(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា និងក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ដែលជាក្រុមបរាជ័យថ្ងៃបើកឆាកពាន AFF Suzuki Cup 2016 នឹង​ត្រូវ​ជួប​គ្នា​នា​វេលា​ម៉ោង ៦៖៣០​នា​ទី​ល្ងាច​នេះ ដើម្បី​ប្រជែង​យក ៣ពិន្ទុដំបូងរៀងៗខ្លួន សម្រាប់បន្ដឱកាសឡើងទៅវគ្គពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ គ្រា​ដែល​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ក៏​ត្រូវ​ប៉ះ​ក្រុម​​ជម្រើស​ជាតិ​វៀត​ណាម ដើម្បីប្រជែងកៅអីកំពូលតារាងពូល B ថ្ងៃនេះផងដែរ។

សម្រាប់ជំនួបរវាងក្រុមគោព្រៃកម្ពុជា និងមីយ៉ាន់ម៉ា គឺជាការប្រកួតមួយដ៏សំខាន់ ដោយសារក្រុមទាំងពីរសុទ្ធតែត្រូវការ ឈ្នះជា​ចាំ​បាច់។ ជា​បណ្ដោះ​អាសន្ន​ក្រុម​ទាំង​ពីរ នៅ​សល់​២​ប្រកួត​ដូចគ្នា ប៉ុន្ដែបើសិនល្ងាចនេះ ក្រុមណាចាញ់ ក្រុមនោះនឹងអស់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​។ តែ​ក្រុម​ទទួល​បាន​ជ័យ​ជម្នះ ក៏​មិន​ទាន់​មាន​សង្ឃឹម​ច្រើន​ដែរ គឺ​ត្រូវ​ចាំ​អ៊ុត​ការ ប្រកួតចុងក្រោយជាមួយក្រុមវៀតណាម ឬម៉ាឡេស៊ីសិន។

សូមរំឮកថា ចាប់តាំងពីឆ្នាំ២០០៨ រហូតមកទល់នឹងបច្ចុប្បន្នកម្ពុជា និងមីយ៉ាន់ម៉ា មានប្រវត្ដិធ្លាប់ជួបគ្នា ៦លើកមកហើយ ក្នុង​នោះ​ជួប​គ្នា​៥​លើក​ក្រុម​មីយ៉ាន់​ម៉ា ទទួល​បាន​ជ័យ​ជម្នះ ហើយមានម្ដងគត់ ដែលក្រុមទាំងពីរបញ្ចប់ការប្រកួត ដោយ​លទ្ធ​ផល​ស្មើ​គ្នា ០-០ ពោល​​គឺ​នៅ​ក្នុង​ជំនួប​មិត្ត​ភាព​អន្ដរជាតិ​លើក​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ​នៅ លើទឹកដីប្រទេសថៃ។

គួរបញ្ជាក់ថា នៅក្នុងពូល B ជាបណ្ដោះអាសន្នពេលនេះ គឺក្រុមម៉ាឡេស៊ី ឈរកំពូលតារាង ខណៈក្រុមវៀតណាមឈរ លេខរៀងទី២ ប៉ុន្ដែ​មាន​៣ពិន្ទុ​ស្មើ​គ្នា​។ ចំណែក​ក្រុម​គោ​ព្រៃ​កម្ពុជា និងក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅមិនទាន់មានពិន្ទុ​រាប់​នោះ​ទេ បន្ទាប់​​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ម៉ាឡេស៊ី ៣-២ និង​វៀត​ណាម បាន​យក​ឈ្នះ​មីយ៉ាន់ម៉ា ២-១ កាល​ពី​ថ្ងៃ​បើក ឆាកចុងសប្ដាហ៍កន្លងទៅ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កម្ពុជាចាញ់ម៉ាឡេស៊ី ៣-២! ខ្សែប្រយុទ្ធខ្លាំងតែខ្សែការពារ នៅមានចំណុចច្រើនត្រូវកែលំអ។ កម្ពុជាចាញ់ម៉ាឡេស៊ី ៣-២ ក្នុងការប្រកួតដំបូងរបស់កម្ពុជា ក្នុងពូលនៃការប្រកួតពានរង្វាន់ AFF Suzuki Cup 2016 ដែលនៅក្នុងនោះ កីឡាកឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា រកបានពីរគ្រាប់សម្រាប់ក្រុមកម្ពុជា។

អ្នកគាំទ្រកម្ពុជាជាច្រើនបានបញ្ចេញមតិថា ខ្សែការពារកម្ពុជា នៅលេងមិនទាន់ល្អដែលបណ្ដាលឲ្យខ្សែប្រយុទ្ធម៉ាឡេស៊ី សម្រុកចូលងាយៗ។ មតិខ្លះក៏បានរិះគន់អាជ្ញាកណ្ដាល ដែលមិនពិន័យកីឡាករម៉ាឡេស៊ី ដែលបានលើកជើងចំមុខកីឡាករ ចាន់ វឌ្ឍនាកា ផងដែរ។

គួរបញ្ជាក់ថា កម្ពុជានឹងជួបក្រុមមីយ៉ាន់ម៉ា ដែលជាក្រុមម្ចាស់ផ្ទះនៅថ្ងៃពុធទី ២៣​ និង ក្រុមវៀតណាមនៅថ្ងៃសៅរ៍ទី ២៦៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]