បាត់ដំបង៖ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា កន្លងទៅនេះ ម្ចាស់ផលិតកម្ម រស្មី ស្ទឹងសង្កែ លោកជំទាវ ស៊ួរ វ៉ាន់នី បានប្រារព្ធធ្វើ ពិធីចំរើនព្រះជន្មដ៏ធំបំផុត និងមានពិធីជប់ លៀងខួបកំណើតជួបជុំនៅពេលល្ងាច យ៉ាងផ្អើល ទីក្រុងបាត់ដំបងតែម្តង។

ជាការពិតណាស់ ក្រោយពីខ្មែរឡូត បានចុះផ្សាយនូវអត្ថបទ«ក្រោយក្ស័យធន៥០មឺុន ម្ចាស់ផលិតកម្ម RSK លោកជំទាវ ស៊ួរ វ៉ាន់នី រំភើបចិត្តស្រក់ទឹកភ្នែកពេលឃើញតារាល្បីៗ កូនចៅចាស់ៗ ស្កាត់មកចូលរួមពិធីខួបកំណើតខ្លួននៅបាត់ដំបង! » ក្នុងនោះយើងសង្កេតឃើញថា មានវត្តមាន តារាល្បីៗ និងកូនចៅចាស់ៗ ដែលពួកគេមិនបានភ្លេចគុណបុណ្យរបស់លោកស្រី ថែមទាំងបាននាំគ្នាមកស្កាត់ចូលរួម ក្នុងពិធីខួបកំណើតរបស់លោកស្រីទៀតផង ដោយក្នុងនោះមាន ដូចជា កញ្ញា សុគន្ធ នីសា លោក សាន ផានិត លោក ឈឿន ឧត្តម កញ្ញា នី មុន្នីនាថ និង លោក អេនឌីជាដើម ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន កោតសរសើរពីទឹកចិត្តនិងភាពកត្តញ្ញូរបស់ពួកគេជាខ្លាំង។

ទន្ទឹមនឹងនេះផងដែរ ក៏ស្រាប់តែមានអ្នកគាំទ្រផ្សេងទៀត មានប្រតិកម្ម និងមានការងឿងឆ្ងល់យ៉ាងខ្លាំង ពីអវត្តមានរបស់កំពូលតារាចម្រៀងល្បីៗ និងអ្នកនិពន្ធមួយចំនួន ដូចជា កញ្ញា មាស សុខសោភា កញ្ញា ឱក សុគន្ធកញ្ញា លោក យឹម តាស្រង់ជាដើម ដែលដើមឡើយ ពួកគេកើតចេញដំបូង ពីទ្រនំផលិតកម្ម រស្មី ស្ទឹងសង្កែ របស់លោកស្រីផងដែរ ប៉ុន្តែបែរជាមិនឃើញវត្តមានរបស់ពួកគេ នៅក្នុងពិធីរបស់លោកស្រីទៅវិញ។

ទាក់ទងនឹងសំណួរ និងចម្ងល់ របស់ប្រិយមិត្តនេះ លោកជំទាវ ស៊ួរ វ៉ាន់នី ដែលជាម្ចាស់ ផលិតកម្ម រស្មី ស្ទឹងសង្កែផ្ទាល់ ក៏បានថ្លែងប្រាប់មកកាន់ខ្មែរឡូតយ៉ាងក្បោះក្បាយផងដែរថា តាមពិតទៅ លោកស្រី បានខលតាមទូរសព្ទ័អញ្ជើញពួកគេ(ដូចជា ឱក សុគន្ធកញ្ញា មាស សុគន្ធសោភា និងលោកយឹម តាស្រង់) តាំងពី៣ខែមុនមកម៉្លេះ ហើយកាលនោះពួកគេក៏បានសន្យាថា នឹងទៅចូលរួមពួកគេមិនភ្លេចលោកស្រីនោះទេ។

រហូតមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា លោកស្រីក៏បានខលទៅប្រាប់ពួកគេដើម្បីបញ្ជាក់ ពីការចូលរួមថ្ងៃកំណើតរបស់លោកស្រី នៅថ្ងៃទី២០ ជាថ្មីម្តងទៀត ដោយខ្លាចថាពួកគេភ្លេច ហើយដោយកាលនោះ លោកស្រីក៏បាននិយាយបែបលេងសើច ទៅកាន់ពួកគេដោយប្រយោគមួយឃ្លាថា៖ «បើស្រលាញ់មីងម៉ោ តែបើស្រលាញ់លុយអត់ម៉ោទេ» ស្របពេលនោះ កញ្ញា ឱក សុគន្ធកញ្ញា ក៏បានឆ្លើយតបទៅវិញថា «មិនអីទេអ្នកមីង ខ្ញុំមិនដែលភ្លេចអ្នកមីងទេ ខ្ញុំនឹងទៅ»។

ចំណែកឯ កញ្ញា មាស សុខសោភាវិញ ក៏បានសន្យាថានឹងចូលរួមដូចគ្នា ដោយឡែក ជិតដល់ថ្ងៃ លោកស្រីដ៏បានខលទៅកញ្ញា មាស សុខសោភា ម្តងទៀតដើម្បីបញ្ជាក់ ស្រាប់តែកញ្ញា បាននិយាយថា ជាប់រវល់កំពុងតែប្រជុំចាំពេលចប់ កញ្ញានឹងខលទៅអ្នកស្រីវិញ ដោយសារតែចាំការខលត្រឡប់របស់កញ្ញា យូរពេកលោកស្រីក៏បានខលទៅកញ្ញាម្តងទៀត ខណៈនោះក៏មានអ្នកផ្សេងលើកទូរស័ព្ទ ជំនួសនាង ដោយប្រាប់ថា កញ្ញា កំពុងតែជាប់រវល់ បន្ទាប់ពីលឺបែបនេះ លោកស្រីក៏មិនបានខលអ្វីទៀតទេ ដោយគិតថា ប្រហែលជានាងកំពុងជាប់រវល់ ប៉ុន្តែដល់ថ្ងៃកញ្ញា នឹងចូលរួមហើយ ពីព្រោះយើងបានសន្យាគ្នារួចហើយ។

ដោយឡែក ងាកមកអ្នកនិពន្ធប្រចាំផលិតកម្ម Town លោក យឹម តាស្រង់វិញម្តង ដោយកាលពីដំបូងឡើយ លោកខំជិះកង់មកសុំឱកាស ពីផលិតកម្មរបស់លោកស្រីដើម្បីចង់និពន្ធចម្រៀង ដោយក្តីអាណិតមេត្តា របស់លោកស្រី ក៏បានផ្តល់ឱកាសឲ្យលោក សាងក្តីស្រមៃមកដល់សព្វថ្ងៃ ហើយដោយក្នុងនោះផងដែរ លោកក៏បានសន្យាជាមួយលោកស្រីថា លោក នឹងចូលរួមពិធីខួបកំណើតរបស់លោក មិនឲ្យអាក់ខាននោះទេ។

រហូតមកដល់ថ្ងៃកំណើត លោកស្រីក៏បានកក់បន្ទប់ជាច្រើន នៅឯសណ្ឋាគារល្បីមួយនៅក្នុងទីក្រុងបាត់ដំបង ដើម្បីរង់ចាំស្វាគមន៍ទទួលភ្ញៀវកិត្តិយស តារាល្បីៗ និងកូនចៅចាស់ៗ របស់លោកដែលខំធ្វើដំណើរពីភ្នំពេញ ដើម្បីមកចូលរួម ទាំងក្នុងចិត្តសប្បាយផងរំភើបផង។ ប៉ុន្តែមិនថាយ៉ាងណា អ្វីដែលធ្វើឲ្យលោកស្រី ខកបំណង ជាខ្លាំង ឬអាចនិយាយបានថា ឆ្អែតចិត្តនោះ គឺមិនឃើញវត្តមានរបស់អ្នកទាំង៣ ដែលធ្លាប់បាននិយាយសន្យាជាមួយនឹងលោកស្រីឡើយ ទាំងដែលលោកស្រីខំទន្ទឹងចាំមើលផ្លូវ ម្តងហើយម្តងទៀត ហើយថែមទាំងមិនខលមកប្រាប់លោកស្រី ថាមិនបានមកចូលរួមទៀត។

បន្ថែមពីនេះ លោកស្រីក៏បាននិយាយថា ៖ «មិនដឹងថាជាប់រវល់ឬក៏ធ្វើភ្លេចនោះទេ តែណ្ហើយថាជាប់រវល់មិនបានមកចុះ សូម្បីតែខលមកប្រាប់គ្នាដែលកំពុងទន្ទឹងរង់ចាំផ្លូវមួយម៉ាត់ ថាមិនបានមកទេអ្នកមីងអើយ ខ្ញុំរវល់អញ្ចេះមួយអញ្ចុះពីរ ដូចជា សុគន្ធកញ្ញា រវល់ថតកម្មវិធី Cambodia Idol មិនអាចអាក់ខានបាន ក៏ខ្ញុំមិនថាអ្វីដែរ ប៉ុន្តែនេះគ្មានឃើញសោះ។ តែណ្ហើយម្លោះតែថាមិនបានមកហើយ គ្រាន់តែសរសេរសារជូនពរ បង្ហោះលើបណ្តាញសង្គម ឬក៏ផ្ញើរសារជូនពរតាមទូរសព្ទ័ ក៏មិនមានឃើញដែរ។ ដែលនេះពិតជាខកចិត្តខ្លាំងមែនទែន»៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]