នីហ្សេរីយ៉ា៖ សារព័ត៌មាន CNN បានចុះផ្សាយកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា កីឡាករបាល់ទាត់ ជនជាតិនីហ្សេរីយ៉ា មួយរូប បានជិះកង់ចម្ងាយជាង ១០០គីឡូម៉ែត្រ ដោយមានទូលបាល់នៅលើក្បាល ដើម្បីបំបែកកំណត់ត្រាពិភពលោក Guinness World Records ។

កីឡាកររូបនេះមានឈ្មោះថា Harrison Chinedu លោកបានជិះកង់សរុបចម្ងាយ ១០៣,៦​គីឡូម៉ែត្រ ឆ្លងកាត់រដ្ឋ Lagos ប្រទេសនីហ្សេរីយ៉ា ដោយទប់លំនឹងមិនឲ្យធ្លាក់​បាល់ពី​លើ​ក្បាលរបស់លោកនោះឡើយ។ លោក Chinedu អាចនឹងបំបែកកំណត់​ត្រា​ពិភព​លោក Guinness World Records សម្រាប់ការធ្វើដំណើរចម្ងាយឆ្ងាយ ដែលលឿនបំផុត ជាមួយបាល់ទាត់នៅលើក្បាល។

ប្រសិនបើលោកទទួលបានជោគជ័យ លោកមិនត្រឹមតែបាន បំបែកកំណត់ត្រាចាស់​នោះ​ទេ ប៉ុន្តែលោកថែមទាំងបានបង្កើត កំណត់ត្រាថ្មីមួយថែមទៀត។ វានឹងត្រូវ​ចំណា​យ​​ពេលប្រហែល ៩០ថ្ងៃ សម្រាប់ក្រុមការងារសៀវភៅកំណត់ត្រាពិភពលោក ក្នុងការ​ផ្ទៀងផ្ទាត់ និងបញ្ជាក់ពីលទ្ធផល។ 

លោក Chinedu ដែលជាអ្នកលេងបាល់អាជីពនៅក្នុងប្រទេសកម្ពុជា រូបនេះ បាន​ប្រាប់​សារ​ព័ត៌​មាន CNN ថា លោកបានរកឃើញជំនាញទប់លំនឹងបាល់នេះ ក្នុងអំឡុងពេល ១០ឆ្នាំ នៃការងារជាកីឡាបាល់ទាត់អាជីពរបស់លោក។ លោកបន្តថា បន្ទាប់មក​គាត់​បាន​អាន​អំពីកំណត់ត្រាពិភពលោក ហើយក៏សម្រេច​ចិត្ត​ធ្វើ​រឿង​ ដ៏​អស្ចារ្យ​មួយ​នេះ​ទៅ​។​

Chinedu បានថ្លែងបញ្ជាក់់ថា “ខ្ញុំធ្វើបែបនេះ ព្រោះថា ខ្ញុំចង់ចែករំលែក​ទេពកោសល្យ​ដែល​ព្រះ​ប្រទានឱ្យ របស់ខ្ញុំ ទៅកាន់ពិភពលោក និងលើក​ទឹក​ចិត្ត​ទៅ​ដល់​យុវជន វ័យ​ក្មេង​ជាច្រើនទៀត ឲ្យធ្វើអ្វីមួយដែលមិនដែលត្រូវបានធ្វើពីមុនមក”។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា បើតាមសម្តីរបស់ Chinedu ឧបសគ្គធំបំផុត​នៅក្នុង​ការ​ធ្វើ​ដំណើរជិះកង់របស់គេ គឺនៅលើស្ពាន Eko bridge ដែលជាស្ពានមួយ ក្នុង​ចំណោ​ម​ស្ពានទាំង៣ ដែលតភ្ជាប់ កោះ Lagos ទៅកាន់រដ្ឋ Lagos ឆ្លងកាត់ដៃសមុទ្រប្រវែង ៣,៤៣គីឡូម៉ែត្រ។ 

លោកបាននិយាយថា លោក​មាន​ការ​លំបាក​ខ្លាំង​ ក្នុង​ការ​ទប់​លំនឹងបាល់នៅលើក្បាល​របស់​លោក ដោយសារតែនៅលើ ស្ពាននោះមានខ្យល់ខ្លាំង។ ហើយ​លោក​ក៏​ទទួល​បាន​ជំនួយពីក្រុមប៉ូលិស និងមន្រ្តីគ្រប់គ្រងចរាចរក្នុងរដ្ឋ Lagos ផងដែរ ដើម្បី​សម្រួល​ការ​ធ្វើដំណើររបស់លោក។

គួរបញ្ជាក់ថា លោក Chinedu ក៏ធ្លាប់ជាប់ក្នុងសៀវភៅកំណត់ត្រា​ពិភពលោកម្តងរួចមក​ហើយដែរ កាលពីខែមីនា ឆ្នាំ២០១៦ ដោយបានដើរលើចម្ងាយសរុប ៤៨,០៨គីឡូម៉ែត្រ រយៈពេល៦ម៉ោង និង១៥នាទី ដោយទូលបាល់នៅលើក្បាល បំបែកកំណត់ត្រាចាស់​ របស់​ទាហានឥណ្ឌាឈ្មោះ Naib Singh ដែលបានដើរលើចម្ងាយសរុប ៤៥,៦៤គីឡូ​ម៉ែត្រ កាលពីឆ្នាំ២០១៤៕ 

ប្រភព៖ CNN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]