នៅពេលមានផ្ទៃពោះ ស្រី្តជាមាតា តែងតែមានបញ្ហាសុខភាពមាត់ធ្មេញ ដែលបណ្តាលមកពីកត្តាផ្សេងៗ។ ទោះបីជា ទន្តបណ្ឌិតស្នើឲ្យធ្វើការព្យាបាលធ្មេញមុនពេលមានផ្ទៃពោះ ឬក្រោយពេលសម្រាលកូនរួចក៏ដោយ ក៏ជារឿយៗ គេសង្កេតឃើញថាស្រ្តីមួយចំនួន បានមកទទួលការព្យាបាល ក្នុងកំឡុងពេលមានផ្ទៃពោះ។

ប្រសិនបើអ្នកក្លាយជាមាតារួចហើយ ឬមានបំណងក្លាយជាមាតា អ្នកប្រហែលមានសំនួរថា តើវាមានសុវត្ថិភាពទេ ក្នុងការព្យាបាលធ្មេញពេលកំពុងមានផ្ទៃពោះ? ខាងក្រោមនេះ ជាចំណេះដឹងសម្រាប់ស្រ្តីមានផ្ទៃពោះ ដែលមានដូចជា ការព្យាបាលធ្មេញ ការព្យាបាលដោយប្រើថ្នាំ និងការថែរទាំសុខភាពអញ្ចាញ៖

ការព្យាបាលធ្មេញសម្រាប់អនាគតអ្នកម្តាយ (Dental Treatment for Future Moms)៖

ក្រោយពេលទន្តបណ្ឌិតធ្វើការពិនិត្យឃើញថា ធ្មេញរបស់ស្រ្តីជាមាតាមានបញ្ហា ទន្តបណ្ឌិត នឹងផ្តល់ការព្យាបាលក្នុងករណីដែល ការព្យាបាលនឹងលើកកម្ពស់សុខភាពមាតានិងទារក។ ទោះជាយ៉ាង ការព្យាបាលខ្លះ ត្រូវរងចាំរហូតដល់មាតាសម្រាលកូនរួចស្រេចបាច់សិន។ ចំពោះការប្រើប្រាស់ X-Ray និងការព្យាបាល៖

• X-Ray ដែលទន្តបណ្ឌិតប្រើប្រាស់ក្នុងការធ្វើរោគវិនិច្ឆ័យ គួរតែជៀសវាងប្រើលើស្រ្តីមានផ្ទែពោះ ប៉ុន្តែក្នុងករណីចាំបាច់ដូចជាការឈឺចាប់ខ្លាំងក្នុងមាត់ រឺធ្មេញ ( Suffering from Extreme pain in mouth ) ទន្តបណ្ឌិតអាចប្រើ X-Ray បានដើម្បីពិនិត្យរោគវិនិច្ឆ័យអោយបានល្អ ប៉ុន្តែត្រូវការរក្សាសុវត្ថិភាពខ្ពស់បំផុតដោយប្រើអាវសំណរ អោយជិតលើខ្លួនអ្នក។

• ការប៉ះបិទធ្មេញ ការព្យាបាលធ្មេញ ការដកធ្មេញសុទ្ធតែ ជាការព្យាបាលដោយមានសុវត្ថិភាពសំរាប់ស្រ្តីមានផ្ទៃពោះ ទោះបីជាត្រូវចាក់ថ្នាំស្ពឹក (Novocain cidocaim*) ក៏ដោយ។ ការចាក់ថ្នាំសន្លប់គួរតែ ជៀសវាងក្នុងពេលមានផ្ទៃពោះ។

ការព្យាបាលធ្មេញ ដោយប្រើថ្នាំសម្រាប់អនាគតអ្នកម្តាយ (Dental Medication for Future mom)៖ 

• ត្រីមាសទីមួយ (3 ខែដំបូង) ជាដំណាក់កាលគ្រោះថ្នាក់បំផុតចំពោះទារក ព្រោះដំណាក់កាលនេះ ជាដំណាក់កាលដែលសរីរាង្គរបស់ទារកកំពុងកកើត។ ថ្នាំមួយចំនួនអាចមានភាព មិនប្រក្រតីដល់សរីរាង្គរបស់ទារក ប្រសិនបើលេបក្នុងដំណាក់កាលនេះ ប៉ុន្តែថ្នាំមួយចំនួនគឺមានសុវត្ថិភាព ។

• ការចាក់ថ្នាំស្ពឹក (Local Anesthesia)៖ ថ្នាំស្ពឹកប្រភេទ (Novocain និង Lidocaive) ជាថ្នាំស្ពឹក ដែលមានសុវត្ថិភាពចំពោះមាតានិងទារក។ ទោះជាយ៉ាងណា គេមិនណែនាំអោយប្រើថ្នាំស្ពឹកច្រើន នៅពេលធ្វើការព្យាបាលធ្មេញទេ ព្រោះថ្នាំស្ពឹកអាចឆ្លងកាត់សុកទារកបាន។

• ថ្នាំផ្សះ (Antibiotic)៖ ជារឿយៗថ្នាំផ្សះត្រូវបានចេញវេជ្ជបញ្ជា ដោយទន្តបណ្ឌិតដើម្បីព្យាបាល ឬបង្ការមេរោគ។ ថ្នាំផ្សះដែលមានសុវត្ថិភាពជាងគេគឺក្រុម Penicillin និង Cephalosporin ប៉ុន្តែបើមាតា មានប្រតិកម្មជាមួយ Penicillin គឺត្រូវជៀសវាងដោយត្រូវប្រើជំនួសដោយ Erythromycin។ ចំពោះករណីដែលមានបង្ករោគធ្ងន់ធ្ងរ (serious abscess) ថ្នាំផ្សះប្រភេទ Metronidazole និងត្រូវជ្រើសរើសមកប្រើដោយទន្តបណ្ឌិត ព្រោះវាក៏មានសុវត្ថិភា ពចំពោះមាតានិងទារកដែរ។ ថ្នាំផ្សះប្រភេទផ្សេងពីនេះ មិនទាន់មានការស្រាវជ្រាវ ច្បាស់លាស់ណាមួយបង្ហាញថា តើវាមានសុវត្ថិភាពដល់ទារកឬអត់នៅឡើយទេ ហើយគេប្រើប្រាស់ប្រភេទទាំងអស់នោះ ក្នុងករណីដែលចាំបាច់បំផុតប៉ុណ្ណោះ។ ចំពោះថ្នាំផ្សះប្រភេទ Tetracycline ត្រូវជៀសវាងដាច់ខាតព្រោះអាចធ្វើអោយ ទារកមានធ្មេញពណ៌ខ្មៅ។

• ថ្នាំបំបាត់ការឈឺចាប់ (Pain Killer Medicine)៖ ថ្នាំប្រភេទ Acetaminophen (Tylenol, Paracetamol) ជាថ្នាំដែលមានសុវត្ថិភាព។ ហើយថ្នាំក្រុម NSAID ដូចជា Ibuprofen(Advil) មានសុវត្ថិភាពក្នុងអំឡុងសប្តាហ៍ទី 32 (8ខែ) នៃការមានផ្ទៃពោះប៉ុណ្ណោះ (ព្រោះវាអាចបង្អាក់ ការលូតលាស់ទារក)។ បើមាតាមានការឈឺចាប់ខ្លាំង ថ្នំាកម្រិតខ្លាំងគឺត្រូវការដូចជា Narcotic និងត្រូវប្រើតែក្នុងពីរ បី សប្តាហ៍ចុងក្រោយប៉ុណ្ណោះ។

• ហ្វ្លុយអូរ៉ាយ ជាថ្នាំដែលស្រ្តីជាមាតា លេបពេលមានផ្ទៃពោះ ព្រោះវាអាចជួយឲ្យធ្មេញទារករឹងមាំ ការពាររោគពុកធ្មេញ ក្រោយពេលទារកកើតមក។ ប៉ុន្តែអ្នកស្រាវជ្រាវមិនទាន់ដឹងច្បាស់ថា តើវាប៉ះពាល់ដល់ទារកឬយ៉ាងណាទេ។ នៅមានការជជែកវែកញែក ជាច្រើនក្នុងចំណោម ទន្តបណ្ឌិតជំនាញ អំពីប្រសិទ្ធភាពនៃថ្នាំជំនួយ ហ្វ្លុយអូរ៉ាយ នេះនៅពេលមានផ្ទៃពោះ។ ជាទូទៅ គេណែនាំមិនឲ្យប្រើថ្នាំគ្រាប់ហ្វ្លុយអូរ៉ាយ ដែលមានកម្រិតខ្ពស់ជាង ហ្វ្លុយអូរ៉ាយដែលមានក្នុងទឹកប្រើប្រាស់ នៅក្នុងទីក្រុងដែលរស់នៅទេ។ ថ្នាំហ្ល្វុយអូរ៉ាយប្រភេទ Topical ត្រូវបានគេណែនាំឲ្យប្រើពេលដែលស្រ្តីជាមាតាសំអាតធ្មេញ ព្រោះវាអាចការពាររោគពុកធ្មេញ។ 

ការថែទាំធ្មេញនឹងអញ្ចាញ (Caring for your teeth and gum)៖ 

ស្ត្រីមានផ្ទៃពោះ អាចជួបនឹងបញ្ហាហូរឈាមតាមអញ្ចាញធ្មេញ ដែលត្រូវបានស្គាល់ថាជាសញ្ញានៃការរលាកអញ្ចាញធ្មេញ។ ការរលាកអញ្ចញធ្មេញ(Gingivitis)នេះ គឺបណ្តាលមកពីបំរែបំរួល អ័រម៉ូនដែលនំាឲ្យមានការកើនឡើងនៃលំហូរឈាម នៅតាមអញ្ចាញ (Gum Disease)។ យើងអាចទប់ស្កាត់ វាបានដោយការធ្វើអនាម័យមាត់ធ្មេញឲ្យស្អាត ការដុសធ្មេញ ការប្រើអំបោះទាក់ចន្លោះធ្មេញ ការខ្ពុលមាត់ជាមួយទឹកខ្ពុលមាត់ដែលមានថ្នំាសំលាប់មេរោគ(Clorexidine) ឬទឹកអំបិលប្រៃលែមៗ។ ម្យ៉ាងទៀតស្រី្តមានផ្ទៃពោះ ក៏ត្រូវទៅសំអាតធ្មេញ ជាមួយទន្តបណ្ឌិតជំនាញឲ្យបានទៀងទាត់ ក្នុងរយៈពេល 6ខែម្តងផងដែរ ព្រោះវាអាចធ្វើឲ្យអញ្ចាញធ្មេញមានសុខភាពល្អ៕ 

បញ្ជាក់ ៖ អត្ថបទខាងលើគ្រាន់តែជាការចែករំលែកចំណេះដឹងខ្លះៗ សំរាប់ស្រ្តីជាម្តាយប៉ុណ្ណោះ យ៉ាងណាការព្យាបាលជាក់ស្តែង ត្រូវជួបពិគ្រោះជាមួយទន្តបណ្ឌិត។

រៀបរៀងដោយទន្តបណ្ឌិត៖ ជ័យ សុចិន្តា

ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញបស្ចិមសាខាកម្ពុជាក្រោម  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]