ខេត្តបាត់ដំបង៖ កាលពីជាង១០ឆ្នាំមុន នរណាមិនស្គាល់ផលិតកម្មចម្រៀង លំដាប់ជួរមុខគេ រស្មីស្ទឹងសង្កែ (RSK) ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំងក្លា និងបណ្តុះតារាឲ្យមានកេរ្តិ៍ឈ្មោះល្បីមកទល់សព្វថ្ងៃរាប់ភ្លេច។

ប៉ុន្តែជាអកុសលក្នុងអំឡុងឆ្នាំ២០០៦ ដោយសារតែកាលនោះទីផ្សារស៊ីឌីកូពីបានវាយលុកយ៉ាងខ្លាំង ទើបធ្វើឲ្យម្ចាស់អាជីវកម្មផលិតស៊ីឌី Original មួយចំនួនសឹងតែមិនអាចទ្រាំទ្របាន ប៉ុន្តែនេះត្រឹមតែជាចំណែកមួយតែប៉ុណ្ណោះ។ប៉ុន្តែអ្វីដែលជាមូលហេតុធំបំផុត ដែលធ្វើឲ្យផលិតកម្មលំដាប់ជួរមុខគេ រស្មីស្ទឹងសង្កែ (RSK) ដើរទៅមុខលែងរួចនោះ គឺដោយសារតែ តារាមួយចំនួនធំដែលបានចុះកិច្ចសន្យាជាមួយផលិតកម្មហើយ ក្រោយពីផលិតកម្មជួយជ្រោមជ្រែងឲ្យពួកគេបានល្បី គឺពួកគេតែងតែរត់ចោលផលិតកម្ម ហើយរត់រកទ្រនំថ្មីតែម្តង ទាំងដែលនៅជាប់កិច្ចសន្យាជាមួយផលិតកម្មនៅឡើយ។ ម៉្យាងវិញទៀត ដោយសារតែ លោកជំទាវ សួរ វន្នី ដែលជាម្ចាស់ផលិតកម្ម RSK មិនចង់មានបញ្ហាច្រើន ទើបមិនបានប្តឹងផ្តល់អ្វី ម៉្លោះហើយចាប់ពីពេលនោះមក ដើមទុនផលិតចម្រៀងរបស់ផលិតកម្ម ក៏ចាប់ផ្តើម អន់ថយទៅៗ រហូតដល់ក្ស័យធនខាតអស់ជាង ៥០ម៉ឺនដុល្លារឯណោះ។

ប៉ុន្តែមិនថាយ៉ាងណា ក្រោយពីស្ងាត់បាត់ឈឹងអស់រយៈពេលជាច្រើនឆ្នាំ ថ្មីនេះ លោកជំទាវ សួរ វន្នី ម្ចាស់ផលិតកម្មRSK ក៏បានប្រារព្ធពិធីខួបកំណើតរបស់ខ្លួននៅឯខេត្តបាត់ដំបង។ ដោយក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យលោកស្រី ក្កុកក្តួលក្នុងចិត្តខ្លាំងបំផុត រហូតដល់ស្រក់ទឹកភ្នែកនោះ គឺលោកស្រីឃើញមានវត្តមានតារាល្បីៗ និងកូនចៅចាស់ៗ ដែលធ្លាប់នៅក្រោមទ្រនំជាមួយអ្នកស្រី ដូចជា កញ្ញា សុគន្ធ នីសា លោក សាន ផានិត លោក ឈឿន ឧត្តម កញ្ញា នី មុន្នីនាថ និង លោក អេនឌីជាដើម ដោយពួកគេមិនបានភ្លេចលោកស្រី ហើយថែមទាំងនាំគ្នា ស្កាត់មកចូលរួមក្នុងពិធីខួបកំណើតរបស់លោកស្រី ថែមទៀតផង។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះ គឺមិនឃើញវត្តមាន កំពូលតារាល្បីប្រចាំប្រទេសកម្ពុជា មួយចំនួនផ្សេងទៀត មកចូលរួមនោះទេ ដោយការពិតទៅ ពួកគេក៏ចេញដំបូងពីទ្រនំ រស្មីស្ទឹងសង្កែ ផងដែរ ដែលនេះជារឿងដ៏គួរឲ្យសោកស្តាយមួយ។

ប៉ុន្តែទោះបីជាយ៉ាងណា លោកស្រីពិតជាសប្បាយចិត្តនិងរំភើបខ្លាំងមែនទែន ដែលគ្រប់គ្នាមិនភ្លេចគុណបុណ្យរបស់លោកស្រី និងបានមកចូលរួមក្នុងកម្មវិធីរបស់លោកស្រី ដែលជាពិសេសនោះគឺកញ្ញា សុគន្ធ និសា តែម្តង បើទោះបីជាសព្វថ្ងៃ កញ្ញា មានកេរ្តិ៍ឈ្មោះខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏កញ្ញាមិនភ្លេចពីផលិតកម្មទ្រនំដើមនោះដែរ ហើយថែមទាំងឡើងច្រៀង នៅក្នុងពិធីខួបកំណើតរបស់លោកស្រីទៀតផង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត