រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​សម្រេច​ចិត្ត​​​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​​ចង្វា កាល​ពី​វេលា​ម៉ោង​៨ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ ដោយ​តូច​ចិត្ត​រឿង​​គូ​ដណ្តឹង​ប្រកាស​ផ្តាច់​ពាក្យ​វិញ​ព្រោះ​ខ្លួន​ចង់​ក្រេប​ទឹក​ឃ្មុំ​មុន​ថ្ងៃ​ផ្សំ​ដំណេក​។

ការ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​នេះ​ពុំ​បាន​សម្រេច​ឡើយ​ ដោយសារ​​ប៉ូលិស​ការ​ពារ​ស្ពាន​ជ្រោយ​ចង្វា​ចេញ​ទូក​ទៅ​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា ។


បុរស​ដែល​គិត​ខ្លី​​ព្រោះ​តែ​ការ​ថ្លោះ​ធ្លោយ​ដោយ​ចំណង់​កាម​គុណនោះ​​ឈ្មោះ​ទី ណូរ៉ា ហៅ​ដេវ ​អាយុ​២២​ឆ្នាំ ជា​កម្ម​ករ​ហាង​នំ​ប៉័ង​ មាន​ទី​លំ​នៅ​ក្នុង​ភូមិ​ត្រោក​ ឃុំ​ព្រះ​ពន្លា ស្រុក​កំពង់​រោទ៍​ខេត្ត​ស្វាយ​រៀង ។ ​យុវជន​រូប​នេះ​ឱ្យ​ដឹង​ថា ​​គូ​ដណ្តឹង​ដែល​គេ​ស្រឡាញ់​ដល់​ឆ្អឹងនោះ​​បាន​ផ្តាច់​ពាក្យ​ ព្រោះ​ខឹង​ដែល​ហ៊ាន​ចាប់​រំលោភ​នាង ។

មន្ត្រី​ប៉ូលិស​ការ​ពារ​ស្ពាន​ជ្រោយ​ចង្វា​​​ឱ្យ​ដឹង​ថា ​យុវ​ជន​រូប​នោះ​ដើរ​​ពីទិស​ខាង​កើត​ឡើង​ទៅ​លើ​ស្ពាន​ ​​លុះ​ដល់កណ្តាល​ស្ពាន​ក៏​​​លោត​ទឹក​នៅ​ក្នុង​ទន្លេតែ​ម្តង​ ។ ​ពេល​ឃើញ​ហេតុ​ការណ៍នោះ​ប៉ូលិស​ប្រចាំ​ការ​​បាន​ប្រកូក​ប្រកាស​ឱ្យ​ទូក​នេសាទ​​នៅ​ក្បែរ​នោះ​នាំ​គ្នា​ទៅ​ជួយ​ស្រង់​ ហើយ​នាំ​​ទៅ​​​កាន់​អង្គ​ភាព​គោល​ដៅ​ទី​៣ ដើម្បី​សាកសួរ​ ។

នៅ​ចំពោះ​មុខសមត្ថ​កិច្ច​យុវជន​នោះ​ឱ្យ​ដឹង​ថា ​កាល​ពី​រដូវភ្ជំ​បិណ្ឌ​គេ​មាន​ទំនាក់​ទំនង​ជា​មួយ​​​កម្ម​ការិនី​នៅ​​រោង​ចក្រ​​កាត់​ដេរ​​ សង្កាត់​ចោម​ចៅ​ខណ្ឌ​ដង្កោ ហើយ​​​ចាប់​ចិត្ត​ស្រឡាញ់​គ្នា ។ រួប​គេ​​បាន​ឱ្យ​ឪពុក​ម្តាយ​ចូល​ទៅ​ស្តី​ដណ្តឹង​នាង​រយៈ​ពេល​ប្រមាណ​ជាង​១​ខែ​មក​ហើយ​ ដោយ​ឪពុក​ម្តាយ​ខាង​ស្រី​បង្គាប់​ថ្លៃ​ផ្ទះ​ចំនួន​២.៣០០​ដុល្លារ ហើយ​ចុះ​មក​នៅ​នៅ​សល់​២.១០០​ដុល្លារ តែ​ឪពុក​ម្តាយ​របស់​គេ​​សុំ​ជូន​តែ​១.៥០០​ដុល្លារ​ប៉ុណ្ណោះ​​ ។ ទោះបី​ជា​យ៉ាង​ណា​ក្តី​រូប​គេ​ធានា​នៅ​សល់​ប៉ុន្មាន​​រក​ប្រាក់​បង្គ្រប់​ និង​ត្រៀម​រៀប​អាពាហ៍​ពិពាហ៍​នៅ​ខែ​មិថុនា​ខាង​មុខ ​។

ទី ណូរ៉ា អះ​អាង​​ថា កាល​ពី​ព្រឹ​ក​ថ្ងៃ​ទី​២៥ កុម្ភៈ គេ​ធ្វើ​ដំណើរ​ទៅ​លេង​ផ្ទះ​គូ​ដណ្តឹង​ និង​ដេក​នៅ​ជា​មួយ​គ្នា​​ ហើយ​ដោយ​សារ​តែ​ទ្រាំ​មិន​បាន​គេ​ក៏ចាប់​រំ​លោភ​​នាង​ តែ​ពុំ​បាន​សម្រេចទេ​​ ។ បន្ទាប់​មក​​នៅ​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​២៦​ ​​ខែ​កុម្ភៈ គេ​បាន​ចាប់​រំ​លោភនាង​​ម្តង​ទៀត​នៅ​ផ្ទះ​ជួល​ តែ​ពុំ​បាន​សម្រេ​ចដដែល​ ។ ដោយ​សារ​​រឿង​បង្ខំ​រួម​ភេទ​មុន​ថ្ងៃ​រៀប​ការ​នោះ​​គូ​ដណ្តឹង​​​ខឹងរូប​គេ​​យ៉ាង​ខ្លាំង​ដោយ​ចោទ​ថា​មើល​ងាយនាង​​ និង​បាន​បោះ​ពាក្យ​ថា «សុខចិត្ត​​ស្លាប់​មិន​ព្រម​យក​រូប​គេ​ជា​ប្តី​ទេ »។ លើស​ពី​នេះ​នាង​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ម្តាយ​​ទៀត​ផង​ឱ្យផ្តាច់​ពាក្យពី​រូប​គេ​វិញ​ ។

ដោយ​សារ​តែ​តូច​ចិត្ត​​​ទូរ​ស័ព្ទ​ទៅ​គូ​ដណ្តឹ​ង​ តែ​នាង​​ពុំ​និយាយ​រក​ និង​ផ្តាច់​ពាក្យ​ទៀត​ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ​ ក៏​ខ្លួន​សម្រេច​ចិត្ត​ចេញ​ពី​កន្លែង​ធ្វើ​ការ​នៅ​បុរី​សុភមង្គល​ក្នុង​សង្កាត់​ជ្រោយ​ចង្វាទៅ​លោត​ទឹក​ប៉ង​សម្លាប់​ខ្លួន​ ។

បន្ទាប់​ពី​សាក​សួរ​ និង​​​អប់​រំរួច​មក​​នៅ​ព្រឹក​នោះ​​​មេ​ការ​ហាង​នំ​ប៉័ង​​​បាន​ធានា​យកយុវ​ជន​ខូច​ចិត្ត​ត្រឡប់​​ទៅវិញ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]