនេះ នៅតែរួសរាយរាក់ទាក់​ចំពោះនាង នៅតែស្រឡាញ់រាប់អាន​​នាងដដែល ហើយអាចមានច្រើន​ជាង​មុន​ ទៀតផង។

កញ្ញា ផេន ខេក បន្ថែមទៀតថា នាងពិតជានឹករឭកដល់បងប្អូន អ្នកគាំទ្រ នៅក្នុងប្រទេសកម្ពុជា ខណៈដែលនាងមកកម្ពុជាម្ដងៗ ឃើញថាអ្នកគាំទ្រ នៅតែចូលចិត្តនាង និងតាមមកមើលការសម្ដែង របស់នាងគ្រប់ពេល។ នាងក៏សូមថ្លែងអំណរគុណ ដល់ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍លេខ៥ របស់កម្ពុជា ដែលបានបង្កើតកម្មវិធីនេះឡើង ហើយបានផ្ដល់ឱកាស អញ្ជើញនាង​ឲ្យមកសម្ដែង ជួបជាមួយអ្នកគាំទ្រនៅថ្ងៃនេះ៕

ប្រភព៖ Fresh News

កំណត់ត្រាខ្មែរឡូត៖

យ៉ាងណាមិញ អ្នកនាង មាស សុខសោភា ឬមានឈ្មោះហៅក្រៅថា «ស្រីអូន» និងមានដើមកំណើតចេញ ពីខេត្តកំពង់ស្ពឺ គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាព និងកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់យុវវ័យ។ បច្ចុប្បន្នតារាស្រីរូបស្អាតម្នាក់នេះ កំពុងជ្រកកោនសាងភាពថ្កុំថ្កើនទៅថ្ងៃអនាគតឱ្យខ្លួនឯង និងក្រុមគ្រួសារ នៅក្រោមដំបូលរបស់ផលិតកម្មថោន ថែមទាំងមានបងប្រុសម្នាក់ឈ្មោះ មាស សុខរតនៈ ជាអ្នកគ្រប់គ្រងទូទៅក្នុងផលិតកម្មថោនទៀតផង ក្រោយពីនាងបានប្តូរផលិតកម្មច្រៀង ជាច្រើនកន្លែងផ្សេងៗគ្នា។

រយៈពេលកន្លងមកជាច្រើនឆ្នាំ ដោយបានឆ្លងកាត់ឧបសគ្គ នៅក្នុងជីវិតយ៉ាងច្រើនរាប់មិនអស់ បានធ្វើឱ្យអ្នកនាង មាស សុខសោភា អាចកែប្រែខ្លួនពីក្មេងស្រីជនបទ មានរូបសម្ផស្សមិនស្អាតម្នាក់ ទៅជាតារាស្រីម្នាក់ដែលមានកេរ្តិ៍ឈ្មោះល្បាញល្បី គឺជាកំពូល Super Star ដ៏អស្ចារ្យនៅក្នុងប្រទេស និងទទួលបានប្រាក់តម្លៃខ្លួនរាប់ពាន់ដុល្លារក្នុងមួយកម្មវិធីៗ។​ ទាំងនេះសុទ្ធតែបានមកពី ការខិតខំប្រឹងប្រែងរបស់ខ្លួន ពីមនុស្សស្រីសាមញ្ញៗ ម្នាក់រហូតក្លាយជា កំពូលតារាដែលស្ថិតនៅក្នុងដួងចិត្តទស្សនិកជន មិនតិចនាក់នោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា