បរទេស៖ ព័ត៌មានជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់មនុស្សរាល់គ្នាអាចតាមដានព្រឹត្តការណ៍ ហេតុការណ៍ និងដំណឹងផ្សេងៗ ដែលបាននិងកំពុងកើតឡើងនៅជុំវិញពិភពលោក។ ហេតុនេះ ប្រព័ន្ធផ្សព្វផ្សាយ (ទូរទស្សន៍ វិទ្យុ សារព័ត៌មានអេឡិចត្រូនិច -ល-) ដើរតួនាទីយ៉ាងសំខាន់ ដូចជាភ្នែកជាត្រចៀករបស់មហាជន និងធ្វើយ៉ាងណាឲ្យព័ត៌មានបានទៅដល់មនុស្សឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

សព្វថ្ងៃជាសម័យបច្ចេកវិទ្យា ការទទួលបានព័ត៌មានក៏កាន់តែទំនើប ងាយស្រួល និងឆាប់រហ័ស ដោយអ្នកអានភាគច្រើនចូលចិត្តតាមដានតាមរយៈទូរសព្ទស្មាតហ្វូន ហើយមួយចំនួនធំឆែកមើលនៅលើបណ្តាញសង្គមតែម្តង ដូចជាហ្វេសប៊ុកជាដើម ដែលកំពុងទទួលបានការនិយមប្រើប្រាស់យ៉ាងពេញទំហឹង។

ស្របពេលនៃភាពងាយស្រួលក្នុងការទទួលបានព័ត៌មាននេះផងដែរ អ្នកអានក៏ងាយនឹង ទទួលរងឥទ្ធិពលផ្លាស់ប្តូរការគិត និងការយល់ឃើញ ដោយសារតែព័ត៌មានត្រូវបានផ្សព្វផ្សាយ និងចែករំលែកយ៉ាងឆាប់រហ័ស បើសិនណាជាអ្នកអានខ្វះការត្រិះរិះពិចារណាឲ្យបានល្អិតល្អន់ និងចេះតែជឿលើរាល់ព័ត៌មានដែលខ្លួនបានឃើញ ឬបានអាន នៅលើប្រព័ន្ធអ៊ីនធឺណែត និងនៅលើបណ្តាញសង្គមជាដើមនោះ។

ចុះហេតុអ្វីទើបបានជាមានព័ត៌មានមិនពិតត្រូវបានបង្ហោះផ្សព្វផ្សាយ និងចែករំលែក? មុនឆ្លើយសំនួរនេះ យើងគួរតែស្វែងយល់ពីប្រភេទព័ត៌មានមិនពិតសិន ដែលគេឲ្យឈ្មោះជាភាសាអង់គ្លេសថា News satire ឬ Fake news ដែលជាប្រភេទព័ត៌មានក្នុងទម្រង់ស្រដៀងនឹងអត្ថបទព័ត៌មានរបស់អ្នកកាសែតអាជីពដែរ តែត្រូវបានបន្ថែមបន្ថយលើខ្លឹមសារដើម ធ្វើយ៉ាងណាឲ្យងាយទាក់ទាញចំណាប់អារម្មណ៍នៅលើអ៊ីនធឺណែត។ ក្នុងនោះគេចែកព័ត៌មានមិនពិតជា ២ទម្រង់។ ទី១ មានលក្ខណៈជាការពន្យល់អត្ថាធិប្បាយ និងការផ្តល់មតិយោបល់ក្នុងន័យកំប្លុកកំប្លែង ទៅលើព្រឹត្តិការណ៍ជាក់ស្តែងនៅក្នុងព័ត៌មាន។ ទី២ ជាការបង្កើតសាច់រឿងទាំងស្រុងទៅតាមការស្រមើស្រមៃរបស់អ្នកសរសេរចូលទៅក្នុងព័ត៌មានតែម្តង។

ងាកមកយល់ដឹងអំពីប្រភេទសារព័ត៌មានមួយប្រភេទទៀត គឺខុសគ្នាពីក្រុមព័ត៌មានមិនពិត ហើយគេឲ្យឈ្មោះថា Mainstream Media ឬមានន័យថាប្រព័ន្ធផ្សព្វផ្សាយទ្រង់ទ្រាយធំ ដែលល្បីឈ្មោះមានអ្នកស្គាល់ច្រើន និងមានឥទ្ធិពលទៅលើមហាជនក្នុងចំនួនច្រើន។ ពាក្យ Mainstream Media ត្រូវបានប្រើសំដៅទៅលើដូចជា កាសែត វិទ្យុ ទូរទស្សន៍ (Broadcast Media) ជាដើម។ លុះមកដល់បច្ចុប្បន្នគេឃើញមានប្រព័ន្ធផ្សព្វផ្សាយឌីជីថលផងដែរ ដូចជាសារព័ត៌មានអេឡិចត្រូនិចតាមអ៊ីនធឺណែតជាដើម ឬគេហៅថា Digital Media (បញ្ជូនទិន្នន័យតាមប្រ័ពន្ធកុំព្យូទ័រ)។ ពួក Mainstream Media ជោគជ័យធំៗមានធនធានគ្រប់គ្រាន់ ក្នុងការផលិតសេចក្តីរាយការណ៍ និងស្វែងរកប្រភពព័ត៌មានផ្សេងៗដោយខ្លួនឯង ដើម្បីបង្កើតព័ត៌មានផ្ទាល់ខ្លួនតែម្តង ខណៈដែលអង្គភាពព័ត៌មានតូចៗ ឬប្រព័ន្ធផ្សព្វផ្សាយបន្តដែលមិនអាចមានធនធានគ្រប់គ្រាន់ បានត្រឹមប្រើប្រាស់ប្រភពពីអង្គភាពព័ត៌មានដែលធំនោះ យកមករាយការណ៍បន្ត ជាហេតុធ្វើឲ្យលំហូរព័ត៌មានត្រូវបានផ្សព្វផ្សាយទូលំទូលាយ ដល់មហាជនក្នុងចំនួនច្រើន។

យ៉ាងណាមិញអ្នកអានមួយចំនួនក៏មានការភាន់ច្រឡំរវាងព័ត៌មានមិនពិត (Fake news) ជាមួយព័ត៌មានលម្អៀង (Media Bias ពេលខ្លះកើតមាននៅក្នុង Mainstream Media)។ ជាក់ស្តែងជាឧទាហរណ៍មួយស្រាប់ កាលពីពេលថ្មីៗនេះ ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីរួច អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានទំលាក់កំហុសមួយផ្នែកមកលើក្រុមហ៊ុនហ្វេសប៊ុក ថាមិនបានចាត់វិធានការគ្រប់គ្រង លើពួកផ្សព្វផ្សាយព័ត៌មានមិនពិត (Fake news) ឲ្យបានដិតដល់ ទើបជាហេតុធ្វើឲ្យលោក ដូណាល់ ត្រាំ ទទួលបានជ័យជំនះដូចនេះ។

គួរឲ្យដឹងថា នៅបរទេសក៏សំបូរអ្នកបង្កើតព័ត៌មានមិនពិតជាច្រើនដែរ ក្នុងគោលបំណងផ្សេងៗពីគ្នា រួមមានទាំងការកម្សាន្ត រកលុយពីការផ្សាយពាណិជ្ជកម្ម និងនយោបាយជាដើម -ល- ដោយក្នុងនោះអត្ថបទខ្លះមានលក្ខណៈបន្ថែមបន្ថយសាច់រឿង ឲ្យមានភាពគួរឲ្យចាប់អារម្មណ៍ខ្លាំង ដែលអាចទាក់ចិត្តអ្នកប្រើប្រាស់បណ្តាញសង្គមឲ្យចុចចែករំលែកយ៉ាងឆាប់រហ័ស និងជឿទៅលើរឿងហេតុដែលពួកគេបានប្រទះឃើញលើបណ្តាញសង្គម។

ដោយឡែកងាកមកស្តាប់ប្រធានផ្នែកយកព័ត៌មានប្រចាំ Southend News Network ម្នាក់ ថ្លែងប្រាប់ដល់អង្គភាពព័ត៌មាន Newsbeat និងចុះផ្សាយការស្រង់សម្តីនៅលើវេបសាយ BBC ឲ្យដឹងអំពីមតិយល់ឃើញរបស់ខ្លួនផងដែរ ក្រោយមានចំណាត់ការលើបញ្ហាព័ត៌មានមិនពិតពីសំណាក់ Facebook កាលពីពេលថ្មីៗកន្លងទៅនេះ។

ប្រធានផ្នែកយកព័ត៌មានដែលសុំមិនបញ្ចេញឈ្មោះខាងលើ បានទម្លាយប្រាប់ឲ្យដឹងថា «អ្នកអានពិតជាចូលចិត្តស្ទាយព័ត៌មានបែបនេះណាស់។ ពួកគេអានតែចំណងជើងប៉ុណ្ណោះ និងចុចចែករំលែកតែម្តង ដោយមិនបានអានខ្លឹមសារនៅក្នុងអត្ថបទនោះទេ។ ពួកយើងរៀបចំ Southend News Network ឲ្យមានភាពកំប្លុកកំប្លែងខ្លះដែរ បន្ថែមពីលើរឿងហេតុដែលបានកើតឡើង។ ពេលខ្លះយើងបង្កើតសាច់រឿងឡើងតែម្តងឲ្យតែជាប្រធានបទក្តៅ ដែលមនុស្សកំពុងតែតាមដានខ្លាំង។ វាអាចទទួលបានការចុចមើល ២លានដងក្នុងមួយខែឯណោះ ដោយក្នុងនោះពាក់កណ្តាលនៃចំនួនមនុស្សសរុបជឿលើអ្វីដែលបានផ្សាយ ខណៈពាក់កណ្តាលទៀត មិនបានជឿទេ តែពួកគេមានអារម្មណ៍បែបជាការកម្សាន្តនូវអ្វីដែលពួកគេបានអានប៉ុណ្ណោះ»។

ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានមិនពិតបែបនេះច្រើនតែចេញមកពីវេបសាយព័ត៌មាន ប្រភេទ News satire ដែលមិនសូវមានមនុស្សស្គាល់តែប៉ុណ្ណោះ តែពួកគេផលិតព័ត៌មានមិនពិតឡើង ដើម្បីឲ្យតែបានការចុច Share ច្រើនលើបណ្តាញសង្គមតែប៉ុណ្ណោះ ព្រោះថាពួកគេដឹងថាអ្នកអានឆាប់ភ្ញាក់ផ្អើល។ ខណៈដែលប្រភេទសារព័ត៌មានមួយបែបទៀត ដែលយើងបានលើកឡើងខាងដើមដែលហៅថា Mainstream Media (MSM) ជាពាក្យសំដៅទៅកាន់បណ្តាក្រុមប្រព័ន្ធផ្សព្វផ្សាយធំៗដែលគេស្គាល់ច្រើន និងមានឥទ្ធិពលផ្សព្វផ្សាយបន្តទៅដល់មហាជនក្នុងចំនួនច្រើន គ្រាន់តែពេលខ្លះព័ត៌មានមានភាពលម្អៀង ឬអព្យាក្រិត វាអាស្រ័យទៅលើអង្គភាពព័ត៌មានធំៗដែលបង្កើតព័ត៌មាននោះប៉ុណ្ណោះ ចំណែកអង្គភាពព័ត៌មានតូចៗ បានត្រឹមតែជាអ្នកផ្សព្វផ្សាយបន្ត ឲ្យមហាជនបានដឹងក្នុងចំនួនច្រើនតាមដែលអាចធ្វើទៅបានប៉ុណ្ណោះ៕ 

ប្រភព៖ Wikipedia (1), (2), BBCFacebook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]