(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតបង្គ្រប់កិច្ចទល់នឹងជម្រើសជាតិវៀតណាម នៃពូល B នាម៉ោង៦៖៣០នាទីល្ងាចនេះ ក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 ស្របពេលម៉ាឡេស៊ី ប៉ះម្ចាស់ផ្ទះមីយ៉ាន់ម៉ា។

ក្រុមដែលមានរហស្សនាមថា «គោព្រៃ» បានចាប់ផ្តើមទម្រង់លេងដ៏ល្អ និងអាចស៊ុតបញ្ចូលទីក្រុមម៉ាឡេស៊ី និងម្ចាស់ផ្ទះ មិយ៉ាន់ម៉ា នាំមុខគេជានិច្ច ជាអ្វីៗត្រូវបានប្រែប្រួលជាខ្លាំងនៅនាទីចុងម៉ោងក្នុងវគ្គទី១ និងវគ្គទី២ នៃការប្រកួតទាំង២ដង សម្រាប់ក្រុមដែលឆ្លងផុតវគ្គជម្រុះកាលពីខែតុលា ឆ្នាំ២០១៦។

តែយ៉ាងណាក៏ដោយ កម្ពុជានៅតែរងសម្ពាធ បើទោះបីជាតំបន់ប្រយុទ្ធមុតស្រួច តែមានភាពធូររលុងក្នុងតំបន់បម្រើ កណ្តាល និងតំបន់ការពារ ដែលធ្វើឲ្យគូប្រកួតងាយស្រួលចាប់បានចំណុចខ្សោយ និងវាយបកយកឈ្នះវិញនៅពេលប៉ះ ម៉ាឡេស៊ី ចាញ់ ៣-២ និងប៉ះម្ចាស់ផ្ទះមីយ៉ាន់ម៉ា ចាញ់ ៣-១ ធ្វើឲ្យក្រុមជ្រុះចេញពីពាន AFF Suzuki Cup 2016 មុនគេ ដោយឈរនៅបាតតារាងនៃពូល B ស៊ុតបញ្ចូលទីគេបាន៣គ្រាប់ និងរបូតវិញ៦គ្រាប់។

កម្ពុជា ធ្លាប់ចាញ់វៀតណាមស្ពឹកមុខ ៩-១ ក្នុងពានប្រចាំតំបន់នេះដូចគ្នា កាលពីខែធ្នូ ឆ្នាំ២០០៤ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក តែអ្វីៗអាចនឹងផ្លាស់ប្តូរ ហើយប្រសើរជាងមុន ព្រោះវៀតណាមបានកក់កៅអីឡើងទៅវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្ររួចបាត់ទៅហើយ ក្រោយយកឈ្នះឥណ្ឌូនេស៊ី ១-០ ចុងម៉ោងឈរនៅលេខ១ ប្រចាំពូល B ដោយមិនជួបក្រុម ការពារតំណែងជើងឯកថៃឡើយក្នុងវគ្គខ្វែងពូលដែលនឹងធ្វើឡើងនៅថ្ងៃទី៣-៤ និងថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខ ប្រកួត២ជើង ដូរទឹកដីគ្នា៕

ប្រភព៖ Fresh News

កំណត់ត្រាខ្មែរឡូត៖

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៣ វិច្ឆិកា កន្លងទៅនេះ ក្នុងជំនួបជាមួយមីយ៉ាន់ម៉ា កម្ពុជាហាក់មិនមានសំណាង ដើម្បីទទួលបាន៣ពិន្ទុក្នុងពូលទេ ដោយលទ្ធផល មីយ៉ាន់ម៉ា ឈ្នះកម្ពុជា ៣ទល់១ ដែលមួយគ្រាប់ស៊ុតនាំមុខ មីយ៉ាន់ម៉ាមុន ធ្វើបានដោយកីឡាករ សុស សួសវណ្ណា ក្រោមការជួយគាំទ្រពី វឌ្ឍនាកា។ ចង់ជ្រាបច្បាស់ សូមទស្សនា វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]