ភ្នំពេញ៖ ក្រុមហ៊ុនសាណូហ្វី ដែលមានជំនាញផ្នែកថែទាំសុខភាពកម្រិតសកលបានចូលរួមបង្កើនការយល់ដឹងទាក់ទង នឹងបញ្ហាសុខភាពក្នុងទិវាជំងឺទឹកនោមផ្អែមពិភពលោក។ អស់រយៈពេលជាង២០ឆ្នាំកន្លងមកនេះរៀងរាល់ខែវិច្ឆិកា គឺជាពេលវេលាដែលពិភពលោក បានប្រារព្ធទិវាជំងឺទឹកនោមផ្អែម ដើម្បីបង្កើនការយល់ដឹងអំពីជំងឺទឹកនោមផ្អែមដែលប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាពមនុស្សនៅទូទាំងពិភពលោក។

នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា អ្នកស្រី ដាវ ធូង៉ា (Ms. Dao Thu Nga) បានបញ្ជាក់ថា៖ “សម្រាប់ឆ្នាំ២០១៦នេះ ក្រុមហ៊ុន សាណូហ្វី បានចូលរួមប្រារព្ធទិវាជំងឺទឹកនោមផ្អែមពិភពលោកក្រោមប្រធានបទ “ពិនិត្យភ្នែកលើអ្នកជំងឺទឹកនោមផ្អែម” (Eyes on Diabetes) ដែលផ្តោតលើចំណុចពីរសំខាន់គឺ៖ ទី១គឺការពិនិត្យសុខភាពជាប្រចាំដើម្បីស្វែងរកជំងឺទឹកនោមផ្អែមប្រភេទទី២ និងចំណុចទី២គឺការពិនិត្យលើផលវិបាកនៃជំងឺនេះ។ គោលដៅគឺដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមចំណែកកាត់បន្ថយការកើនឡើងនៃ ជំងឺទឹកនោមផ្អែមនៅប្រទេសកម្ពុជា។”

បើយោងតាមអង្គការសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ (International Diabetes Federation) បានឲ្យដឹងថាជំងឺទឹកនោមផ្អែម ជាបញ្ហាដ៏ធ្ងន់ធ្ងរដែលយើងត្រូវដោះស្រាយ។នៅទូទាំងសកលលោកក្នុងឆ្នាំ ២០១៥ មានប្រជាជនជាង ៤០០លាននាក់ត្រូវបានប៉ាន់ស្មានថា មានជំងឺទឹកនោមផ្អែមទូទាំងពិភលោក។ ក្នុងឆ្នាំ២០១៥កន្លងទៅមានមនុស្សជាង ៥លាននាក់បានស្លាប់ ហើយជារៀងរាល់ ៦វិនាទីម្តងមានមនុស្សម្នាក់នៅទូទាំងពិភពលោកបានបាត់បង់ជីវិត ដោយសារជំងឺទឹកនោមផ្អែមនេះ។

នៅប្រទេសកម្ពុជាវិញ យោងតាមការស្ទង់មតិSTEPS ដែលធ្វើឡើងដោយក្រសួងសុខាភិបាលនៅឆ្នាំ ២០១០បានបង្ហាញថា អត្រាប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែមគឺ ២,៣% នៅក្នុងតំបន់ជនបទ និង៥,៦% នៅទីក្រុង (ប្រជាជន ដែលចូលរួមក្នុងការសិក្សាមានអាយុចាប់ពី២៥ទៅ៦៤ឆ្នាំ)។ អត្រានៃជំងឺនេះ កំពុងកើនឡើងជារៀងរាល់ឆ្នាំគួរឲ្យកត់សម្គាល់ និងព្រួយបារម្ភ។

លើសពីនេះយោងតាមការស្ទង់មតិ ដដែលបង្ហាញថា៖ ៥០,៣% នៃអ្នកជំងឺទឹកនោមផ្អែមដែលត្រូវបានធ្វើរោគវិនិច្ឆ័យ ហើយមានតែ ២៣,៩% ប៉ុណ្ណោះនៃអ្នកជំងឺទឹកនោមផ្អែមតែប៉ុណ្ណោះ ដែលទទួលបានការគ្រប់គ្រងព្យាបាលជំងឺ ដោយជោគជ័យទៅតាមគោលដៅរបស់គ្រូពេទ្យ។

លោកវេជ្ជបណ្ឌិត ទូច ឃុន ឯកទេសជំងឺទឹកនោមផ្អែមនៅ មជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈបញ្ជាក់ផងដែរថា“ជំងឺទឹកនោមផ្អែមគឺជាឃាតករលាក់មុខ និងសម្លាប់មនុស្សយ៉ាងស្ងៀមស្ងាត់ផងដែរ ដូចេ្នះហើយប្រជាជនកម្ពុជាគ្រប់រូបគួរតែ ពិនិត្យសុខភាពឲ្យបានយ៉ាងតិច ១ទៅ២ដងក្នុងមួយឆ្នាំដើម្បីតាមដានកម្រិត ជាតិស្ករនៅក្នុងឈាម។”

លោក វេជ្ជបណ្ឌិតបន្តថារហូតដល់ ៧០% នៃករណីជំងឺទឹកនោមផ្អែមប្រភេទទី២អាចទប់ស្កាត់ បានដោយធ្វើការផ្លាស់ប្តូររបៀប របបរស់នៅប្រកបដោយសុខភាពរួមមាន៖ របបអាហារ ដែលមានសុភាពល្អការធ្វើលំហាត់ប្រាណ មិនប្រើប្រាស់ថ្នាំជក់ និងស្ថិតនៅក្នុងទម្ងន់ធម្មតា។ការលើសទម្ងន់ និងធាត់គឺមានរហូតដល់៨០ភាគរយនៃករណីថ្មីរបស់ ជំងឺទឹកនោមផ្អែមប្រភេទទី២។

របបអាហារដែលមានសុខភាពល្អជាជម្រើស ដ៏ងាយស្រួលជាងគេ ក្នុងការទប់ស្កាត់ជំងឺទឹកនោមផ្អែមម្យ៉ាងទៀត របបអាហារល្អចាប់ផ្តើមពី ការទទួលទានអាហារពេលព្រឹក។ជាក់ស្តែងការទទួលទានអាហារពេលព្រឹក ដែលល្អសម្រាប់សុខភាពបានជួយកាត់បន្ថយអត្រាវិវឌ្ឍន៍ទៅ កជំងឺទឹកនោមផ្អែមប្រភេទទី២។ អាហារដែលមានសុខភាពល្អទាំងនោះរួមមាន៖ បន្លែប្រភេទស្លឹកផ្លែឈើ ស្រស់គ្រាប់ធញ្ញជាតិសាច់គ្មានខ្លាញ់ត្រីគ្រាប់សណ្តែកដី ដែលអាចជួយអ្នកពី ការវិវត្តិន៍ទៅរកជំងឺទឹកនោមផ្អែមប្រភេទទី២ និងជៀសវាងផលវិបាកផ្សេងៗ ចំពោះអ្នកជំងឺទឹកនោមផ្អែម។

ការធ្វើលំហាត់ប្រាណអាចកាត់បន្ថយហានិភ័យនៃ ជំងឺរ៉ាំរ៉ៃផ្សេងៗពិសេសគឺជំងឺបេះដូង ជួយឲ្យឆ្អឹងរឹងមាំ ជួយសម្រួលដល់សាច់ដុំ និងជួយសម្រកទម្ងន់របស់អ្នក។ ការធ្វើលំហាត់ប្រាណគឺព្យាយាមហាត់ឲ្យបាន ៣០នាទីក្នុង១ថ្ងៃ ១៥០នាទីក្នុង១សប្តាហ៍៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]