(ភ្នំពេញ)៖ តារាសម្តែង​កញ្ញា សារាយ ព្រះកាយ​ច័ន្ទ​ ខណៈដែលគ្រួសារកំពុងតែមានទុក្ខសោកជាទម្ងន់ ​ព្រោះត្រូវបានបាត់បង់អ្នកម្តាយ និងលោកយាយជាទីស្រឡាញ់ មិនទាន់តែរលត់ផុតពីទ្រូង បានប៉ុន្មានថ្ងៃផង ស្រាប់តែមានការរិះគន់ជាច្រើន បានបាញ់ចាក់ស្រោច មកលើតារាស្រីរូបនេះ ជុំវិញការទទួល​សម្តែងរឿង «ផ្កាយព្រឹក» ដោយភ្ជាប់បញ្ហា ដែលលោកយាយរបស់នាងស្លាប់​នោះ ​ទៅជាមួយនឹងការត្រូវ​បណ្តាសាររបស់មហាជន ពោលមានន័យថា មកពីនាងទទួលថតរឿងនាង «ផ្កាយព្រឹក​» ដែលមហាជនហាក់មិន​សូវ ពេញចិត្ត​នឹងតួសម្ដែងឈ្មោះនេះ តាំងពីយូរមកហើយ ស្របពេលមានទុក្ខព្រួយក្នុងគ្រួសារបែបនេះ ទើបអ្នករិះគន់ទាញភ្ជាប់តែម្ដង។

ឆ្លើយតបនឹងការរិះគន់ ដែលគេបានលើកឡើងថា ការស្លាប់យាយរបស់នាងពេលនេះ ​ព្រោះជាកា​​រនាំស៊យ តាមរយៈការ​សម្តែងខ្សែភាពយន្ត ដែល​ចំឡងពីថៃ គឺរឿង «ផ្កាយព្រឹក»នោះ កញ្ញា សារាយ ព្រះកាយច័ន្ទ បាននិយាយថា «ខ្ញុំសុំប្រាប់ទៅអ្នកទើសទាំងឡាយ បើទើសណាស់ ទប់មិនបានជិតផុតហើយជេរខ្ញុំមក ខ្ញុំនឹងញញឹមទទួល តែបើខ្ញុំឃើញអ្នកណាម្នាក់ជេរ​ដល់ម៉ែឪខ្ញុំ សពយាយខ្ញុំ កុំថាខ្ញុំមិនបានប្រាប់ណា ខ្ញុំក៏មិនទុកឲ្យអ្នកឯង នៅស្រួលដែរ គិតមើលផង​ណា​យើង​ មានម៉ែឪ ហើយយាយតាដូចគ្នា បើគេជេរពួកគាត់ដែរ ជាមនុស្សមិនដឹងអី យើងអង្គុយញញឹមស្តាប់គេមែនទេ ជេរខ្ញុំ ខ្ញុំ​ញញឹមឲ្យជេរណា តែបើជេរម៉ែឪ​យាយខ្ញុំ ខ្ញុំក៏បកទៅវិញដែរ!»។

ជាមួយគ្នានេះដែរ នៅលើ Page សិល្បកររបស់ លោក អ៉ឹម ជីវ៉ា ក៏បានសរសេរប្រតិក​ម្ម ទៅលើ​ការរិះ​គន់នេះដែរថា «សូមមេត្តាកុំយកបុណ្យសព លោកយាយរបស់តារា​សម្តែង កញ្ញា ព្រះកា​យ​ច័ន្ទ មកជេរប្រទេចដាក់បណ្តាសារ ក្នុងការដែលកញ្ញាថតរឿង ​ផ្កាយព្រឹក អី! សូមកុំយកកា​រងារបូកបញ្ចូល ជាមួយរឿងផ្ទាល់ខ្លួន ជាពិសេសបុណ្យសព របស់លោកយាយនាង ដែលទើបតែទទួលមរណភាពថ្មីៗ នេះ នៅឃុំឈើទាលស្រុកឃៀនស្វាយ ហើយបុណ្យ៧ថ្ងៃ និងធ្វើនៅថ្ងៃសៅ​​រ៍ទី ២៦ ឆ្នាំ ២០១៦ ហើយបើបងប្អូនបញ្ចេញមតិយោបល់ ដាក់បណ្តាសារបែបនេះ វាហាក់បី​ដូចអាក្រក់មើលពេក ក្នុងនាមយើងទាំងអស់គ្នា៩០% ដែលកាន់នូវព្រះពុទ្ធសាសនា!»។

លោក អ៉ឹម ជីវ៉ា បានបន្តថា «ខ្ញុំបាទសូមសំណូមពរ ក្នុងនាមខ្ញុំបាទជាក្រុមប្រឹក្សាភិ​បាល សមា​គ​មសិល្បករខ្មែរ និងជាសិល្បករម្នាក់ សូមពុកម៉ែបងប្អូន មិត្ត Facebook មេត្តាដោយអនុគ្រោះ ចំ​ពោះការបញ្ចេញមតិយោបល់ ដោយពាក្យសម្តីណាមួយ ដែលមិនគួរគប្បី ចំពោះពិធីបុណ្យសពលោកយាយ របស់តារាសម្តែង ព្រះកាយច័ន្ទ។ បើបងប្អូនមិនបែងចែកឲ្យច្បាស់លាស់នោះទេ គឺអ្នកត្រូវចាំតែខុស អ្នកខុសអង្គុយសើច មានន័យថា ពេលនេះលោកយាយគាត់ ទទួលមរណភាព ដោយវ័យចាស់ជរា មិនមែនដោយសារតែលោកអ្នក ដាក់បណ្តាសារឡើយ ហើយក៏មិនមែ​នដោយសារតែ ព្រះកាយច័ន្ទ ទៅថតរឿងនាងផ្កាយព្រឹក បានលោកយាយស្លាប់នោះទេ កើតចាស់ឈឺស្លាប់ ជារឿងធម្មជាតិ គ្មានអ្នកណាមួយ​ដែលចង់ស្លាប់នោះទេ រូបំ ទុក្ខំ អនិ្ចចាំ អនត្តា មានរូបមានទុក្ខ !» ។

តារាប្រុសលោក អ៉ឹម ជីវ៉ា ក៏បានលើកឡើងទៀតថា «ខ្ញុំមិនចង់បញ្ចេញមតិយោបល់ រឿងនាងផ្កា​យព្រឹកទេ តែពេលនេះសុំបញ្ចេញមតិយោបល់បន្តិច ខ្ញុំចង់សួរថា បងប្អូនមិត្ត Facebook ថា តើរឿងផ្កាយព្រឹក ដែលថតនៅទូរទស្សន៍មួយ នៅស្រុកខ្មែរ គួរស្តីបន្ទោសតែលើ កញ្ញា ព្រះកាយច័ន្ទ តែម្នាក់ឯងសមទេ ?? តើអ្នកណា ជាអ្នកដឹកនាំរឿងនេះ ចូលមកស្រុកខ្មែរឲ្យថត​ផលិត​?? តើក្រសួងណា ជាអ្នកអនុញ្ញាតឲ្យថត បើដឹងថារឿងនាងផ្កាយព្រឹកនេះ ជាចំណុចរសើប កាលពី១០ឆ្នាំមុន ធ្វើឲ្យប្រទេសជាតិបាត់បង់ថវិការដ្ឋអស់ប៉ុន្មាន លានដុល្លារ? កាលនោះតើពលករខ្មែរ ដែលទៅរស់នៅថៃ និងក្រុមហ៊ុនថៃ នៅស្រុកខ្មែរ តើប្រជាជនយើងបាត់បង់ការងា​រ​ ប៉ុន្មាន​ម៉ឺន​នាក់? សូមបងប្អូនមេត្តាពិចារណារ​ឲ្យបានច្បាស់ផង!»។

​លោក អ៉ឹម ជីវ៉ា បាននិយាយទៀតថា «សួរថាតើ ព្រះកាយច័ន្ទ ហ៊ានចំណាយលុ​យ​ថតដោយខ្លួនឯងមែនទេ ព្រះកាយច័ន្ទ គ្រាន់តែជាតារាសម្តែងម្នាក់ ដែលត្រូវបានគេហៅមកថតតែប៉ុណ្ណោះ ព្រោះមុន​នឹង​នាងមកថត នាងដឹងហើយថា រឿងនេះមានការអនុញ្ញា​ត ពីក្រសួងពា​ក់ព័ន្ធហើយ បាននាងហ៊ានទទួលនោះ បើរឿងនេះថតហើយ ឲ្យនាងទៅជាប់គុក តើមានតា​រាសម្តែងល្បីណាមួយ ហ៊ានទៅសម្តែង កុំថាឡើយតារាខ្មែរតារាបរទេស ក៏ពួកគេមិនហ៊ានដែរ.. ​ហើយបើក្រសួងគេបិទ ការថតរឿងផ្កាយព្រឹកនេះ តារា ព្រះកាយច័ន្ទ ក៏មិនហ៊ានសម្តែងដែរ ឬតវ៉ាដែរ!»។

​«បងប្អូនមិត្ត Facebook គួរយោគយល់ ដល់សិល្បករខ្មែរ​ផង ជីវភា​ព វាមិនមានបានច្រើន ដូចតារាបរទេសទេ ដោយសារប្រទេសយើង ជាប្រទេសកំពុងអភិវឌ្ឍន៍ តារាយើងឲ្យតែស្ថានីយទូរទស្សន៍​ហៅឡើងច្រៀង ហៅថត​និងគ្នាសប្បាយចិត្តណាស់ ទៅហើយ ចុះទម្រាំបានតួឯកទៀត តើអ្នកណាចង់បាត់បង់ ឱកាសល្អនេះ។ សរុបមកបងប្អូនមិត្ត Facebook បើមិនពេញចិត្តរឿងនាង ផ្កាយព្រឹក នេះយើងអាចសរសេរជាលិខិត ជាក់លាក់ណាមួយសំណូមព​រ​ដល់ថ្នាក់ដឹកនាំក្រសួង ដែលពាក់ជាអ្នកពិចារណា វិនិឆ្ឆ័យសម្រេចលើរឿងនាងផ្កាយព្រឹកនេះ ថាគួរឲ្យថត ឬមិនឲ្យថតដើម្បីឲ្យអស់ចិត្ត!» លោក អ៉ឹម ជីវ៉ា បញ្ជាក់បន្ថែម៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រះកាយច័ន្ទ