អាការៈក្អក កើតឡើងនៅពេលដែលមាន វីរុស បាក់តេរី ធូលីដី លំអង  ឬសារធាតុផ្សេងៗដទៃទៀត បង្កឲ្យមានបញ្ហារលាកសរសៃប្រសាទ ដែលនៅក្នុងផ្លូវដង្ហើម រវាងបំពង់ក និងសួត។ ក្អក គឺជាវិធី ដែលរាងកាយរបស់អ្នកព្យាយាម ស្តារផ្លូវដង្ហើមឡើងវិញ។

អាការៈក្អក ដែលមិនបានទទួលការព្យាបាល អាចបង្កជាជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ។ លើសពីនេះទៅទៀត វាអាចបណ្តាលឲ្យចុកទ្រូង អស់កម្លាំង មិនស្រួលក្នុងខ្លួន ហើយថែមទាំងរំខានដល់អ្នកជុំវិញទៀតផង។

អ្នកជំនាញបាននិយាយថា ការចំណាយលុយទិញថ្នាំពេទ្យ ជារឿងខ្ជះខ្ជាយ ជួនកាលមិនមានប្រសិទ្ធភាពទៀតផង។ ហេតុនេះ យើងនឹងលើកឡើងពីវិធីសាស្រ្តមួយចំនួន ក្នុងការព្យាបាលបញ្ហាក្អក ដោយប្រើប្រាស់ឱសថធម្មជាតិ និងអាចធ្វើបានងាយៗដោយខ្លួនឯង ៖ 

១. ខ្ញី ទឹកឃ្មុំ និងក្រូចឆ្មារ

ខ្ញី ដើរតូនាទីជាអ្នកជួយបំបាត់អាការៈតឹងច្រមុះបាន ហើយថែមទាំងសម្រួលអាការៈឈឺកបានថែមទៀតផង ដោយសារតែវាមានសមាសធាតុប្រឆាំងនឹងការរលាក ប្រឆាំងអុកស៊ីតកម្ម និងអាចការពារពីវីរុស ក៏ដូចជាបាក់តេរីផងដែរ។ ទឹកឃ្មុំ មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងមេរោគ សម្រាប់ការពារការឆ្លងមេរោគលើផ្លូវដង្ហើម។ ក្រូចឆ្មារ សំបូរទៅដោយវីតាមីន C ដែលជួយដល់អាការៈក្អក និងការពារផ្តាសាយ។

អ្នកគ្រាន់តែកោសសំបកខ្ញីឲ្យស្អាត រួចហាន់ឲ្យល្អិតប្រមាណ ១ភាគ៤ នៃកែវ ដាក់ក្នុងទឹកដាំពុះចំនួន ១ កែវ។ បន្ទាប់មក ឈូសយកសំបកក្រូចឆ្មារ ២ផ្លែ ដាក់ចូលក្នុងទឹកពុះនោះដែរ ហើយរំងាស់ទុកចោល ៥ នាទី។ បន្ទាប់មកទៀត ស្រង់យកកាកចេញ រួចទុកទឹកនោះមួយឡែក។ យកទឹកឃ្មុំសុទ្ធ មកកំដៅ (កុំឲ្យវាពុះឲ្យសោះ) រួចចាក់ទឹកខ្ញីដាំពុះនោះចូល រួចច្របាច់ក្រូចថែម ២ ផ្លែ។ កូរវាប្រហែលជា ២ ទៅ ៣ នាទី ដោយប្រើភ្លើងតិចៗ រួចសឹមចាក់ចូលក្រឡស្អាតណាមួយ ជាការស្រេច។ សម្រាប់ក្មេងអាយុពី ១ ទៅ ៥ ឆ្នាំ អាចញ៉ាំកន្លះស្លាបព្រាបាយ រាល់ ២ ម៉ោងម្តង។ កុមារពី ៥ ទៅ ១២ ឆ្នាំ អាចញ៉ាំ ២ ស្លាបព្រា រាល់២ ម៉ោងម្តង និងសម្រាប់អ្នកដែលមានអាយុលើសពី ១២ ឆ្នាំអាចទទួលទាន ២ ស្លាបព្រា រាល់ ៤ ម៉ោងម្តង។ 

២. ខ្ងី និងជីអង្កាម

ខ្ញី អាចជួយសម្រាលបំពង់ក បំបាត់ស្លេស និងបំបាត់ការឈឺចាប់ត្រង់ផ្លូវដង្ហើម បានយ៉ាងឆាប់រហ័ស ក្នុងករណីដែលអ្នកមានបញ្ហាក្អកស្ងួត។ សម្រាប់ ជីអង្កាមឯណោះវិញ វាអាចជួយកាត់បន្ថយ ការរលាកនៅបំពង់ក ដោយសារក្អកបាន។

អ្នកគ្រាន់តែហាន់ខ្ញី និងស្លឹកជីអង្កាម ជាចំណិតល្អិតៗ រួចដាក់ចូលទឹកប្រមាណជា ៤ កែវ (ខ្ញី ៣ ស្លាបព្រាបាយ និងស្លឹកជីអង្កាម ១ ស្លាបព្រាបាយ)។ យកវាទៅដាក់ដាំឲ្យពុះ រួចបន្ថយភ្លើង ទុករំងាស់ចោល។ អ្នកត្រូវរំងាស់ ទាល់តែវារីងអស់ពាក់កណ្តាល រួចបិទភ្លើងស្រង់យកកាកចេញ។ បន្ទាប់មកទុកឲ្យត្រជាក់ រួចចាក់ទឹកឃ្មុំចូលបន្ថែម ១ កែវ និងកូរវាឲ្យសព្វចូលគ្នា។ អ្នកអាចទទួលទាន ១ ស្លាបព្រាបាយ រៀងរាល់ ២ ទៅ ៣ ម៉ោងម្តងតាមតម្រូវការ។ អ្នកអាចរក្សាវាទុក ក្នុងទូទឹកកក បានរហូតដល់ទៅ ៣ សប្តាហ៍។ 

៣. ម្រេច និងទឹកឃ្មុំ

ម្រេច គឺជាគ្រឿងទេស ដែលត្រូវបានគេជួញដូរច្រើនជាងគេ ក្នុងពិភពលោក ហើយថែមទាំងមានសមត្ថភាពពិសេស អាចជួយបំបាត់ក្អក ស្លេស និងចុកដើមទ្រូងបាន។ ដោយសារតែម្រេច អាចធ្វើឲ្យអ្នកឈ្លក់ និងកណ្តាស់បាន ទើបគេបន្ថែមទឹកឃ្មុំ ដើម្បីការពារភាពឈួល របស់វា។

អ្នកគ្រាន់តែ លាយម្រេច និងទឹកឃ្មុំ មួយមុខចំនួន ១ ស្លាបព្រាបាយ នៅក្នុងកែវមួយ រួចដាក់វាចូលទៅក្នុងឆ្នាំង ដែលកំពុងតែមានទឹកដាំពុះ។ យកស្លាបព្រាមកកូរម្រេច និងទឹកឃ្មុំក្នុងកែវ ឲ្យបានសព្វ បន្ទាប់មកទុកចោលចំនួន ១០ នាទី រួចសឹមកូរម្តងទៀត ហើយយកមកទទួលទានតែម្តង (កុំភ្លេចបិទភ្លើងទឹក)។ មួយថ្ងៃ អ្នកអាចធ្វើញ៉ាំបាន ២ ដង ដើម្បីបំបាត់អាការៈក្អកស្លេស។ 

៤. ទឹកអំបិល

នេះជាមធ្យោបាយធម្មជាតិមួយ ដែលមនុស្សជាច្រើន តែងតែនិយមអនុវត្ត ដោយសារវាអាចសម្រាលការឈឺចាប់ និងបំបាត់អាការៈក្អកបាន។ ប្រសិនបើអ្នកក្អក ហើយរលាកបំពង់កខ្លាំង នោះវាជាវិធីដ៏ល្អ សម្រាប់អ្នក។

អ្នកគ្រាន់តែ លាយអំបិលមួយស្លាបព្រាបាយ ជាមួយនឹងទឹកក្តៅឧណ្ណៗ ២៣០ មីលីលីត្រ រួចកូរវាឲ្យសព្វ។ បន្ទាប់មកយកវាមកខ្ពុរ រយៈពេល ១៥ វិនាទី។ ពេលដែលខ្ជាក់ចេញរួច ខ្ពុរទឹកអំបិល ដែលនៅសល់ឲ្យអស់ម្តងទៀត រួចសឹមខ្ពុរទឹកធម្មតាមកសម្អាតតាមក្រោយ។ 

៥. ក្រូចឆ្មារ ទឹកឃ្មុំ និងទឹកគ្លីសេរីន

ទឹកគ្លីសេរីន ជាទឹកថ្នាំមួយប្រភេទ ដែលអ្នកអាចរកទិញបាន នៅតាមបណ្តាឱសថស្ថាននានា។ វាអាចជួយបំបាត់ក្អក និងសម្រួលដល់ការឈឺចាប់ នៅត្រង់បំពង់ក ដែបណ្តាលមកពីអាការៈរលាក។

អ្នកគ្រាន់តែចាក់ទឹកគ្លីសេរីន ទឹកឃ្មុំ និងទឹកក្រូចឆ្មារ ក្នុងបរិមាណស្មើៗគ្នា ក្នុងមួយមុខឲ្យបាន ១ភាគ៤ នៃចានគោមមួយ។ បន្ទាប់មកកូរវាចូលគ្នា ឲ្យបានសព្វ រួចចាក់វាទុក ក្នុងក្រឡស្អាតណាមួយ។អ្នកអាចទទួលទាន ១ ស្លាបព្រាបាយ នៅរៀងរាល់ ២ ទៅ ៣ ម៉ោងម្តង។ គួរបញ្ជាក់ផងដែរថា កុមារដែលមានអាយុក្រោម ១ ឆ្នាំ មិនអាចទទួលទានវាបានទេ ពីព្រោះវាអាចបណ្តាលឲ្យពុលបាន។ 

៦. បៀមចំណិតក្រូចឆ្មារ

ដូចដែលបានលើកឡើងពីខាងលើច្រើនមកហើយនោះ យើងសង្កេតឃើញថា ក្រូចឆ្មារមានលក្ខណៈសម្បត្តិយ៉ាងពិសេស ក្នុងការជួយបំបាត់ក្អក និងឈឹបំពង់ក។ ហេតុនេះ អ្នកក៏អាចជ្រើសរើសវិធីសាមញ្ញៗ ដោយគ្រាន់តែចិតក្រូចឆ្មារមួយចំនិតស្តើង មករោយអំបិល និងម្រេចបន្តិច រួចដាក់ចូលមាត់បៀមជាការស្រេច។ 

៧. ងូតទឹកក្តៅ

ជាការពិតណាស់ អ្នកគួរតែឧស្សាហ៍ ទៅងូតទឹកក្តៅ ដោយបិទបង្អួច និងបិទកង្ហារចោលឲ្យអស់ ដើម្បីផ្លាស់ប្តូរបរិយាកាសជុំវិញ។ ជាពិសេស ការងូតទឹកក្តៅ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លាជាងមុន និងសម្រាលបញ្ហាបំពង់កបាន។ មនុស្សមួយចំនួន បានអនុវត្តការស្ទីមមុខ ដោយដាំទឹកក្តៅឲ្យពុះ រួចយកមុខមកដាក់ពីលើដើម្បីស្ទីម និងដកដង្ហើមតាមចំហាយទឹក។ វាអាចទទួលបានលទ្ធផលជាទីគាប់ចិត្ត ប៉ុន្តែគេហទំព័រសុខភាព  WebMD បានព្រមានថា ចំហាយទឹកក្តៅអាចបង្កជាបញ្ហាក្អកកាន់តែធ្ងន់ ដែលបណ្តាលមកពីមេរោគហឺត។ 

៨. ទទួលទានទឹក

អ្នកមានបញ្ហាក្អក ឬរលាកបំពង់ក គឺត្រូវតែទទួលទានទឹកឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ពីព្រោះការទទួលទានជាតិទឹក បានគ្រាប់គ្រាន់ ក៏អាចជួយសម្រាល ដល់អាការៈឈឺក ឬក្អកនោះបានដែរ។ ទឹក អាចជួយបំបាត់ស្លេស ក្នុងបំពង់ដង្ហើម និងជួយរក្សាភ្នាសផ្លួវដង្ហើម ឲ្យមានសំណើម ដែលជាការកាត់បន្ថយក្អក ជាពិសេស ក្អកស្ងួត៕ 

ប្រភព៖ everydayroots | Top 10 Home Remedies | mnn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]