រាជធានីភ្នំពេញ ៖ កញ្ញា ផាន់ ម៉ូនីកា មានឱកាសចេញ ទៅច្រៀងនៅក្រៅប្រទេសជាលើកទី១ គឺទៅប្រទេសអូស្ត្រាលី បន្ទាប់ពីនាងប្រលូកក្នុងវិស័យសិល្បៈ អស់រយៈពេលជិត៨ឆ្នាំ មកនេះ។ កាលពីមុននាងក៏ធ្លាប់ ចេញទៅបរទេសដែរ តែមិនមែនលក្ខណៈសិល្បៈទេ គឺទៅធ្វើមុខជំនួញប៉ុណ្ណោះ ។

ទាក់ទិនទៅនឹងការធ្វើដំណើរចេញទៅច្រៀងនៅ ប្រទេសអូស្ត្រាលីនេះផាន់ ម៉ូនីកា ប្រាប់កោះសន្តិភាពថា នាងត្រូវចេញដំណើរនៅថ្ងៃទី១៧ កញ្ញា តែមិនទាន់កំណត់ថ្ងៃណានឹង ត្រលប់មកវិញទេ អាចប្រហែលជាមួយខែ ឬមួយខែកន្លះ ។ ការធ្វើដំណើរចេញទៅប្រទេសអូស្ត្រាលី នេះមានគ្នាចំនួន៤នាក់ គឺរូបនាង លោក សុខ រក្សា និងតារាសម្តែងស្រី២នាក់ទៀត ។

ផាន់ ម៉ូនីកា មិនទាន់ដឹងច្បាស់ថា នឹងអាចទទួលបានជោគជ័យ ឬក៏យ៉ាងណាទេ សំខាន់នាងនឹងខំប្រឹងឱ្យអស់ពីលទ្ធភាព ដើម្បីចាប់យកភាពជោគ  ជ័យ ដោយនាងសង្ឃឹមថា បងប្អូនខ្មែរដែលរស់នៅអូស្ត្រាលី នឹងគាំទ្រដល់រូបនាងដែល ជាកូនកំព្រា ។
កាលពីខែសីហា ផាន់ ម៉ូនីកា ធ្លាប់ត្រូវគេសង្ស័យថា មានអ្នកចិញ្ចឹមនិងជួយទំនុកបម្រុងក្នុងការបើកហាង ស៊ុគីស៊ុប និងហាងលក់សំលៀកបំពាក់ ដែលនាងបានចំណាយដើមទុន រហូតទៅដល់ជាង៣០ម៉ឺនដុល្លារឯណោះ ។ ហាងលក់សំលៀកបំពាក់នោះគឺជាកម្មសិទ្ធិផ្ទាល់ខ្លួននាង តែម្នាក់គត់ គ្រាន់តែខ្ចីឈ្មោះលោក គង់ រ៉ាយុទ្ធ ដាក់ប៉ុណ្ណោះ ។

ចំពោះបញ្ហានេះតារាសម្តីផ្អែមផាន់ ម៉ូនីកា បញ្ជាក់ថា នាងមិនមានអ្នកចិញ្ចឹមទេ ហើយហាងស៊ុគីស៊ុប និងហាងលក់សំលៀកបំពាក់នោះគឺនាងចូលភាគហ៊ុនជាមួយលោកគង់ រា៉យុទ្ធ ដែលជាបងប្អូនជីដូនមួយនឹងគ្នា ។ នាងមិនមានប្រាក់ច្រើនទៅបើកហាងទេ ។ នាងខំប្រឹងសន្សំប្រាក់ជាច្រើនឆ្នាំរហូតដល់មានលុយគ្រប់ ចូលភាគហ៊ុនជាមួយលោកគង់ រា៉យុទ្ធ ។

កញ្ញា ផាន់ ម៉ូនីកា បានចូលរួមសម្តែងក្នុងរឿង វិញ្ញាណបិសាចជញ្ជក់ឈាម ជាតួអង្គខ្មោចចងគំនុំ ។ ចំណែកឯអាជីពសិល្បៈចម្រៀងវិញនោះ ខណៈនាងមានការមមាញឹកនឹងការងាររកស៊ីផ្ទាល់ខ្លួនក៏ ឃ្លាតឆ្ងាយមួយរយៈ។ ទោះជាយ៉ាងណាក្តីបទចម្រៀងរបស់នាង នៅតែមានមួយៗ តែមិនសូវជាលេចធ្លោទេ ។ អ្នកគាំទ្រនឹងរង់ចាំមើលថា តើការចេញទៅច្រៀងនៅបរទេស របស់តារាសម្តីផ្អែមផាន់ ម៉ូនីកា នឹងបានជោគជ័យក្នុងកម្រិតណា ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]