អាមេរិក៖ មហាសេដ្ឋីលំដាប់ពិភពលោក លោក បៀល ហ្គេត (Bill Gates) បាននិងកំពុងអភិវឌ្ឍទឹកអប់មួយប្រភេទ ដែលអាចលុបបំបាត់ក្លិនស្អុយរបស់លាមក ដើម្បីជាជំនួយដល់ការបង្កើនអនាម័យសម្រាប់ប្រជាជនក្រីក្រ នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន មេត្រូ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។

មូនិធិ Bill & Melinda Gates បានសហការជាមួយអ្នកវិទ្យាសាស្រ្តផ្នែកក្លិន និងរសជាតិ របស់ក្រុមហ៊ុនទឹកអប់ Firmenich ដើម្បីបង្កើតទឹកអប់មួយប្រភេទ ដែលអាចចាប់យកក្លឹនស្អុយរបស់លាមកបាន ហើយជាមួយគ្នានោះពួកគេក៏បង្កើតថ្នាំបំបាត់ក្លិនផងដែរ។

លោក បៀល ហ្គេត បានពន្យល់ថា គំនិតនៃការបង្កើតនេះ “គឺដូចគ្នាទៅនឹងកាសកាត់បន្ថយសំឡេង ដែលប្រើនៅលើយន្តហោះដែរ”។ លោកបន្តថា “ខណៈពេលដែលកាស បង្កើតរលកសំឡេងផ្ទុយពីសំឡេងរំខាននៃម៉ាស៊ីនយន្តហោះ នោះវាបានរាំងខ្ទប់សំឡេងយន្តហោះចូលទៅក្នុងត្រចៀក ដែលធ្វើឲ្យយើងមិនអាចស្តាប់ឮសំឡេងយន្តហោះឡើយ។ ហើយទឹកអប់ថ្មីរបស់យើង នឹងដំណើរការដូចគ្នាដែរ ក្នុងលក្ខណៈជាក្លិន”។ 

តាមរយៈវីដេអូស្តីពីការបង្កើតថ្មីរបស់ លោក បៀល ហ្គេត បានឲ្យដឹងថា មានមនុស្សជាង២,៥លាននាក់ជាប្រចាំថ្ងៃ មិនប្រើប្រាស់បង្គន់អនាម័យទេ ហើយវាជះឥទ្ធិពលទៅដល់ក្មេងៗ ដែលនាំឲ្យមានជំងឺផ្សេងៗ។ ក្នុងនោះ ក្មេងៗប្រមាណ ៨០០,០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែកង្វះអនាម័យ។

លោក បៀល ហ្គេត បានថ្លែងតាមរយៈវីដេអូនោះដែរថា ការសាងសង់បង្គន់អនាម័យ មិនអាចបង្កើនអនាម័យបានទាំងស្រុងនោះទេ ដោយសារតែវាមានក្លិនមិនល្អ ហើយមនុស្សមួយចំនួនមិនទម្លាប់់ ដូច្នេះពួកគេទៅបន្ទោបង់នៅខាងក្រៅជំនួសវិញ។

ទឹកអប់ និងម្សៅបំបាត់ក្លិនថ្មីមួយនេះ អាចនឹងជួយជីវិតមនុស្សជាច្រើន ដោយសារតែគ្រឿងផ្សំនៅក្នុងនោះ ត្រូវបានបង្កើតឡើងដោយអាចរាំងខ្ទប់ក្លិនមិនល្អ ដែលធ្វើឲ្យខួរក្បាលរបស់មនុស្សមិនអាចចាប់យកក្លិនអាក្រក់បាន បើទោះជាស្ថិតនៅក្នុងទីតាំងដែលមានក្លិនបែបនោះក៏ដោយ។

វាក៏អាចជួយឲ្យមនុស្សគ្រប់គ្នាប្តូរទម្លាប់ពីការបន្ទោបង់ខាងក្រៅ មកប្រើប្រាស់បង្គន់អនាម័យបានផងដែរ នៅពេលដែលបង្គន់អនាម័យមិនមានក្លិនអាក្រក់តទៅទៀត៕ 

ប្រភព៖ Metro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]