សិង្ហបុរី៖ ថ្មីៗនេះនៅសាកលវិទ្យាល័យជាតិនៃសិង្ហបុរី (National University of Singapore) បានធ្វើការសាកល្បងជាមួយម៉ូតូ ដែលអាចបើកបរដោយខ្លួនឯងបាន ដែលវាត្រូវបានរចនាឡើង យ៉ាងល្អតាមបែបបច្ចេកវិទ្យាទំនើប។

បើតាមប្រភពព័ត៌មានមួយបានឲ្យដឹងថា ម៉ូតូដ៏ទំនើបមួយនេះ ត្រូវបានបង្កើតឡើងសម្រាប់គំរប់ខួប ១០០ឆ្នាំ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា នៃរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក (Massachusetts Institute of Technology) ហើយត្រូវបានដាក់ឲ្យប្រើប្រាស់សាកល្បងនៅ សាកលវិទ្យាល័យជាតិសិង្ហបុរី បានយ៉ាងជោគជ័យ។ សម្រាប់ម៉ូតូនេះផ្ទាល់ វាមានលក្ខណៈពិសេសមួយចំនួន ដូចជាទំងន់ត្រឹម ៥០គីឡូក្រាម ជាមួយកង់តូចៗចំនួន៤ ដែលមានល្បឿនលឿនបំផុតត្រឹម ៦គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាអាចបើកបរបានទាំងក្នុង និងក្រៅអគារ។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ គឺវាអាចចាប់បានឧបសគ្គពីមុខប្រវែងប្រមាណជា ២ម៉ែត្រកន្លះ និងប្រើរយៈពេលគណនា ដើម្បីគេចចេញពីឧបសគ្គត្រឹម ២វិនាទីប៉ុណ្ណោះ។

ចំពោះការបង្កើតឲ្យមានម៉ូតូបើកបរដោយខ្លួនឯងនេះ ត្រូវបានក្រុមអ្នកផលិតរំពឹងទុកថា វានឹងអាចជួយសំរួលដល់ ការធ្វើដំណើរសម្រាប់មនុស្សគ្រប់វ័យ ជាពិសេសជនដែលមិនអាច ឬមិនគួរបើកបរ ដែលមានដូចជា មនុស្សចាស់ មនុស្សពិការ ឬវ័យក្មេងជាដើម។ កត្តាដែលសំខាន់នោះ គឺវាអាចជួយកាត់បន្ថយការប្រើប្រាស់យានយន្ត និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ ជាពិសេសសម្រាប់មនុស្សដែលនិយមចូលចិត្តប្រើទូរស័ព្ទពេលកំពុងដើរ ដែលលោកអ្នកអាចអង្គុយចុះ ហើយប្រើទូរស័ព្ទរបស់អ្នកតាមសប្បាយ នៅពេលដែលជិះម៉ូតូនេះ។

ដូច្នេះសម្រាប់លោកអ្នកដែលនិយមចុចទូរស័ព្ទ ឬធ្វើការក្នុងពេលធ្វើដំណើរ នឹងលែងមានបញ្ហាដើរប៉ះទង្គិចក្បាលគ្នា រឺ ប៉ះនឹងឧបករណ៍ផេ្សងៗទៀតហើយ។ ចង់ដឹងវាមានរូបរាង និងពិសេសយ៉ាងណានោះ សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Ibtimes

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]