ភ្នំពេញ៖ ថ្វីត្បិត ក្រុមជម្រើសជាតិកម្ពុជា ត្រូវធ្លាក់ចេញពីការប្រកួតនៃពានរង្វាន់ AFF Suzuki Cup យ៉ាងណាក្តី ក៏កីឡាករនីមួយៗ នៅតែមានជំហយ៉ាងមុតមាំ មិនបាក់ទឹកចិត្តឡើយ ចំពោះការប្រកួតក្រោយៗទៀត ជាពិសេសចំពោះការប្រកួតបន្ទាប់ ជាមួយក្រុមជម្រើសជាតិវៀតណាម ខាងមុខនេះ។

ក្នុងនោះដែរ ខ្សែប្រយុទ្ធឆ្នើម កីឡាករ ចាន់ វឌ្ឍនាកា ក៏បានបង្ហាញនូវទំនុកចិត្តផងដែរ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន ដោយកីឡាកររូបនេះបានអះអាងថា «បាល់ទាត់ចប់90នាទី ទើបអាចនិយាយថាក្រុមណាឈ្នះចាញ់បាន អ្វីដែលយើងមានគឺការខំប្រឹង បើដឹងថាមិនបានទៅវគ្គបន្ត ប៉ុន្តែជាឱកាសដ៏ល្អសំរាប់លេងជាមួយក្រុមខ្លាំង មិនមែនដើម្បីថ្ងៃនេះ រឺថ្ងៃស្អែក គឺដើម្បីថ្ងៃអនាគតរបស់ពួកយើងទាំងអស់ let go fighting together Cambodia su su» ។ 

ក្នុងអត្ថន័យនៃសារនេះ វឌ្ឍនាកា ហាក់បីដូចជាចង់បញ្ជាក់ឲ្យដឹងថា ថ្វីត្បិតជម្រើសជាតិកម្ពុជាបរាជ័យក្នុងការប្រកួត មិនអាចឡើងទៅវគ្គបន្តមែនក្តី ប៉ុន្តែនេះគឺជាឱកាសដ៏ល្អមួយ ដែលបានលេងជាមួយក្រុមខ្លាំង ដើម្បីស្រង់បទពិសោធន៍ បន្ទាប់ពីខកខានចូលរួមប្រកួតពានរង្វាន់នេះ អស់រយៈពេល៨ឆ្នាំរួចហើយនោះ ដោយគិតតាំងឆ្នាំ២០០៨កន្លងមក។

ទន្ទឹមនឹងនេះដែរ វឌ្ឍនាកា ក៏មានសង្ឃឹមយ៉ាងមោះមុតផងដែរថា ក្រុមជម្រើសជាតិ នៅតែបន្តខំប្រឹងប្រែងយ៉ាងណា ដើម្បីថ្ងៃអនាគត ក៏ដូចជាវិស័យកីឡាបាល់ទាត់នៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា កម្ពុជា នឹងត្រូវធ្វើការប្រកួតចុងក្រោយរបស់ខ្លួន នៃពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៦ នៅថ្ងៃសៅរ៍ខាងមុខនេះ ជាមួយក្រុមជម្រើសជាតិវៀតណាមដើម្បីបង្រ្គប់កិច្ច។ ទាក់ទងនឹងជំនួបរវាងគូនេះ គ្រូបង្វឹកក្រុមជម្រើសជាតិ លោក Lee Tae Hoon ធ្លាប់បានថ្លែងឲ្យដឹងផងដែរថា «ពួកយើងនឹងខំប្រឹងប្រែងពេលប៉ះជាមួយវៀតណាម ខណៈកីឡាកររបស់យើងចាំបាច់ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀតនៅថ្ងៃអនាគត» ៕

តើប្រកួតចុងក្រោយនេះ ប្រិយមិត្តគិតថា ក្រុមជម្រើសជាតិកម្ពុជា អាចយកឈ្នះ វៀតណាមបានដែរឬទេ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ក្លិបនៅលីកទី៣ Fujieda MYFC របស់ជប៉ុន ចាប់អារម្មណ៍ចង់បាន កីឡាករ ចាន់ វឌ្ឍនាកា ទៅលេងឲ្យក្លិបរបស់ខ្លួន។តែយ៉ាងណាមិញ ក្លិបជប៉ុនមួយនេះ មិនទាន់ទទួលបានការឆ្លើយតបណាមួយពីសំណាក់កីឡាករនៅឡើយទេ ខណៈ ក្លិបបឹងកេតអង្គរបានច្រានចោលពាក្យចចាមអារ៉ាម និង វឌ្ឍនាកា ផ្ទាល់កំពុងមានភារកិច្ចប្រកួតក្នុងពានរង្វាន់ AFF Suzuki Cup នៅមីយ៉ាន់ម៉ា។

បើយោងតាមប្រភពសារព័ត៌មាន ក្លិប Fujieda MYFC ពិតជាចាប់អារម្មណ៍ចង់ទិញ ខ្សែប្រយុទ្ធរបស់ក្លិបបឹងកេតអង្គរមួយរូបនេះមែន បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បានចេញទៅធ្វើតេស្តហ្វឹកហាត់ កាលពីដើមខែវិច្ឆិកា អស់រយៈពេលមួយសប្តាហ៍។

ក្នុងលីកកំពូលរបស់ប្រទេសជប៉ុន ខ្សែប្រយុទ្ធភាគច្រើន ទទួលបានប្រាក់ចំនូលច្រើនជាងគេ បើធៀបទៅនឹង ខ្សែបំរើ ខ្សែការពារ និងអ្នកចាំទី។ នេះបើយោងតាមទិន្នន័យដែលបានបញ្ជាក់ពីប្រភពវេបសាយ Hatena របស់ប្រទេសជប៉ុន។

ក្នុងនោះខ្សែប្រយុទ្ធម្នាក់ៗ ដែលលេងក្នុងលីកកំពូលរបស់ប្រទេសជប៉ុន ទទួលបានប្រាក់ចំនូល គិតជាមធ្យមចំនួន ២១៣,១៤៤ ដុល្លារអាមេរិកក្នុងមួយខែ។ 

សាកគិតបន្តិចមើលថា ប្រសិនជា ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា យល់ព្រមទៅលេងឲ្យក្លិប Fujieda MYFC ក្នុងលីកទី៣ មែននោះ តើគេនឹងទទួលប្រាក់ចំណូលប្រចាំខែចំនួនប៉ុន្មាន?

ងាកមកមើលការវិភាគស្ទាបស្ទង់នៃគម្លាតប្រាក់ចំនូលនៅលីកប្រទេសអង់គ្លេសវិញ កីឡាករដែលលេងនៅក្នុងលីកកំពូលនៃប្រទេសអង់គ្លេស គឺទទួលបានប្រាក់ចំនូលខ្ពស់ជាង កីឡាករដែលលេងក្នុងលីកទី៣ ចំនួន២០ដង បានន័យថា ប្រាក់ចំនូលរបស់កីឡាករលេងក្នុងលីកកំពូល ច្រើនជាង កីឡាករលេងក្នុងលីកទី៣ ចំនួន២០ដង ។

ដោយឡែក បើយើងយកទិន្នន័យនៅលីកអង់គ្លេសនេះ មកប្រៀបផ្ទឹម ជាមួយកីឡាករនៅលីកជប៉ុនវិញ ហើយគិតគូរតាមគណិតវិទ្យា ឃើញថា ខ្សែប្រយុទ្ធនៅលីកទី៣ មានប្រាក់ចំនូលមិនក្រោម ១មឺុនដុល្លារនោះទេ បើបូកនឹងអត្ថប្រយោជន៍បន្ថែមទៀតនោះ។

ដូច្នេះ ប្រសិនជា ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា យល់ព្រមសម្រេចចិត្តផ្ទេរទៅលេងឲ្យក្លិប Fujieda MYFC មែននោះ កីឡាកររូបនេះ នឹងទទួលបានប្រាក់ចំណូលមិនក្រោម ១មឺុនដុល្លារក្នុងមួយខែនោះទេ បើយោងតាមទិន្នន័យគុណគូរខាងលើនេះ មិនតែប៉ុណ្ណោះ វឌ្ឍនាកា នឹងទទួលបានអត្ថប្រយោជន៍បន្ថែមទៀតផង ក្នុងនាមជាកីឡាករបរទេស ទៅលេងឲ្យក្លិបក្នុងស្រុកនៅប្រទេសជប៉ុន។

តែយ៉ាងណាមិញ នេះគ្រាន់តែជាការវិភាគ ពឹងផ្អែកលើទិន្នន័យជាក់ស្តែង ដោយផ្ទឹមជាមួយនឹងគម្លាតប្រាក់ចំណូលស្តង់ដារ ដកស្រង់ចេញពីប្រភពនៃក្របខ័ណ្ឌបាល់ទាត់ប្រទេសអង់គ្លេសតែប៉ុណ្ណោះ ចំនែកឯការពិតយ៉ាងណានោះ គឺជាការសម្រេចចិត្ត និងកិច្ចព្រមព្រៀងផ្ទាល់ របស់ កីឡាកររូបនេះ និងក្លិប Fujieda MYFC៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]