ចិន៖ ក្មេងៗរស់នៅក្នុងភូមិដាច់ស្រយ៉ាល លើច្រាំងថ្មភ្នំដ៏ខ្ពស់ ដែលប្រឈមមុខនឹងការឡើងចុះ កាត់តាមជ្រលងដងភ្នំដ៏សែនគ្រោះថ្នាក់ ដើម្បីធ្វើដំណើរទៅកាន់សាលារៀន របស់ពួកនោះជាប្រចាំនោះ ទីបំផុតទទួលបានជណ្តើរដែកថែបថ្មី ដែលផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់ពួកគេ បន្ទាប់ពីសាងសង់រួចរាល់ជាស្ថានពរ និងថែមទាំងត្រូវបានគេប្រសិទ្ធនាមឈ្មោះឲ្យថាជា «ជណ្តើរឡើងទៅកាន់ឋានសួគ៌» ថែមទៀតផង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន CCTV បានចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី២១ វិច្ឆិកា ២០១៦។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលដែលការដំឡើងជណ្តើរថ្មី ដែលទើបតែត្រូវបានបញ្ចប់ កាលពីដើមខែវិច្ឆិកានេះ អ្នកស្រុកនៅទីនោះអាចប្រើប្រាស់បានតែជណ្តើរធ្វើពីផ្តៅចំនួន ១៧ខ្សែ ដែលព្យួរជាប់នៅលើច្រាំងថ្មចោទនោះតែប៉ុណ្ណោះ។ ជាក់ស្តែងពេលនេះអ្វីៗបានចប់សព្វគ្រប់ ពោលអ្នកស្រុកអាចប្រើជណ្តើរដែកថ្មីនេះ ជំនួសវិញផងដែរ។

គួររំលឹកថា ភូមិដាច់ស្រយ៉ាល ដែលមានទីតាំងក្នុងតំបន់ស្វយ័ត Liangshan Yi ភាគនិរតីនៃខេត្តស៊ីឈួន ប្រទេសចិននេះ ត្រូវបានគេស្គាល់ថាជាភូមិចំណោតថ្មភ្នំ «Cliff Village» ដែលមានកម្ពស់ រហូតដល់ទៅ៨០០ម៉ែត្រ។

កុមារដែលទៅរៀននៅសាលាបឋមសិក្សា ក្នុងតំបន់នោះ អាចត្រឡប់មកផ្ទះរបស់ពួកគេវិញ បានតែ៣ដងប៉ុណ្ណោះ ពោលគឺក្នុងអំឡុងនៃវិស្សមកាលរបស់សាលា ដោយមានឪពុកម្តាយជាអ្នកចាំទទួល និងមើលការពារពួកគេ ពេលត្រឡប់មកឡើងទៅលើភូមិវិញផងដែរ។

ប្រភពដដែលបានឲ្យដឹងទៀតថា កុមារចំនួន២០នាក់ បានដើរតោងជណ្តើរដែកថ្មីនេះ ជាលើកដំបូងរបស់ពួកគេ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដើម្បីត្រឡប់ទៅផ្ទះរបស់ពួកគេវិញ នៅលើកកំពូលភ្នំ ដោយសារតែវិស្សមកាលរបស់សាលា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី Yi Ethnic ។

កូនសិស្សអាយុ ១១ឆ្នាំម្នាក់ និយាយថា ជណ្តើរថ្មីនេះគឺបានធ្វើឡើង ដោយមានបំពាក់នូវ បង្កាន់ដៃកាន់យ៉ាងត្រឹមត្រូវបំផុត ដែលធ្វើរូបគេមានអារម្មណ៍ថា វាពិតជាមានសុវត្ថិភាព និងងាយស្រួលខ្លាំងជាងមុន ដោយមិនបារម្ភពីការធ្លាក់ចុះនោះទេ។ ខណៈកូនសិស្សជាច្រើននាក់ផ្សេងទៀត ក៏បាននិយាយដែរថា ឥលូវនេះផ្លូវទៅកាន់ផ្ទះរបស់ពួកគេ គឺពិតជាស្រស់ស្អាតខ្លាំងណាស់។

លោក Long Deshun ទទួលបន្ទុកខាងតំឡើង ជណ្តើរដែកថ្មីនេះ បានឲ្យដឹងដែរថា វាជួយសម្រួលដល់កុមារៗ ក៏ដូចជាអ្នកស្រុកជាច្រើនទៀត ដោយកាត់បន្ថយរយៈពេលឡើងចុះ រហូតដល់ទៅ១ម៉ោងឯណោះ។

មន្រ្តីក្នុងតំបន់ក៏បានឲ្យដឹងផងដែរថា កន្លងមកក៏ធ្លាប់ទទួលរឿង អកុសលពីមុនមកផងដែរ ដោយមានមនុស្សប្រមាណជា ៧ទៅ៨នាក់ ធ្លាប់ធ្លាក់ស្លាប់ និងមានមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួសដោយសារតែ ផ្លូវដ៏សែនគ្រោះថ្នាក់នេះ។

គួរឲ្យដឹងថា ជណ្តើរដែកថែបនេះ បានចាប់ផ្តើមតំឡើង ក្នុងអំឡុងខែសីហាមកម្ល៉េះ ដោយប្រើប្រាស់ដែកសរុបអស់ប្រមាណជាង ៤០តោនឯណោះ។ ក្នុងនោះថ្នាំលាបការពារច្រេះ ត្រូវបានបាញ់លាបទៅលើជណ្តើរដែកនេះ ដែលវាអាចមានសមត្ថភាព ការពាររហូតដល់ទៅ ១០ទៅ២០ឆ្នាំតទៅមុខផងដែរ។

លើសពីនេះទៅទៀតនោះ ផ្លូវដើរកាត់តាមជ្រលងភ្នំនេះ តរហូតទៅដល់ភូមិអ្នកស្រុក ក៏នឹងមានគម្រោងសាងសង់ឡើងនៅឆ្នាំក្រោយនេះ ដោយចំណាយទឹកប្រាក់ក្នុងការវិនិយោគ អស់ប្រមាណជាង ៣៥លានយ័ន (ប្រហែលជា៥លានដុល្លារអាមេរិក) ដើម្បីជាភាពងាយស្រួល ដល់ក្មេងៗនិងអ្នកស្រុកផងដែរ ៕   

ប្រភព៖ CCTV

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]