បច្ចុប្បន្ននេះភាពស្រស់ស្អាត គឺអាចនិយាយបានថា ពិតជាសំខាន់ណាស់សម្រាប់នារីគ្រប់រូប។ មិនតែប៉ុណ្ណោះ ក៏មានមនុស្សស្រីមិនតិចនាក់ផងដែរ បានសម្រេចចិត្តចំណាយថវិកាជាច្រើន ដើម្បីទៅវះកាត់កែសម្ផស្ស ត្រង់ចំណុចខ្វះខាតនៅលើទម្រង់មុខរបស់ខ្លួន។ ចុះតើអ្នកដឹងទេថា មនុស្សប្រុស ដែលបានឃើញរូបសម្រស់ របស់នារីៗដែលបានកែសម្ផស្សនោះ តើពួកគេ យល់យ៉ាងណាដែរ?

ចង់ជ្រាបកាន់តែច្បាស់ ខ្មែរឡួតក៏បានសាកសួរ ពីចំណាប់អារម្មណ៍ផ្ទាល់ពី យុវជនមួយចំនួន ដែលពួកគាត់នឹងនិយាយ ទៅលើរឿងកែសម្ផស្សនេះ។

ជួបជាមួយនឹងបងប្រុស សុភារម្យ អាយុ២២ឆ្នាំ ជាបុគ្គលិកនៅក្នុងក្រុមហ៊ុនមួយ បាននិយាយថា "ជាការពិតមនុស្សស្រីម្នាក់ៗ តែងតែចង់បានភាពស្រស់ស្អាត ហើយក៏មិនសូវមានអ្នកណាដែលកើតមកស្រស់ស្អាតពីធម្មជាតិទាំងអស់គ្នានោះទេ។ ដូច្នេះមានតែវិធីកែសម្ផស្សនេះទេ ដែលអាចជួយបន្ថែមនូវចំនុចខ្វះខាតរបស់ពួកគេ។ ប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំស្រលាញ់ធម្មជាតិច្រើនជាង ព្រោះថា វាមានភាពទាក់ទាញជាងមនុស្សកែសម្ផស្ស ហើយជាពិសេស ចេះតែខ្លាច ប្រសិនបើទាក់ទងជាមួយនារីម្នាក់ ដែលគេធ្វើច្រមុះ ស្រាប់តែប្រលែងគ្នាលេងសុខៗ ស្រាប់តែបាក់ខ្ទង់ រឺមានបញ្ហា មិនចប់ហើយខ្ញុំ៉"។ (លោក ភារម្យ និយាយទាំងសើច)

លោកភារម្យ បានបន្តថា "និយាយរួមទៅ សម្រស់ស្អាតពីធម្មជាតិ គឺវាប្រសើរជាង កែសម្ផស្ស ព្រោះយើងមិនអាចមើលឃើញពីអនាគតថា វានឹងបង្កផលប៉ះពាល់យ៉ាងណា ក៏យើងមិនដឹង"

ក្នុងនោះ ខ្មែរឡូតក៏បានសួរបន្ថែមថា ចុះប្រសិនថ្ងៃក្រោយ បងប្រុសមានមិត្តស្រី តើរូបនាងចង់កែសម្ផស្សយ៉ាងខ្លាំង តើបងប្រុសនឹងព្រមឲ្យមនុស្សដែលខ្លួនស្រលាញ់កែ ឬក៏ជំទាស់នាង?

លោក ភារម្យ បាននិយាយថា "ដល់ពេលដល់និយាយរឿងហ្នឹង ពិបាកឆ្លើយដែរ ហើយណាមួយ បើយើងជំទាស់គេ ក៏ពិបាកទៀត ព្រោះខ្ញុំមិនចង់ឲ្យនារីដែលខ្លួនស្រលាញ់កែប៉ុន្មានទេ តែបើគេនៅតែចង់ គឺយើងមានតែពិភាក្សាពីផលល្អ និងផលអាក្រក់ ពីការកែសម្ផស្សនោះហើយ។ បើចិត្តគេនៅតែប្រកាសជំហរនៅតែចង់កែ សម្ផស្ស គឺខ្ញុំប្រហែលជាឲ្យគេកែតិចតួចតែប៉ុណ្ណោះ មិនដល់ថ្នាក់ខ្លាំងក្លានោះទេ តែសម្រាប់ខ្ញុំ ពិតជាស្រលាញ់សម្រស់ពីធម្មជាតិច្រើនជាង"។ 

ងាកមើលរក បងប្រុស ណូរ៉ា វិញ វ័យ២៥ឆ្នាំ ដែលពេលនេះ ជាបុគ្គលិកនៅក្រុមហ៊ុនCPL បាននិយាយថា "ខ្ញុំគិតថា គ្មានអ្នកណាដែលកើតមកស្អាតទាំងអស់គ្នានោះទេ ទាល់តែចេះបន្ថែមបន្ថយ វះកាត់កែសម្ផស្សខ្លះ ហើយជាពិសេសមនុស្សភាគច្រើន គឺស្រលាញ់តែស្រីស្អាត មិនថាគេ មិនថាខ្ញុំ"។ (លោក ណូរ៉ាសើច)។ "មិនតែប៉ុណ្ណោះ ពេលយើងបានបណ្តើរនារី ដែលមានរូបសម្រស់ផូរផង់ នឹងមានមនុស្សជាច្រើន លួចសរសើរថា មានមិត្តស្រីស្រស់ស្អាត និងថែមទាំងច្រណែនយើងទៀត។ និយាយរួម សម្រស់កែច្នៃពិតជា ធ្វើឲ្យមនុស្សស្រីស្អាតក្នុងមួយរំពេចភ្នែកមែន តែបើគេស្ទើរតែគ្រប់ចំណុចពេក ក៏មិនកើតដែរ អាចកែបន្តិចបន្តួចនូវចន្លោះខ្វះខាតនៅលើទម្រង់មុខ"

ជាចុងក្រោយ លោក ណូរ៉ា បាននិយាយថា "ប៉ុន្តែទោះសម្រស់ដោយការកែសម្ផស្ស គឺវាស្អាតក៏ដោយ តែខ្ញុំចង់ក្រើនរំលឹក ដល់នារីៗ ត្រូវគិតពិចារណា ឲ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្ត ក្នុងការវះកាត់ រឺក៏អាច ទៅពិភាក្សាជាមួយនឹងគ្រូពេទ្យជាមុនសិន ក៏ល្អដែរ ចៀសវាងជួបបញ្ហានៅថ្ងៃក្រោយ"។ 

ចំណែកឯ លោកវិសាល វ័យ២១ឆ្នាំ បច្ចុប្បន្នជា និស្សិតឆ្នាំទី៣ បានបង្ហាញនូវចំណាប់ផ្ទាល់ខ្លួន លើនារីៗដែលកែសម្ផស្សផងដែរ ដែលរូបលោកបាននិយាយថា "សម្រាប់រូបខ្ញុំ ការកែកុនបន្តិចបន្តួច វាជារឿងធម្មតានាពេលបច្ចុប្បន្នទៅហើយ។ ជាពិសេស ខ្ញុំធ្លាប់លឺមនុស្សមួយចំនួននិយាយថា ការកែសម្ផស្ស វាមិនមែនផ្តល់តែផលល្អ និងសុវត្ថិភាពជារៀងរហូតនោះទេ ដែលជួនកាលទៀត វាអាចបង្កបញ្ហាទៅដល់សុខភាពទៀតផង។ ប៉ុន្តែចំនុចនេះ ខ្ញុំគិតថាមុននឹងពួកគេសម្រេចចិត្ត ទៅកែសម្ផស្ស គឺពួកគេ បានគិតគូរួចអស់ជាស្រេច ថាកន្លែងណា អាចធ្វើឲ្យពួកគេ មានទំនុកចិត្ត និងជឿជាក់នោះ"

ក្នុងនោះ ខ្មែរឡូត ក៏បានសាកសួរបន្តថា ចុះបើបងប្រុស មានគូស្នេហ៍ដែលរូបនាង មានមុខមាត់ស្អាតស្រាប់ តែរូបនាង នៅតែរំអុកចង់កែយ៉ាងខ្លាំង? តើពេលនោះ លោក វិសាល នឹងនិយាយទៅកាន់នាងបែបណា?

សំនួរនេះ បានធ្វើឲ្យ លោក វិសាលមានការអស់សំណើច ដែលហាក់ដូចជាចាក់ចំ បេះដូងគាត់តែម្តង។ ប៉ុន្តែទោះជាយ៉ាងណា រូបលោកក៏បានឆ្លើយតបជាមួយនឹងខ្មែរឡូត បានយ៉ាងក្បោះក្បាយផងដែរ ដែលលោក បាននិយាយថា "បើមានករណីនោះ ហើយគាត់សួរមកខ្ញុំបែបនេះមែន ខ្ញុំក៏មិនហាមគាត់ដែរ ព្រោះគាត់ចង់កែទៅហើយ បើយើងប្រឆាំង គាត់នឹងគិតថា យើងមិនស្រប មិនតាមចិត្តគាត់។ ប៉ុន្តែទោះ បីជាខ្ញុំ អនុញ្ញាតឲ្យគាត់កែក៏ដោយ ក៏ពួកយើងត្រូវពិភាក្សាគ្នាឲ្យបានច្បាស់ ថាត្រូវកែនៅកន្លែងណា តែសម្រាប់ខ្ញុំ គឺចង់ឲ្យគាត់កែនៅក្រៅប្រទេស ដែលទីនោះ អាចឲ្យយើងជឿជាក់ថាវាមិនធ្វើឲ្យទុក្ខទោសដល់យើង នៅថ្ងៃក្រោយ"

ទាំងនេះជាមតិយោបល់របស់យុវជន ដែលបានបញ្ចេញគំនិត លើរឿងកែសម្ផស្សរបស់នារីៗ ចុះចំណែកប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]