ថ្ងៃបុណ្យណូអែល កាន់តែខិតជិតមកដល់ គេសង្កេតឃើញថា យុវវ័យខ្លះកំពុងរៀបចំកាដូរ និងយុវវ័យខ្លះបានរៀបចំរួចរាល់អស់ហើយ ចាំដល់ថ្ងៃនោះទើបជូនគ្នា។ គេសង្កេតឃើញផងដែរថា មានយុវវ័យមួយចំនួនហ៊ានចំណាយលុយច្រើនក្នុងការទិញកាដូ និងចំណាយលើការណាត់គ្នាដើរលេង។
“ដើរលេងចាក់តែសាំងម៉ូតូ មិនសូវមានចាយអីច្រើនទេ”។ នេះជាការលើកឡើងរបស់យុវជននៅ ភក្ដី និស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដែលកំពុងទិញកាដូរ នៅម្ដុំផ្សារអូរឫស្សី។ យុវជន ភក្ដី បានបន្តថា ខ្លួនទិញកាដូរឲ្យសង្សាររួចហើយអស់២៧ដុល្លារ។ ចំពោះគម្រោងដើរលេងថ្ងៃនោះវិញ ក៏ត្រៀមទុកហើយដែរគឺ ក្រោយប្រគល់កាដូរ គឺជិះទៅមុខវាំងនិងទៅលេងកោះពេជ្រ។
ស្រដៀងគ្នានេះ លោក សាំង សុធារ៉ា អាយុជាង២០ឆ្នាំ ជាមន្ត្រីអង្គការ UNDP ឲ្យដឹងថា កាដូរដែលលោកបានទិញចំណាយអស់១០ដុល្លារប៉ុណ្ណោះ ចំពោះនៅថ្ងៃនោះ លោកពុំមានគម្រោងដើរលេងទេ ព្រោះអ្នកដែលលោកទិញឲ្យគេនៅបាត់ដំបងទេ។ បុរសរូបនេះបន្តថា “បានអីដើរលេងបើគេនៅបាត់ដំបងហ្នឹង!”។
ដោយឡែក យុវជន ពៅ រដ្ឋា និស្សិតឆ្នាំទី២សកលវិទ្យាល័យឯកជនមួយ ដែលទិញកាដូរអស់ ១៥ដុល្លារ បាននិយាយទាំងភ័យអរថា “មិនដឹងអស់ប៉ុន្មានទេ មានប៉ុន្មានដាក់ប៉ុណ្ណឹងទៅ” ។ យុវជនម្នាក់នេះ បានសារភាពថា ខ្លួនពុំដែលមានសង្សារទេ ឆ្នាំនេះជាលើកទី១ហើយដែលខ្លួនបានទិញកាដូរជូនសង្សារ។ ដូច្នេះហើយ ទើបមិនហ៊ានសន្និដ្ឋានថា អស់លុយប៉ុន្មាននៅថ្ងៃនោះ។
ផ្ទុយពីយុវជនទាំងបី ខាងលើ កញ្ញា មិត្ត សោភ័ណ្ឌ បាននិយាយថា នៅថ្ងៃនោះចំណាយលុយចំពោះការធ្វើដំណើរនិងហូបចុកតិចតួចប៉ុណ្ណោះ។ កញ្ញា បន្តថា “ការពិតអាស្រ័យលើខ្លួនយើងទៅវិញទេ យើងអាចទិញវត្ថុថោកៗ មកតុបតែង និងកែច្នៃឲ្យមានអត្ថន័យតាមបុណ្យណូអែលទៅបានហើយ។ កញ្ញា បានរៀបរាប់ពីកាដូររបស់ខ្លួនថា “សម្រាប់ខ្ញុំ ចំណាយតែ ៥ដុល្លារ ធ្វើកាត POSTAL ចែកមិត្តភ័ក្ដិទៅក៏សប្បាយរីករាយដែរ”។
ចំណែកឯអ្នកលក់កាដូរបងស្រី ហេង សុលីន បានត្អូញត្អែរថា “ឆ្នាំនេះយុវជនដូចជា តថ្លៃស្វិតស្វាញដល់ហើយ មិនធូៗដូចឆ្នាំមុនៗទេ”។ បងស្រី យល់ឃើញថា ឆ្នាំនេះលក់ដាច់តិច ហើយដូចជាមិនសូវចំណេញបានច្រើនទេ។ សុលីន បន្តថា “ហាងឆេងអ្នកទិញភាគច្រើនទិញ ត្រឹមតម្លៃ១០ដុល្លារចុះក្រោម”។
អ្នកទទួលខ្ចប់កាដូរម្ដុំសាលាស៊ីសុវត្ថិ បានឲ្យដឹងដែរថា តម្លៃខ្ចប់អាស្រ័យតាមទំហំកាដូរ មានចាប់ពី១ដុល្លាររហូតដល់២០ដុល្លារក៏មានដែរ៕
ដក់ស្រង់ពីគេហទំព័រសប្បាយ
សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]