ភ្នំពេញ៖ រថយន្តម៉ាក Lexus 570 មួយគ្រឿង ស្លាកលេខរដ្ឋ 2-2222 ជិះបញ្ច្រាសទិស បណ្តាលឲ្យកកស្ទះចរាចរណ៍តាមដងផ្លូវ បានធ្វើឲ្យមហាជនជាច្រើន បញ្ចេញមតិរិះគន់មិនសំចៃ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ។ 

ដោយបានឃើញ និងទទួលការរិះគន់ច្រើនផងនោះ អនុប្រធានទី២ នៃរដ្ឋសភា ឯកឧត្តមបណ្ឌិត ងួន ញិល បានចេញមុខអះអាងថា រថយន្ត Lexus 570 ស្លាកលេខរដ្ឋមួយគ្រឿងនេះ ជារថយន្តរបស់លោក ហើយឯកឧត្តមក៏បាន ពន្យល់រៀបរាប់ពីមូលហេតុដែលជិះបញ្ច្រាស តាមរយៈទំព័រហ្វេសប៊ុកឲ្យបានដឹងថា៖

«កាលពីថ្ងៃម្សិលមិញ ក្នុងគណនេយ្យ Facebook របស់ក្មួយប្រុសឈ្មោះ Sovath Chhay-Andy បាន Post រថយន្តរបស់ខ្ញំុបើកបរបញ្ច្រាស់ទិសចរាចរណ៍ ។ ចំពោះបញ្ហានេះ ខ្ញំុ បញ្ជាក់ជូនថា ខ្ញំុ មានកិច្ចការ ចាំបាច់ក្នុងដំណើរទៅជួប សម្តេចវិបុលសេនាភក្តី សាយ ឈំុ ដើម្បីរាយការណ៍ជូន អំពីមហាសន្និបាត សភាតំបន់អាសីុ (APA) លើកទី៩ វេលាម៉ោង ៨.០០ ព្រឹក នៅវិមានព្រឹទ្ធសភា ។ ដោយសារការកកស្ទះ ចរាចរណ៍ចំនួន ៣កន្លែង នៅកំណាត់ផ្លូវពីព្រែកប្រាទៅច្បារអំពៅ ១កន្លែង ១កន្លែងទៀតនៅគល់ស្ពាន ព្រះមុនីវង្សខាងកើត ក្នុងខ័ណ្ឌច្បារអំពៅ និងមួយកន្លែងទៀតចាប់តាំងពីសណ្ឋាគារតាយម៉េង រហូតដល់ ភ្លើងស្តុបខាងជើងក្រសួងមហាផ្ទៃ ។ រាល់ការស្ទះទាំង៣កន្លែងនេះ នាំអោយលើសម៉ោងកំណត់ ១០នាទីដូច្នេះអង្គរក្សក្រសួងមហាផ្ទៃដែលការពារខ្ញំុ នៅក្នុងឡាន ឈ្មោះ ចាន់ ប៊ុនធឿន បានអន្តរាគមន៍សម្រួលទៅ នគបាលចរាចរណ៍ខ័ណ្ឌច្បារអំពៅនិងបន្តរទាក់ទងទៅនគរបាលចរាចរណ៍ ដែលមានភារកិច្ចសម្រួលចរាចរណ៍នៅមុខក្រសួងមហាផ្ទៃ ទើបខ្ញុំបានចេញរួចពីកន្លែងកកស្ទះដោយសារនគរបាលចរាចរណ៍អន្តរាគមន៍ ។ យោងតាម ច្បាប់ចរាចរណ៍ជើងគោក មាត្រា៦ អំពីបញ្ហាសិទ្ធអទិភាពចំណុចទី៣ បានចែងថា “ សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍មានសិទ្ធអទិភាពលើភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ នៅលើទ្រូងផ្លូវ ផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ និងបទប្បញ្ញត្តិចរាចរណ៍ទាំងឡាយ” ។ ដូច្នេះក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅស្ថាប័នរដ្ឋសភា និងជាអ្នកពិភាក្សានិងអនុម័តច្បាប់ នោះខ្ញុំមិនបំពានច្បាប់ចរាចរណ៍នេះទេ» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]