(ភ្នំពេញ)៖ នៅយប់ជ្រៅចូលថ្ងៃទី១៩​ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីកែតម្រូវជាបន្ទាន់មួយ ដោយបានប្រកាសថា សូមប្រកាសកែតម្រូវលើ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង «ស្តីពីជំងឺហ្ស៊ីកាដំបូងនៅ ព្រះរាជាណាចក្រកម្ពុជា» ដោយក្រសួងសូមជម្រាបជូន ប្រជាជនកម្ពុជា ទាំងអស់ឲ្យបានជ្រាបថា ក្រោយពីបានត្រួតពិនិត្យដោយហ្មត់ចត់ លើលទ្ធផលមន្ទីរពិសោធន៍ ដែលបានជូនព័ត៌មានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាលើកទី១ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ រហូតដល់ម៉ោងប្រមាណ៧ល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លើករណីបុរសម្នាក់អាយុ៤៤ឆ្នាំ នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាមនោះ ដោយលទ្ធផលចុងក្រោយគឺ អវិជ្ជមានវិរុសហ្សីកា។

ក្រសួងសុខាភិបាល សូមប្រកាសកែតម្រូវឡើងវិញនិងជាបន្ទាន់ថា ពុំមានករណីជំងឺហ្ស៊ីកា ត្រូវបានរកឃើញមាននៅក្នុង ព្រះរាជាណាចក្រកម្ពុជានេះទេ។

ព័ត៌មានលម្អិតសូមអានសេចក្តីកែតម្រូវរបស់ក្រសួងសុខាភិបាល៖

ប្រភព៖ Fresh News

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា កាលពីដើមខែតុលា មុននេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក៏បានលុបចោលព័ត៌មានថា «កម្ពុជាមានជំងឺ Zika» ចេញពី Facebook ផ្លូវការរបស់ខ្លួន បន្ទាប់ពីមានប្រតិកម្មធ្ងន់ៗពីក្រសួងសុខាភិបាលកម្ពុជា។

កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦នេះ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ បានលុបចោលនូវសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា «ជំងឺ Zika កំពុងកើតមាននៅតាមតំបន់ខ្លះ នៃប្រទេសកម្ពុជា» ចេញពី Facebook ផ្លូវការរបស់ខ្លួន បន្ទាប់ពីមានប្រតិកម្មធ្ងន់ៗពីលោក​ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់កម្ពុជា។

លោក ម៉ម​ ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានប្រកាសបដិសេធចោលទាំងស្រុង ជុំវិញព័ត៌មានរបស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ដែលបានផ្សាយថា កម្ពុជាកំពុងមានជំងឺ «Zika» ខណៈដែលក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ បាននឹងកំពុងយកចិត្តទុកដាក់ជាទីបំផុត។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ប្រាប់ អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ ​យ៉ាងដូច្នេះថា «ខ្ញុំសូមបដិសេធចោលទាំងស្រុង​ ​ហើយកម្ពុជាគ្មានជំងឺ Zika ដូចការចោទប្រកាន់របស់ស្ថានទូតអាមេរិកនោះទេ ​ចាប់តាំងពីឆ្នាំ២០១០មក ប្រទេសកម្ពុជាពុំទាន់រកឃើញករណី​​ Zika​ ទេ។ បច្ចុប្បន្ននេះបញ្ហាជំងឺ Zika ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ បាននឹងកំពុងយកចិត្តទុកដាក់ជាទីបំផុត និងតម្លាភាព ហើយពេលនេះ កម្ពុជាបានសហការគ្នាជាមួយ អង្គការសុខភាពពិភពលោក និងវិទ្យាស្ថានជាតិប៉ាស្ទ័រ ដើម្បីទប់ស្កាត់ជំងឺនេះមិនឲ្យចូលកម្ពុជា»។

សូមជំរាបថា ការប្រកាសបដិសេធរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកទទួលព័ត៌មានថា ស្ថានទូតអាមេរិក នៅទីក្រុងភ្នំពេញ បានចេញផ្សាយព័ត៌មានស្តីពីជំងឺ Zika នៅកម្ពុជា, ដោយបានលើកឡើងថា «ជំងឺ Zika កំពុងកើតមាននៅតាមតំបន់ខ្លះ នៃប្រទេសកម្ពុជា ហើយគេមិនដឹងថា អ្នកធ្វើដំណើរប្រឈមនឹងជំងឺនេះប៉ុនណាទេ។ ដូច្នេះនារីដែលមានផ្ទៃពោះ ឬគ្រោងនឹងមានផ្ទៃពោះ គួរតែពិភាក្សាពីគំរោងធ្វើដំណើរ ជាមួយវេជ្ជបណ្ឌិត ហើយគួរពិចារណាផ្អាកការធ្វើដំណើរណាដែលមិនចាំបាច់មកប្រទេសកម្ពុជា»។

នៅពេលនេះសេចក្តីប្រកាសព័ត៌មាននេះ ត្រូវបានខាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដកចេញវិញហើយ ពីលើ Facebook ផ្លូវការរបស់ខ្លួន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]